ភ្នំពេញ៖សួង សាខារ៉ានីត បានប្រាប់«នគរធំ» តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៦ តុលា ថាចំណងស្នេហានាងជាមួយប្ដីកាត់ចិនបានដើរដល់ផ្លូវបំបែកទៅហើយ ខណៈពេលនេះកូនប្រុសនាងមានអាយុជិត២ឆ្នាំ ។ប៉ុន្ដែទាក់ទងរឿងមូលហេតុនៃការប្រេះឆាស្នេហាកណ្ដាលផ្លូវនេះសាខារ៉ានីត បែជាមិនព្រមនិយាយឲ្យបានច្បាស់លាស់ទៅវិញ។
អតីតតារាស៊ិចស៊ីតរូបនេះវាចាថា«ខ្ញុំបែកគ្នា(ប្ដី)យូដែរហើយតើបង។ឥឡូវកូនប្រុសខ្ញុំខ្វះ១០ថ្ងៃទៀតអាយុ២ឆ្នាំហើយ។ »។
សួង សាខារ៉ានីត បានសម្រាលកូនប្រុសកាលពីចុងឆ្នាំ២០២២ ហើយអតីតប្ដីនាងមានវ័យជាង៥០ឆ្នាំ ជាអ្នករកស៊ីជួញដូរផ្នែកគ្រឿងឡាន ប៉ុន្ដែនាងមិនដែលបណ្ដើរប្ដីជាចំហ ចូលរួមកម្មវិធីអ្នកសិល្បៈណាទេ ហើយឥឡូវស្ងាត់ៗស្រាប់តែប្រកាសថាបែកប្ដីទាំងមិនទាន់បានដឹកដៃគ្នាចូលរោងការបែបនេះទៅវិញ ។តែអ្នកមេម៉ាយកូន១រូបនេះហាក់មិនទាន់ចង់គិតពីស្នេហាថ្មីភ្លាមៗទេ នឹងថាកំពុងតែត្រៀមខ្លួនវិលចូលសិល្បៈវិញឆាប់ៗនេះហើយ បន្ទាប់ពីបានផ្អាកអាជីពចាស់អស់៣ឆ្នាំដោយសារតែមានកូនប្រុស។
សួង សាខារ៉ានីត ថ្លែងថា«ចាប់ពីពេលនេះទៅខ្ញុំនឹងទទួលការថតសម្ដែងវិញហើយ ព្រោះអីកូនខ្ញុំក៍ធំបន្ដិចដែរ។ខ្ញុំនៅតែហ៊ានលេងរឿងបែបស៊ិចស៊ីដូចមុន ដោយសារតែសព្វថ្ងៃគ្មានអ្នកណាហួងហែងយើងទេ អីចឹងអាចថតសម្ដែងបានទៅតាមអ្នកដឹកនាំរឿងចង់បាន»។
សួង សាខារ៉ានីត ទោះជាពេលនេះនាងបែកបាក់ប្ដីដែលត្រូវមានបញ្ហាផ្លូវចិត្តគេចមិនផុតមែន ប៉ុន្ដែនាងថាហាក់ធូស្រាលចិត្តបន្ដិចដែរ ក្រោយពីបានបង់រួចការទិញផ្ទះរំលស់នៅបុរីប៉េង ហួត(បឹងស្នោរ) ខណៈដែលអំឡុងកូវីដផ្ទុះខ្លាំងនាងមានបញ្ហាពិបាករកលុយបង់ប្រចាំខែនោះខ្លាំងណាស់ ។សាខារ៉ានីត ក៍មិនទាន់កំណត់ពីពេលវេលាត្រូវយកស្វាមីថ្មីនៅពេលណាដែរ ហើយពេលវិលវិញនេះគេមិនទាន់ដឹងថាទីផ្សារសិល្បៈរបស់នាងនៅតែដូចមុនឬយ៉ាងណាឡើយ បន្ទាប់ពីខកខានថតរឿងថ្មីៗតាំងពីឆ្នាំ២០២១ ហើយបច្ចុប្បន្នតារាថ្មីៗរះមកព្រោងព្រាត។
ក្រៅពីសួង សាខារ៉ានីត តារាដែលធ្លាក់ខ្លួនមេម៉ាយកូន១មានដូចជាអ្នកនាងឌុច សុភា ,សុខ សោម៉ាវត្តី និងផាត់ ផាន់ណា ជាដើម ដែលពេលនេះពួកគេទោះជាមិនបោះបង់អាជីពសិល្បៈមែន តែមិនសកម្មដូចកាលនៅលីវឡើយ។សម្រាប់សាខារ៉ានីត វិញនាងសុខចិត្តជិះរថយន្ដមិនសូវទំនើបដូចតារាល្បីៗដ៍ទៃទៀតឡើយ តែបានតស៊ូបង់ផ្ទះ១ល្វែងតម្លៃជាង២០ម៉ឺនដុល្លារនៅបុរីប៉េង ហួត រហូតដាច់ ក៍បែកបាក់ស្នេហ៍ល្មម។គេចាំមើលថាអ្នកមេម៉ាយសាច់សខ្ចីរូបស្រស់សាខារ៉ានីត នឹងយកស្វាមីថ្មីជាប្រុសក្មេង ឬប្រុសចាស់ម្ដងទៀត ?