ភ្នំពេញ ៖ បន្ទាប់ពីលោកសម រង្ស៊ី បានលាលែងពីតំណែងប្រធានគណបក្សសង្គ្រោះ- ជាតិ ដោយអះអាងថា ដើម្បីសង្គ្រោះគណបក្ស ប្រឆាំង នេះកុំឱ្យរលាយ ខណៈដែលគណបក្ស កាន់អំណាច កំពុងរៀបចំសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ នោះ លោកគឹម សន្តិភាព អ្នកនាំពាក្យក្រសួង យុត្តិធម៌ និងជាសមាជិកគណបក្សប្រជាជនកម្ពុជា បានបញ្ចោញទស្សនៈផ្ទាល់ខ្លួនរបស់លោក ថា សម្តីរបស់លោកសម រង្ស៊ី អតីតប្រធាន គណបក្សប្រឆាំង នោះ គ្រាន់តែជាល្បិចកល នយោបាយក្នុងការលាក់បាំងគំនិតទុច្ចរិត និង ដើម្បីស្តារគណបក្សខ្លួនតែប៉ុណ្ណោះ។
លោកគឹម សន្តិភាព បានសរសេរក្នុងទំព័រ ហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “បទវិភាគ ៖ ទស្សនៈផ្ទាល់ខ្លួន !
អតីតប្រធានបក្សមួយនិយាយថា ស៊ូ អស់តំណែង កុំឱ្យបក្សរលាយ! បើខ្ញុំមិនលះបង់ តំណែងទេ គេនឹងរំលាយបក្ស!
តាមរយៈអត្ថបទសេចក្តីស្នើច្បាប់វិសោធន- កម្មខាងក្រោមនេះគឺ ៖
១-ប្រធានបក្ស មិនត្រូវជាបុគ្គលដែលជា ទណ្ឌិត
២-ប្រធានបក្ស ដែលត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារ ត្រូវបាត់បង់តួនាទីរបស់ខ្លួនតែម្តង
៣-មូលហេតុដែលនាំឱ្យតុលាការ សម្រេច ផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ឬ រំលាយគណបក្ស ៖
A-ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី
B-ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ
C-ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ
D-បង្កើតកងកម្លាំងប្រដាប់អាវុធ
E-ធ្វើការញុះញង់ ដែលអាចនាំឱ្យមាន ការបែកបាក់ជាតិ
F-គណបក្សដែលស្ថិតនៅក្រោមចំណុះ ឬការបង្គាប់បញ្ជារបស់គណបក្សនយោបាយ ឬរបស់រដ្ឋាភិបាលបរទេស
យើងអាចយល់គ្រប់គ្រាន់នូវខ្លឹមសារ ខាងលើនេះ គឺតំណែងប្រធានបក្សនឹងត្រូវបាត់ បង់ដោយស្វ័យប្រវត្តិ នៅពេលប្រធានបក្សមាន ទោស ហើយមូលហេតុដែលនាំឱ្យរំលាយបក្ស គឺពុំមានទាក់ទងនឹងករណីប្រធានបក្សលាលែង ឬមិនលាលែងតំណែងនោះទេ!
អត្ថន័យសេចក្តីស្នើច្បាប់ខាងលើ គឺបញ្ជាក់ ច្បាស់លាស់ថា សេចក្តីស្នើច្បាប់នេះ តាក់តែង ឡើង គឺសម្រាប់អនុវត្តន៍គ្រប់គណបក្សនយោបាយទាំងអស់ ហើយសម្តីរបស់អតីតប្រធាន បក្សមួយនោះ គឺគ្រាន់តែជាល្បិចកលនយោ- បាយក្នុងការលាក់បាំងគំនិតទុច្ចរិត និងដើម្បី ស្តារគណបក្សខ្លួនតែប៉ុណ្ណោះ!”។
គួររំលឹកថា លោកសម រង្ស៊ី បានសរសេរ លិខិតលាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។ បន្ទាប់មក នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ថ្លែងទៅកាន់ថ្នាក់ដឹកនាំ និងសមាជិក ក្នុងកិច្ច ប្រជុំគណៈកម្មាធិការនាយកគណបក្សសង្គ្រោះ- ជាតិ តាមវីដេអូ Skype នោះ លោកសម រង្ស៊ី បានបញ្ជាក់ថា មិនមែនតែតំណែងរបស់លោក នោះទេ សូម្បីតែជីវិតរបស់លោក ក៏លោកត្រូវ តែលះបង់ឱ្យតែជាតិរបស់លោកនៅរស់ គណបក្សសង្គ្រោះជាតិនៅរស់ ពោលគឺលោកសុខ- ចិត្តលាលែងពីតំណែងប្រធានគណបក្ស ដើម្បី ជួយសង្គ្រោះគណបក្សប្រឆាំង (គណបក្សសង្គ្រោះជាតិ) កុំឱ្យរលាយ។
លោកសម រង្ស៊ី បានមានប្រសាសន៍តាម ប្រព័ន្ធអ៊ីនធើរណេត នៅពេលនោះថា “ការបំភ្លឺ របស់ខ្ញុំទាក់ទងទៅសេចក្តីសម្រេចចុងក្រោយ របស់ខ្ញុំនេះ អ្វីដែលខ្ញុំអាចបញ្ជាក់បំភ្លឺបន្ថែម នៅពេលនេះ ខ្ញុំគ្រាន់តែដកស្រង់យោបល់អត្ថា- ធិប្បាយអ្នកតាមដានទំព័រហ្វសប៊ុកខ្ញុំម្នាក់ គាត់ និយាយសង្ខេបអំពីសេចក្តីសម្រេចរបស់ខ្ញុំ អំពី ទឹកចិត្តរបស់ខ្ញុំ អំពីបំណងរបស់ខ្ញុំ គាត់សរសេរ តែមួយឃ្លាទេ។ មួយឃ្លាហ្នឹងមានអត្ថន័យដូច តទៅ “សុខចិត្តអស់តំណែង មិនឱ្យឱ្យគណបក្សរលាយ”។ ខ្ញុំបន្ថែមក្នុងន័យទូលំទូលាយជាងហ្នឹង ទៅទៀត សុខចិត្តអស់ជីវិត មិនឱ្យជាតិស្លាប់។ ដូច្នេះយើងត្រូវហ៊ានលះបង់អ្វីៗទាំងអស់ ដើម្បី បុព្វហេតុមួយដែលយើងស្រលាញលើសលប់ ក្នុងចិត្តរបស់យើង។ ខ្ញុំតែងតែនិយាយ តំណែង មិនសំខាន់ទេ អ្វីដែលសំខាន់ គឺឧត្តមគតិរបស់យើង អ្វីដែលសំខាន់ គឺភាពស្មោះត្រង់របស់ យើង គឺភាពថ្លៃថ្នូររបស់យើង ថាយើងចង់បាន អី? យើងត្រូវតែហ៊ានលះបង់ ដើម្បីឆ្ពោះទៅ គោលដៅរបស់យើង។ តែវិលត្រឡប់មកការ លាលែងរបស់ខ្ញុំនេះ ឥឡូវយល់ទាំងអស់គ្នា ហើយ គឺដើម្បីការពារគណបក្ស បើខ្ញុំនៅធ្វើ ជាប្រធាន ហើយបើគណបក្សត្រូវគេរំលាយ ខូចខាតដល់ផលប្រយោជន៍យើង ផលប្រយោជន៍ គណបក្ស ផលប្រយោជន៍ជាតិ យើងចង់បាន អី? យើងចង់បានការបោះឆ្នោត ដោយសារ យើងចង់បានការផ្លាស់ប្តូរៗតាមរយៈការបោះឆ្នោត តែគេមានបំណងរំលាយគណបក្សយើង ហើយបើគណបក្សយើងរលាយពិត យើងអត់ បានចូលរួមក្នុងការបោះឆ្នោត ការបោះឆ្នោត ហ្នឹងវាអត់មា់នន័យតែម្តង ប៉ុន្តែយើងក៏បាត់បង់ ជាប្រវត្តិសាស្ត្រ ដើម្បីនាំមកនូវការផ្លាស់ប្តូរ ដែលប្រជារាស្ត្រខ្មែរចង់បាន។ គ្រប់កាលៈទេសៈ ខ្ញុំនៅតែរក្សាឧត្តមគតិសង្គ្រោះជាតិជានិច្ចក្នុង បេះដូងរបស់ខ្ញុំ។ អនាគតនៅវែងឆ្ងាយ ដូច្នេះ យើងទាំងអស់គ្នានៅមានឱកាសសង្គ្រោះជាតិ ជាបន្តបន្ទាប់ ធ្វើការជាមួយគ្នា តាមរូបភាពណា មួយក្នុងក្របខ័ណ្ឌមួយ តែបំណងយើងនៅ ដដែល គឺសង្គ្រោះជាតិៗឱ្យទាល់តែបាន៕