Monday, November 25, 2024
Homeតារាខ្មែរទេព បូព្រឹក្ស ៖ចង់រៀបការ ដេវីត ចង់បានកូនស្រី

ទេព បូព្រឹក្ស ៖ចង់រៀបការ ដេវីត ចង់បានកូនស្រី

ភ្នំពេញ៖ថ្មីៗនេះទេព បូព្រឹក្ស បង្ហាញអារម្មណ៍ចង់រៀបការ ហើយថែមទាំងស្លៀកឈុត​កូនក្រមុំ​យ៉ាងស្រស់ស្អាត និងរងចាំពាក្យដេវីត សុំនាងរៀបការ ។ប៉ុន្ដែបំណងរបស់នាងត្រូវខក​ចិត្ត​ភ្លាមៗ ព្រោះថាដេវីត គ្មានគំនិតដូចនាង​ទេ តែលោកបានឆ្លើយតបទៅនាងវិញភ្លាមៗ​ថាចង់​បានកូនស្រីថែមមួយទៀត ទើបគិតគួរដល់រឿងរៀបការ។

ងួន ចាន់ដេវីត បានអះអាងប្រាប់ទៅទេព បូព្រឹក្ស ជាគូស្នេហ៍ដែលចាំលោកសុំនាង​រៀបការនោះថា«សុំកូនស្រី១ទៀតមក យកធ្វើកូនអណ្ដើក »។

 នេះជាការបង្ហាញសញ្ញាចង់រៀបការជាលើកដំបូងរបស់ទេព បូព្រឹក្ស បន្ទាប់ពីនាង និង​ដេវីត ​ចាប់​​ដៃគ្នា​ឈានដល់ឆ្នាំទី៩ និងធ្លាប់ឆាចោលគម្រោងរៀបការនៅឆ្នាំ២០១៩ ដោយគ្មាន​មូល​ហេតុបើទោះជាពួកគេបានដឹកដៃគ្នាទៅថតPre- Wedding ដល់កោះម៉ាល់ឌីវ ក៍ដោយ។​ការចង់ធ្វើជាកូនក្រមុំមែនទែនរបស់បូព្រឹក្ស  បែបនេះក្រោយ​ពីកូនប្រុសទី១របស់នាង​ឈ្មោះ​ទេព បញ្ចាវរាប ហៅAlbert មានអាយុ១ឆ្នាំ ៦ខែ ។ថ្វីត្បិតតែគូស្នេហ៍របស់ទេព បូព្រឹក្ស មិ​នអាចធ្វើឲ្យនាងរំភើបតាមរយៈបំ​ណង​នាង​មែន តែស្រីនិច្ច មិនបានបង្ហាញអារម្មណ៍​ខឹង​ដេវីតនោះទេ តែនាងបែជាលើកពីគុណសម្បត្តិប្ដី និង​ថានាងចង់ធ្វើធនាគាររបស់ដេវីត អស់​មួយជីវិតថែមទៀតផង។

 ទេព បូព្រឹក្ស វាចា«រាល់ទង្វើគ្រប់កាយវិការរបស់បង អូនដឹងច្បាស់ណាស់ថាបង​ច្បាស់​លាស់ជាមួយអូន។ អូនចេះតែរករឿងបង ព្រោះអូនស្រលាញ់បងខ្លាំងពេក និងចង់ឲ្យបង ចំណាំអារម្មណ៍លើអូនគ្រប់វិនាទី ។អូនចង់ធ្វើជាធនាគាររបស់បងពេញមួយជីវិត ព្រោះ​​គ្មានអ្នកណាស្រលាញ់និងស្មោះបង ដូចរូប​អូន​ទេ  »។

 ទេព បូព្រឹក្ស បានភ្ជាប់ស្នេហាជាមួយងួន ចាន់ដេវីត កាលពីឆ្នាំ២០១៥ ហើយ​ពេល​នេះពួកគេលេងខ្លួនហ៊ឺហាដល់កំពូលដោយស្លៀកពាក់សុទ្ធតែខោអាវម៉ាកប្រេន ប្រេន និង​ថ្លៃៗមិនចាញ់តារាល្បីៗរបស់បរទេសឡើយ ។តែក្រោយមានកូន១នេះស្រីនិច្ច ក្រៅពីថត​រូប​ប្លែក​ៗ នាងមិនទាន់មានបទចម្រៀងណាដែលចេញមកមានការគាំទ្រច្រើនទេ បើទោះជា​ចាយ​លុយ​ធំផលិតបទ«ទេវរាជ » ក្ដីក៍ទីផ្សារចម្រៀងនាងហាក់នៅទ្រឹង ប៉ុន្ដែនាងស៊ីលុយស្ពត​ពាណិ​ជ្ជ​កម្មទាក់ទងស្រា និងភេសជ្ជៈទៅវិញ ។ស្រីនិច្ច ធ្លាប់និយាយប្រាប់អ្នកយកព័តមាន​យើងថា​រឿងរៀបការ ឬថានាងចុះអេតាស៊ីវិល ឬនៅនោះគឺមិនអាចនិយាយបានឡើយ ព្រោះថា​មាន​រឿងខ្លះនាងអាចនិយាយប្រាប់អ្នកសារព័តមានបាន តែរឿងខ្លះមិនអាចនិយាយបានទេ។

មជ្ឈដ្ឋានមហាជនមើលឃើញថាពេលនេះទេព បូព្រឹក្ស អាចនឹងដើរតាមគន្លងតារា​រួម​អាជីពនិងរៀមច្បងមួយចំ​នួនទៀតពោលគឺសម្រុកយកកូនសិន ទើបគិតគួររឿងរៀបការតាម​ក្រោយ ព្រោះថានាងនិងងួន ចាន់ដេវីត ចិត្ត១ ថ្លើម១ និងគ្នាទៅហើយ ហេតុនេះមិនបារម្ភ​ខ្លាច​ចំណងស្នេហាមានការប្រែប្រួលនោះទេ បើទោះជាក្រោយសម្រា​លកូនទី១ស្រីនិច្ច រងការិះគន់​ពីអ្នកលេងបណ្ដាញសង្គមមួយចំនួនថានាងមិនសាកសមជាសិល្បការិនីគំរូព្រោះពោះធំ មុន​រៀប​ការក្ដី ។តែការពពោះកូនស្រីតាមបំណងប្ដីនៅពេលណានោះស្រីនិច្ច មិនទាន់បានសន្យា​ជាមួយដេវីត ឡើយ ខណៈដែលពេលនេះនាងនិងគូស្នេហ៍រស់នៅផ្ទះវីឡាប្រណិត និងជិះរថ យន្ដទំនើបម៉ាកLamborghini ទៀតផង។

 គេចាំមើលថាទេព បូព្រឹក្ស ពេលពោះធំកូនស្រី ងួន ចាន់ដេវីត ព្រមរៀបការជាមួយ​នាង​មែន ឬក៍គិតតែពីចង់បានកូនថែមហើយមិនគិតគួររឿងព្រមរៀបការតាមសន្យា ?

RELATED ARTICLES