ភ្នំពេញ៖ថ្មីៗនេះទេព បូព្រឹក្ស បង្ហាញអារម្មណ៍ចង់រៀបការ ហើយថែមទាំងស្លៀកឈុតកូនក្រមុំយ៉ាងស្រស់ស្អាត និងរងចាំពាក្យដេវីត សុំនាងរៀបការ ។ប៉ុន្ដែបំណងរបស់នាងត្រូវខកចិត្តភ្លាមៗ ព្រោះថាដេវីត គ្មានគំនិតដូចនាងទេ តែលោកបានឆ្លើយតបទៅនាងវិញភ្លាមៗថាចង់បានកូនស្រីថែមមួយទៀត ទើបគិតគួរដល់រឿងរៀបការ។

ងួន ចាន់ដេវីត បានអះអាងប្រាប់ទៅទេព បូព្រឹក្ស ជាគូស្នេហ៍ដែលចាំលោកសុំនាងរៀបការនោះថា«សុំកូនស្រី១ទៀតមក យកធ្វើកូនអណ្ដើក »។

នេះជាការបង្ហាញសញ្ញាចង់រៀបការជាលើកដំបូងរបស់ទេព បូព្រឹក្ស បន្ទាប់ពីនាង និងដេវីត ចាប់ដៃគ្នាឈានដល់ឆ្នាំទី៩ និងធ្លាប់ឆាចោលគម្រោងរៀបការនៅឆ្នាំ២០១៩ ដោយគ្មានមូលហេតុបើទោះជាពួកគេបានដឹកដៃគ្នាទៅថតPre- Wedding ដល់កោះម៉ាល់ឌីវ ក៍ដោយ។ការចង់ធ្វើជាកូនក្រមុំមែនទែនរបស់បូព្រឹក្ស បែបនេះក្រោយពីកូនប្រុសទី១របស់នាងឈ្មោះទេព បញ្ចាវរាប ហៅAlbert មានអាយុ១ឆ្នាំ ៦ខែ ។ថ្វីត្បិតតែគូស្នេហ៍របស់ទេព បូព្រឹក្ស មិនអាចធ្វើឲ្យនាងរំភើបតាមរយៈបំណងនាងមែន តែស្រីនិច្ច មិនបានបង្ហាញអារម្មណ៍ខឹងដេវីតនោះទេ តែនាងបែជាលើកពីគុណសម្បត្តិប្ដី និងថានាងចង់ធ្វើធនាគាររបស់ដេវីត អស់មួយជីវិតថែមទៀតផង។

ទេព បូព្រឹក្ស វាចា«រាល់ទង្វើគ្រប់កាយវិការរបស់បង អូនដឹងច្បាស់ណាស់ថាបងច្បាស់លាស់ជាមួយអូន។ អូនចេះតែរករឿងបង ព្រោះអូនស្រលាញ់បងខ្លាំងពេក និងចង់ឲ្យបង ចំណាំអារម្មណ៍លើអូនគ្រប់វិនាទី ។អូនចង់ធ្វើជាធនាគាររបស់បងពេញមួយជីវិត ព្រោះគ្មានអ្នកណាស្រលាញ់និងស្មោះបង ដូចរូបអូនទេ »។

ទេព បូព្រឹក្ស បានភ្ជាប់ស្នេហាជាមួយងួន ចាន់ដេវីត កាលពីឆ្នាំ២០១៥ ហើយពេលនេះពួកគេលេងខ្លួនហ៊ឺហាដល់កំពូលដោយស្លៀកពាក់សុទ្ធតែខោអាវម៉ាកប្រេន ប្រេន និងថ្លៃៗមិនចាញ់តារាល្បីៗរបស់បរទេសឡើយ ។តែក្រោយមានកូន១នេះស្រីនិច្ច ក្រៅពីថតរូបប្លែកៗ នាងមិនទាន់មានបទចម្រៀងណាដែលចេញមកមានការគាំទ្រច្រើនទេ បើទោះជាចាយលុយធំផលិតបទ«ទេវរាជ » ក្ដីក៍ទីផ្សារចម្រៀងនាងហាក់នៅទ្រឹង ប៉ុន្ដែនាងស៊ីលុយស្ពតពាណិជ្ជកម្មទាក់ទងស្រា និងភេសជ្ជៈទៅវិញ ។ស្រីនិច្ច ធ្លាប់និយាយប្រាប់អ្នកយកព័តមានយើងថារឿងរៀបការ ឬថានាងចុះអេតាស៊ីវិល ឬនៅនោះគឺមិនអាចនិយាយបានឡើយ ព្រោះថាមានរឿងខ្លះនាងអាចនិយាយប្រាប់អ្នកសារព័តមានបាន តែរឿងខ្លះមិនអាចនិយាយបានទេ។

មជ្ឈដ្ឋានមហាជនមើលឃើញថាពេលនេះទេព បូព្រឹក្ស អាចនឹងដើរតាមគន្លងតារារួមអាជីពនិងរៀមច្បងមួយចំនួនទៀតពោលគឺសម្រុកយកកូនសិន ទើបគិតគួររឿងរៀបការតាមក្រោយ ព្រោះថានាងនិងងួន ចាន់ដេវីត ចិត្ត១ ថ្លើម១ និងគ្នាទៅហើយ ហេតុនេះមិនបារម្ភខ្លាចចំណងស្នេហាមានការប្រែប្រួលនោះទេ បើទោះជាក្រោយសម្រាលកូនទី១ស្រីនិច្ច រងការិះគន់ពីអ្នកលេងបណ្ដាញសង្គមមួយចំនួនថានាងមិនសាកសមជាសិល្បការិនីគំរូព្រោះពោះធំ មុនរៀបការក្ដី ។តែការពពោះកូនស្រីតាមបំណងប្ដីនៅពេលណានោះស្រីនិច្ច មិនទាន់បានសន្យាជាមួយដេវីត ឡើយ ខណៈដែលពេលនេះនាងនិងគូស្នេហ៍រស់នៅផ្ទះវីឡាប្រណិត និងជិះរថ យន្ដទំនើបម៉ាកLamborghini ទៀតផង។

គេចាំមើលថាទេព បូព្រឹក្ស ពេលពោះធំកូនស្រី ងួន ចាន់ដេវីត ព្រមរៀបការជាមួយនាងមែន ឬក៍គិតតែពីចង់បានកូនថែមហើយមិនគិតគួររឿងព្រមរៀបការតាមសន្យា ?

