Friday, October 25, 2024
Homeតារាខ្មែរយូរី ៖២ឆ្នាំ អត់ព្រមបង្ហាញគូស្នេហ៍ថ្មី !

យូរី ៖២ឆ្នាំ អត់ព្រមបង្ហាញគូស្នេហ៍ថ្មី !

ភ្នំពេញ៖ចំណងស្នេហាស្រីស្រស់យូរី កាលពីឆ្នាំ២០១៨ ជាមួយលោករ៉េត ,ឆ្នាំ២០១៩ ជាមួយ​ប្រុសរូបសង្ហារប៊ីម៉ូ និងឆ្នាំ២០២០ ជាមួយលោកថៅកែជា នី សុទ្ធតែបានបង្ហាញ​ពីភាព​ផ្អែម​ល្ហែម​ជាចំហ តែ២ឆ្នាំចុងក្រោយនេះក្រោ​យចែកផ្លូវថៅកែយូរី មិនដែលកៀកកប្រុសណា​ជាសាធារណៈនោះទេ ពោ​ល​គឺលាក់ជិតឈឹង ។ការជ្រើសផ្លូវសាងស្នេហ៍ស្ងាត់ៗរបស់យូរី នេះត្រូវបានគេជឿជាក់ថា​មក​ពីនាងខ្លាចដើរជាន់ដានចាស់ នាំឲ្យខ្មាសមិត្តរួមអា​ជីព ប៉ុន្ដែខ្លះ​ទៀតលើកឡើងថាអាច​នាង​​និង​គូស្នេហ៍មិនទាន់មានភាពច្បាស់លាស់គ្នា១០០% ទេ ទើបសុខ​ចិត្តលាក់មុខ​ប្រុសស្នេហ៍​ថ្មីមិន​ឲ្យគេស្គាល់បែបនេះ ។

 ទោះជាយ៉ាងណានៅលើបណ្ដាញសង្គមគេឃើញយូរី ច្រើនតែបង្ហាញភាពឯកោ មិន​ដែល​និយាយអ្វីទាក់ទងរឿងសង្សារទេ ហើយនាងធ្លាប់តែធ្វើឲ្យគេស្គាល់តាមរយៈបទញាក់ និងក្បាច់រាំ នោះក៍បានងាកមកច្រៀងបទស្លូវមួយចំនួនត្រូវសាច់​រឿងផ្ទាល់ខ្លួនដែរដូចជា​បទ​«ព្រមល្ងង់ ព្រោះមិនចង់បាត់បង់ » , «កាត់ចិត្តបែបណា មិនឈឺចាប់ ?» និងបទ«ចងចាំម្នាក់​នេះ​ផង បានទេ ?» ដែលមើលទៅយូរី ហាក់អាលោះអាល័យស្នេហ៍ចាស់ និងស្ដាយចំ​ណាយ​ពេលលើមនុស្សខុស …។ប៉ុន្ដែថៅកែជា នី មិនក្វល់ពីបេះដូងនាងឈឺចាប់ឡើយ ព្រោះ​លោក​ជាប់ដៃពង្រីកបើកហាងខារ៉ាអូខេ ជាបន្ដបន្ទាប់ ទើបមានស្រីស្អាតៗជាច្រើនរត់​ទៅពឹងពាក់​លោក ។

 យូរី លេចធ្លោគួរសម ព្រោះនាងឆក់ឱកាសបានច្រៀងConcerts ធំៗជាបន្ដបន្ទាប់ តែ​តាំង​ពីបាត់ថៅកែមក​ពេល​នេះនាងកាន់ចង្កូតឡានដោយខ្លួនឯង ពោលគឺអត់ទាំងតៃកុងឡាន និងអង្គរក្សបេះដូង។តែតាមរយៈការលេងខ្លួនឆើតឆាយ និងក្បាច់រាំកាន់តែសាហាវនោះយូរី ប្រា​កដណាស់ថាមានបុរសទាំងក្នុងនិងក្រៅស្រុកចាំស្អំបេះដូងនាង ប៉ុន្ដែតាមប្រភព​ថាប្រុស​ចង់​ធ្វើជាម្ចាស់ចិត្តនាងភាគច្រើនជាប្រុសចាស់ទើបធ្វើឲ្យរារែកចិត្ត បណ្ដា​​លឲ្យបាត់បង់ទាំង​ស្រុងនូវស្នេហាដែលធ្លាប់តែផ្អែមល្ហែម។ប្រភពខ្លះថាយូរី ចង់បានស្នេហាថ្មី ជាប្រុស​ដែល​ស្មោះ​​ មិនក្បត់ផិត ហើយហ៊ានដឹកដៃនាងចូលរោងការទើបនាងទទួល​យក​បុរសនោះដើម្បី​កប់​​ដានចោលស្នេហ៍ចាស់ ។តែបុរសដែលលែងធ្វើឲ្យយូរី យំនោះបែជាអត់ព្រមបង្ហាញខ្លួននៅ​ពេលដែលនាងកំពុងមានវិបត្តិស្នេហា២ឆ្នាំចុងក្រោយនេះទៅវិញ ។

 សូមបញ្ជាក់ថាក្រៅពីអាជីពចម្រៀងនាងសេន យូរី មានបំណងធំមួយទៀតនោះគឺចង់​ថត​ភាពយន្ដនៅហង្សមាស ដើម្បីឲ្យមានសកម្មភាពសិល្បៈកាន់តែច្រើន តែផែនការណ៍​នេះ​ហាក់​​ជាប់គាំងទៅវិញ ព្រោះគេនៅតែមិនឃើញយូរី ធ្វើជាតួឯករឿងមួយណាឡើយ ស្រប​ពេលដែលតារាហង្សមាសម្រុកនាំគ្នាដើរចេញដូចទឹកបាក់ទំនប់នោះយូរី ក៍រក្សារ ភាពស្ងប់​ស្ងាត់ បើទោះជាគេឃើញនាងចេញបទចម្រៀងមួយចំនួននៅក្រៅហង្សមាសក្ដី តែតាម​ព័ត​មានថាស្រីស្រស់នៅតែច្រៀងឲ្យផលិតកម្មនេះដោយគ្មានកុងត្រា ។ប្រភព​បានឲ្យដឹងថាយូរី ច្របូកច្របល់ចិត្តខ្លាំងព្រោះប្រេះឆាស្នេហា​ជាបន្ដបន្ទាប់ហើយកាលពីឆ្នាំ​២០២១ ម្ដាយនាងក៍​បានស្លាប់ដោយជំងឺទឹក​នោម​ផ្អែមដែល​ពេលនេះនាងនៅតែអាលោះ​អា​ល័យ​​ដល់ម្ដាយគ្រប់​ពេល​​វេ​លា រហូតដល់ពេលខ្លះស្រក់ទឹកភ្នែកម្នាក់ឯង ដោយគ្មានអ្នក​លួង​លោម។តែមិនខុសពី​ពេជ្រ សូលីកា ទេនៅលើឆាកតន្រ្ដីយូរី នៅតែបង្ហាញភាពរីករាយ ច្រៀ​ង​រាំ ម៉ាអស់ដៃ ហើយចុះ​ពីលើឆាកទើបនាងស្រងូតស្រងាត់។

ក្រៅពីយូរី តារាដែលសាងស្នេហ៍មិនបើកចំហ នៅចុងឆ្នាំ២០២៤ នេះមានដូចជា​អ្នក​នាងអ្នកនាងសុខ សោម៉ាវត្តី ,សុខ ពិសី ,រ៉េត ស៊ូហ្សាណា ,តន់ ច័ន្ទសីម៉ា និងវី ឌីណែត ជាដើម ។អ្នកជំនាញសិល្បៈលើកឡើងថាតារាស្រីដែលបែកបាក់សង្សារច្រើនលើកច្រើនសារដូចយូរី ច្រើនតែជួបគូស្នេហ៍ពិតជាប្រុសអាណិកជន ហេតុនេះគេចាំមើលថាតើស្រីស្អាតនឹង​ប្ដូរយុទ្ធ​សាស្រ្ដជ្រើសស្នេហ៍ថ្មី«ជួញឆ្ងាយ ប្រសើជាងជួញជិត ?» ម្ដង ឬយ៉ាងណា ?

RELATED ARTICLES