ភ្នំពេញ៖ចំណងស្នេហាស្រីស្រស់យូរី កាលពីឆ្នាំ២០១៨ ជាមួយលោករ៉េត ,ឆ្នាំ២០១៩ ជាមួយប្រុសរូបសង្ហារប៊ីម៉ូ និងឆ្នាំ២០២០ ជាមួយលោកថៅកែជា នី សុទ្ធតែបានបង្ហាញពីភាពផ្អែមល្ហែមជាចំហ តែ២ឆ្នាំចុងក្រោយនេះក្រោយចែកផ្លូវថៅកែយូរី មិនដែលកៀកកប្រុសណាជាសាធារណៈនោះទេ ពោលគឺលាក់ជិតឈឹង ។ការជ្រើសផ្លូវសាងស្នេហ៍ស្ងាត់ៗរបស់យូរី នេះត្រូវបានគេជឿជាក់ថាមកពីនាងខ្លាចដើរជាន់ដានចាស់ នាំឲ្យខ្មាសមិត្តរួមអាជីព ប៉ុន្ដែខ្លះទៀតលើកឡើងថាអាចនាងនិងគូស្នេហ៍មិនទាន់មានភាពច្បាស់លាស់គ្នា១០០% ទេ ទើបសុខចិត្តលាក់មុខប្រុសស្នេហ៍ថ្មីមិនឲ្យគេស្គាល់បែបនេះ ។
ទោះជាយ៉ាងណានៅលើបណ្ដាញសង្គមគេឃើញយូរី ច្រើនតែបង្ហាញភាពឯកោ មិនដែលនិយាយអ្វីទាក់ទងរឿងសង្សារទេ ហើយនាងធ្លាប់តែធ្វើឲ្យគេស្គាល់តាមរយៈបទញាក់ និងក្បាច់រាំ នោះក៍បានងាកមកច្រៀងបទស្លូវមួយចំនួនត្រូវសាច់រឿងផ្ទាល់ខ្លួនដែរដូចជាបទ«ព្រមល្ងង់ ព្រោះមិនចង់បាត់បង់ » , «កាត់ចិត្តបែបណា មិនឈឺចាប់ ?» និងបទ«ចងចាំម្នាក់នេះផង បានទេ ?» ដែលមើលទៅយូរី ហាក់អាលោះអាល័យស្នេហ៍ចាស់ និងស្ដាយចំណាយពេលលើមនុស្សខុស …។ប៉ុន្ដែថៅកែជា នី មិនក្វល់ពីបេះដូងនាងឈឺចាប់ឡើយ ព្រោះលោកជាប់ដៃពង្រីកបើកហាងខារ៉ាអូខេ ជាបន្ដបន្ទាប់ ទើបមានស្រីស្អាតៗជាច្រើនរត់ទៅពឹងពាក់លោក ។
យូរី លេចធ្លោគួរសម ព្រោះនាងឆក់ឱកាសបានច្រៀងConcerts ធំៗជាបន្ដបន្ទាប់ តែតាំងពីបាត់ថៅកែមកពេលនេះនាងកាន់ចង្កូតឡានដោយខ្លួនឯង ពោលគឺអត់ទាំងតៃកុងឡាន និងអង្គរក្សបេះដូង។តែតាមរយៈការលេងខ្លួនឆើតឆាយ និងក្បាច់រាំកាន់តែសាហាវនោះយូរី ប្រាកដណាស់ថាមានបុរសទាំងក្នុងនិងក្រៅស្រុកចាំស្អំបេះដូងនាង ប៉ុន្ដែតាមប្រភពថាប្រុសចង់ធ្វើជាម្ចាស់ចិត្តនាងភាគច្រើនជាប្រុសចាស់ទើបធ្វើឲ្យរារែកចិត្ត បណ្ដាលឲ្យបាត់បង់ទាំងស្រុងនូវស្នេហាដែលធ្លាប់តែផ្អែមល្ហែម។ប្រភពខ្លះថាយូរី ចង់បានស្នេហាថ្មី ជាប្រុសដែលស្មោះ មិនក្បត់ផិត ហើយហ៊ានដឹកដៃនាងចូលរោងការទើបនាងទទួលយកបុរសនោះដើម្បីកប់ដានចោលស្នេហ៍ចាស់ ។តែបុរសដែលលែងធ្វើឲ្យយូរី យំនោះបែជាអត់ព្រមបង្ហាញខ្លួននៅពេលដែលនាងកំពុងមានវិបត្តិស្នេហា២ឆ្នាំចុងក្រោយនេះទៅវិញ ។
សូមបញ្ជាក់ថាក្រៅពីអាជីពចម្រៀងនាងសេន យូរី មានបំណងធំមួយទៀតនោះគឺចង់ថតភាពយន្ដនៅហង្សមាស ដើម្បីឲ្យមានសកម្មភាពសិល្បៈកាន់តែច្រើន តែផែនការណ៍នេះហាក់ជាប់គាំងទៅវិញ ព្រោះគេនៅតែមិនឃើញយូរី ធ្វើជាតួឯករឿងមួយណាឡើយ ស្របពេលដែលតារាហង្សមាសម្រុកនាំគ្នាដើរចេញដូចទឹកបាក់ទំនប់នោះយូរី ក៍រក្សារ ភាពស្ងប់ស្ងាត់ បើទោះជាគេឃើញនាងចេញបទចម្រៀងមួយចំនួននៅក្រៅហង្សមាសក្ដី តែតាមព័តមានថាស្រីស្រស់នៅតែច្រៀងឲ្យផលិតកម្មនេះដោយគ្មានកុងត្រា ។ប្រភពបានឲ្យដឹងថាយូរី ច្របូកច្របល់ចិត្តខ្លាំងព្រោះប្រេះឆាស្នេហាជាបន្ដបន្ទាប់ហើយកាលពីឆ្នាំ២០២១ ម្ដាយនាងក៍បានស្លាប់ដោយជំងឺទឹកនោមផ្អែមដែលពេលនេះនាងនៅតែអាលោះអាល័យដល់ម្ដាយគ្រប់ពេលវេលា រហូតដល់ពេលខ្លះស្រក់ទឹកភ្នែកម្នាក់ឯង ដោយគ្មានអ្នកលួងលោម។តែមិនខុសពីពេជ្រ សូលីកា ទេនៅលើឆាកតន្រ្ដីយូរី នៅតែបង្ហាញភាពរីករាយ ច្រៀងរាំ ម៉ាអស់ដៃ ហើយចុះពីលើឆាកទើបនាងស្រងូតស្រងាត់។
ក្រៅពីយូរី តារាដែលសាងស្នេហ៍មិនបើកចំហ នៅចុងឆ្នាំ២០២៤ នេះមានដូចជាអ្នកនាងអ្នកនាងសុខ សោម៉ាវត្តី ,សុខ ពិសី ,រ៉េត ស៊ូហ្សាណា ,តន់ ច័ន្ទសីម៉ា និងវី ឌីណែត ជាដើម ។អ្នកជំនាញសិល្បៈលើកឡើងថាតារាស្រីដែលបែកបាក់សង្សារច្រើនលើកច្រើនសារដូចយូរី ច្រើនតែជួបគូស្នេហ៍ពិតជាប្រុសអាណិកជន ហេតុនេះគេចាំមើលថាតើស្រីស្អាតនឹងប្ដូរយុទ្ធសាស្រ្ដជ្រើសស្នេហ៍ថ្មី«ជួញឆ្ងាយ ប្រសើជាងជួញជិត ?» ម្ដង ឬយ៉ាងណា ?