ភ្នំពេញ ៖ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម បានចេញទៅក្រៅប្រទេស បន្ទាប់ពីបានជួបពិភាក្សាការងារនយោបាយ ជាមួយឯកអគ្គរដ្ឋទូតបរទេសនានា ប្រចាំនៅ ប្រទេសកម្ពុជា រួចមក។ ចំណែកលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសថា លោកនៅតែបន្តការងារ និងតួនាទីជាអ្នក នយោបាយដរាបណានៅមានការគាំទ្រពីប្រជាពលរដ្ឋ។
លោកកឹម សុខា បានចាកចេញពីប្រទេស កម្ពុជា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។ ការចាកចេញរបស់លោកកកឹម សុខា នាពេល នេះ បានធ្វើឱ្យការលើកឡើងនូវព័ត៌មានចចាមអារ៉ាមថា ជាការចាកចេញរបស់លោកកឹម សុខា ទៅកាន់ប្រទេសនៅតំបន់អឺរ៉ុប ដូចជាប្រទេស បារាំងជាដើម ដើម្បីជួបជាមួយសកម្មជន អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីនោះ និង មានឱកាសបានជួបជាមួយលោកសម រង្ស៊ី ដែល ទើបប្រកាសលាលែងពីតំណែងប្រធានបក្ស ផង។
ប៉ុន្តែជុំវិញការលើកឡើងនេះ លោកមុត ចន្ថា នាយកខុទ្ទកាល័យ និងជាជំនួយការផ្ទាល់ លោកកឹម សុខា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ថា តាមពិត លោកកឹម សុខា គ្រាន់តែចាកចេញទៅប្រទេសជិតខាង ក្នុងរយៈពេល២ទៅ៣ថ្ងៃ ដើម្បីពិនិត្យ សុខភាព តាមការណាត់ជាមួយគ្រូពេទ្យពីមុនមកប៉ុណ្ណោះ នឹងត្រឡប់មកបំពេញការងារនយោបាយនៅក្នុងប្រទេសកម្ពុជា វិញ។
លោកមុត ចន្ថា មានប្រសាសន៍ថា “អូ! គាត់ចេញទៅធម្មតា ទៅត្រួតពិនិត្យសុខភាព ដោយមានការណាត់ជួបជាមុនជាមួយគ្រូពេទ្យ គឺគាត់បានណាត់យូរហើយ តែគាត់មិនបាន ទៅ។ អ៊ីចឹងគាត់ឆ្លៀតពេលទៅ១ថ្ងៃ ២ថ្ងៃ។ ទៅប្រទេសជិតខាងយើងហ្នឹងទេ យ៉ាងយូរបំផុត ថ្ងៃអាទិត្យ បើពិនិត្យបានឆាប់ថ្ងៃសៅរ៍អីមក វិញហើយ។ ដូច្នេះគ្រាន់តែបញ្ជាក់ជូនថា លោក មានការណាត់ជួបជាមួយគ្រូពេទ្យរបស់លោក យូរហើយ រឿងការត្រួតពិនិត្យសុខភាពហ្នឹង អ៊ីចឹងលោកឆ្លៀតពេល១ថ្ងៃ២ថ្ងៃ លោកទៅពិនិត្យសុខភាព ដើម្បីរួសរាន់ត្រឡប់មកវិញ អត់មានទៅណាត់អ្នកណាអីអ្នកណាទេ គឺទៅពិនិត្យសុខភាពទេ”។
លោកមុត ចន្ថា មានប្រសាសន៍បន្តថា “ពេលត្រឡប់មកវិញ លោកមានការងារធម្មតា លោកត្រូវជួបជាមួយថ្នាក់ដឹកនាំមូលដ្ឋាន ការ ជួបជាមួយបេក្ខជនបោះឆ្នោត សម្រាប់ក្រុមប្រឹក្សាឃុំ–សង្កាត់ ដែលយើងជ្រើសរើសហើយ។ អាហ្នឹងកិច្ចការដែលលោកត្រូវធ្វើបន្តទៀត ជា– ពិសេស កិច្ចការទាក់ទិននឹងការបោះឆ្នោត និង ការជួបជាមួយថ្នាក់ដឹកនាំមូលដ្ឋានហ្នឹង”។
លោកមុត ចន្ថា មានប្រសាសន៍បន្តទៀត ថា “ចំពោះរឿងគម្រោងថា ឆ្នាំនេះលោកអាច នឹងអញ្ជើញទៅជួបសកម្មជននៅក្រៅប្រទេស រួមមានបារាំង អាមេរិក ជាដើមនោះ មិនទាន់ អាចទស្សន៍ទាយបានទេ ព្រោះជួនផែនការយើង ក៏មិនទាន់ដឹងមុន អ៊ីចឹងហើយ ខ្ញុំមិនអាចជម្រាប ជូនឱ្យដល់ថាទស្សន៍ទាយ ព្យាករណ៍មុនទេ”។
ការចាកចេញទៅក្រៅប្រទេសរបស់លោក កឹម សុខា បានធ្វើឡើងក្រោយ១ថ្ងៃ ដែលលោក បានជួបពិភាក្សា ជាមួយលោកវីល្លៀម ហេដថ៍ (William Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា និងឯកអគ្គរដ្ឋទូតបទេស ប្រចាំកម្ពុជាមួយចំនួនទៀត កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។
លោកកឹម សុខា បានសរសេរខ្លី នៅក្នុង ហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “កាលពីម្សិលមិញ លោកឯកអគ្គរដ្ឋទូត េះដិត និងខ្ញុំ បានជួបពិភាក្សាគ្នា អំពីស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ន”។
លោកកឹម សុខា បានសរសេរបន្ថែមនៅ ថ្ងៃដដែលនោះថា “កាលពីម្សិលមិញ បន្ទាប់ពី ជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកមក ខ្ញុំក៏បានជួបជាមួយឯកអគ្គរដ្ឋទូតនានា ប្រចាំ នៅប្រទេសកម្ពុជា ជាបន្តបន្ទាប់មានដូចជា ឯកអគ្គរដ្ឋទូតបារាំង ឯកអគ្គរាជទូតអង់គ្លេស ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប។
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូត ប្រចាំនៅកម្ពុជា យើងបានជជែក គ្នាអំពីការវិវត្តនៃស្ថានភាពនយោបាយកម្ពុជា ចុងក្រោយ”។
ចំណែកហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៧ ក៏បានសរសេរដែរថា “លោកអគ្គរដ្ឋទូត េះដិត និងលោកប្រធានស្តីទីនៃគណបក្ស សង្គ្រោះជាតិ កឹម សុខា បានជួបគ្នា កាលពី ម្សិលមិញ ដើម្បីពិភាក្សាពីការវិវត្តនយោបាយ ចុងក្រោយ និងសកម្មភាពនៅក្នុងរដ្ឋសភា ដោយ រួមទាំងច្បាប់ស្តីពីគណបក្សនយោបាយ ដែល កំពុងត្រូវបានពិចារណា”។
លោកមុត ចន្ថា បានមានប្រសាសន៍បន្ថែម លើខ្លឹមសារនៃជំនួបនោះថា “បាទ! ដូចឃើញ ហើយនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅក្នុង ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិក បានផ្សាយ ហើយ គឺមានចំណុចហ្នឹង គឺផ្លាស់ប្តូរយោបល់ គ្នាពីស្ថានការណ៍នយោបាយថ្មីៗ រឿងកិច្ចការងារ បោះឆ្នោត ហើយនិងការធ្វើវិសោធនកម្មលើ ច្បាប់ស្តីពីគណបក្សនយោបាយហ្នឹង”។
ដោយឡែក ជាការកត់សម្គាល់សម្រាប់ ជីវិតនយោបាយរបស់លោកសម រង្ស៊ី បើទោះបីលោកបានលាលែងពីប្រធានគណបក្សសង្គ្រោះជាតិ ហើយក៏ដោយ លោកបានបញ្ជាក់ថា លោក នៅតែមានការងារ និងតួនាទីជាអ្នកនយោបាយ។
លោកសម រង្ស៊ី បានសរសរនៅក្នុងទំព័រ ហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “ការងារនិងតួនាទីរបស់អ្នកនយោបាយ នៅតែមានបន្ត ដរាបណាមានការ គាំទ្រពីប្រជារាស្ត្រ ឱ្យអ្នកនយោបាយនោះ បំពេញ បេសកកម្មរបស់ខ្លួនដូចដែលបានប្រគល់ជូនដោយ មួយផ្នែកលើសលប់ នៃប្រជាជាតិទាំងមូល”។
គួរបញ្ជាក់ថា លោកសម រង្ស៊ី បានសរសេរ លិខិតលាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិ ជាផ្លូវការ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៧។
ជាមួយនឹងហេតុផលលាលែងនោះ លោក សម រង្ស៊ី បានបញ្ជាក់ថា ការដែលលោកសម្រេច លាលែងពីប្រធានបក្ស ដោយសារលោកចង់ ជួយសង្គ្រោះជាតិបក្សប្រឆាំង កុំឱ្យរលាយ ដើម្បី បានចូលរួមប្រកួតប្រជែងបោះឆ្នោត មុនពេល ដែលសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដែលស្នើដោយគណបក្សប្រជាជនកម្ពុជា ត្រូវអនុម័តដោយរដ្ឋសភា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ។
បន្ទាប់ពីលោកសម រង្ស៊ី បានលាលែងពី តំណែងប្រធានបក្សមកដល់ពេលនេះគណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិ មិនទាន់អាចបញ្ជាក់បានថា តើលោកកឹម សុខា ឬ បេក្ខភាពណាមួយ ដែលត្រូវបោះឆ្នោតឱ្យធ្វើ ជាប្រធានគណបក្សប្រឆាំងនេះ ជំនួសលោក សម រង្ស៊ី នៅឡើយទេ ខណៈលោកកឹម សុខា នៅបន្តដឹកនាំក្នុងនាមជាប្រធានស្តីទី។
ទោះបីយ៉ាងណា សមាជិក សកម្មជន គណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស បាន បង្ហាញការសោកស្តាយចំពោះការលាលែងរបស់ លោកសម រង្ស៊ី។
គណបក្សសង្គ្រោះជាតិ នៃទ្វីបអាមេរិក ខាងជើង បានចេញសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៧ មានខ្លឹមសារថា “គណបក្សសង្គ្រោះជាតិ នៃទ្វីបអាមេរិកខាងជើង មានការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីបាន ទទួលដំណឹងថា លោកសម រង្ស៊ី បានលាលែង ពីតួនាទីប្រធាននិងសមាជិកភាពបក្សសង្គ្រោះជាតិ កាលពីពេលថ្មីៗនេះ។
យើងខ្ញុំសូមសម្តែងនូវសេចក្តីគោរពចំពោះ ការសម្រេចចិត្តរបស់លោកសម រង្ស៊ី ដែលជា ស្មារតីតម្កលនូវឧត្តមប្រោយោជន៍ជាធំ និងជា គំរូនៃការដឹកនាំនៅក្នុងសង្គមប្រជាធិបតេយ្យ។
យើងខ្ញុំចងចាំជានិច្ចនៅក្នុងក្រអៅបេះដូង នូវវីរភាពនិងគុណូបការៈដ៏ឧ់ត្តុង្គឧត្តមរបស់លោក សម រង្ស៊ី ចំពោះសេចក្តីលះបង់ដ៏ធំធេង ដែល មិនអាចកាត់ថ្លៃបានក្នុងនាមមគ្គុទ្ទេសក៍ដ៏ឆ្នើម ដែលបានត្រួសត្រាយនិងតស៊ូយ៉ាងស្វិតស្វាញ ដើម្បីនាំយកសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដមួយជូនប្រជាជាតិខ្មែរ។
បើទោះជាសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា នៅទទួលរងការ គំរាមកំហែងយ៉ាងណាក៏ដោយ ក៏នេះនៅតែជា ការបង្ហាញឱ្យឃើញនូវជោគជ័យដ៏ត្រចះត្រចង់ មួយដែលកើតចេញពី៏ការដឹកនាំផ្ទាល់របស់លោក សម រង្ស៊ី ក្នុងអំឡុងពេល២ទសវត្សចុងក្រោយ នេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើអយុត្តិធម៌ ទាំងឡាយនៅក្នុងសង្គមខ្មែរ។
បក្សសង្គ្រោះជាតិ ទ្វីបអាមេរិកខាងជើង មានមោទនភាព និងភ័ព្វសំណាងដ៏ក្រៃលែង ដែលធ្លាប់ទទួលបាននូវឱកាសធ្វើការក្រោម ការដឹកនាំរបស់លោកសម រង្ស៊ី ហើយយើងខ្ញុំ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីបន្តនូវបេសកកម្ម ដ៏ថ្លៃថ្លានេះ ដោយឈរលើគ្រឹះនិងថ្នាលដ៏រឹង មាំ ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានមួយ នៅក្នុងប្រវត្តិសាស្ត្រ នាពេលអនាគត។
គណបក្សសង្គ្រោះជាតិ ទ្វីបអាមេរិកខាង– ជើង សូមគោរពជូនលោកសម រង្ស៊ី ទទួលបាន នូវពុទ្ធពរទាំង៤ប្រការ និងដើម្បីស្ថិតនៅជា និមិត្តរូបដ៏រឹងមាំ អង់អាច និងយូរអង្វែងក្នុង ការតស៊ូគ្រប់ជំនាន់របស់ជាតិខ្មែរ ដើម្បីសិទ្ធិ សេរីភាព និងប្រជាធិបតេយ្យពេញលេញពិតប្រាកដ៕ កុលបុត្រ