ឥណ្ឌូណេស៊ី៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo (Jokowi) បានណែនាំឲ្យរដ្ឋមន្ត្រីរបស់លោករៀបចំកោះស៊ូម៉ាត្រាខាងជើងឲ្យប្រែក្លាយជាមជ្ឈមណ្ឌលអន្តរជាតិមួយដោយផ្អែកលើកត្តាភូមិសាស្ត្រ ខេត្តនេះដែរគឺជាទីតាំងយុទ្ធសាស្ត្រនៅក្នុងច្រកទ្វារដឹកជញ្ជូនអន្តរជាតិ ។
តាមការឲ្យដឹងពីលោក Jokowi ដែលបានបង្ហើបក្នុងអំឡុងពេលនៃការបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមានរដ្ឋក្នុងរដ្ឋធានីហ្សាការតាកាលពីថ្ងៃព្រហស្បត្តិ៍ថា ភូមិសាស្ត្រនៅកោះស៊ូម៉ាត្រាខាងជើងជាទីតាំងយុទ្ធសាស្ត្រមួយក្នុងច្រកទ្វារដឹកជញ្ជូននៃសមុទ្រ Malacca ដែលស្ថិតនៅក្បែរប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងថៃ។ កិច្ចប្រជុំជាពិសេសនេះបានពិភាក្សាអំពីគម្រោងយុទ្ធសាស្ត្រជាតិក្នុងតំបន់មួយ។
ជាជំហានដំបូងលោក Jokowi បានបញ្ជាក់ថារដ្ឋាភិបាលចាំបាច់ត្រូវតែជំរុញឲ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជាកំពង់ផែ ព្រលានយន្តហោះ និងបណ្តាញផ្លូវជាដើម។
ក្នុងចំណោមគម្រោងយុទ្ធសាស្ត្រជាតិក្នុងកោះស៊ូម៉ាត្រាខាងជើងគឺកសាងបណ្តាញផ្លូវដែលតភ្ជាបនឹង Tebing Tinggi , Pematangsiantar, Parapat, Tarutung និង Sibolga ដែលអាចធ្វើសមាហរ័ណកម្មក្នុងការសាងសង់ផ្លូវដែកពី Tebing Tinggi ទៅ Kuala Tanjung ។
លោកបន្ថែមថាការត្រៀមខ្លួនផ្នែកហេដ្ឋារចនាសម្ព័ន្ធនឹងបង្កើនការអភិវឌ្ឍនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលស្ថិតនៅក្បែរនោះដូចជាមួយគឺនៅក្នុងតំបន់ Sei Mangkei និងតំបន់ឧស្សាហកម្មដទៃទៀតដែលយើងបាននិងកំពុងរៀបចំឲ្យប្រែក្លាយជាម៉ាស៊ីនកំណើនសេដ្ឋកិច្ចក្នុងកោះស៊ូម៉ាត្រា។
លោកក៏បានរំលឹកដល់គណៈរដ្ឋមន្ត្រីរបស់លោកអំពីការអភិវឌ្ឍខេត្តនេះជាទិសដៅអ្នកទេសចរដ៏ធំជាមួយនិងតំបន់ Toba Lake ។ យើងធ្វើការអភិវឌ្ឍតំបន់នេះឲ្យក្លាយជាទិសដៅភ្ញៀវទេសចរមួយផងដែរ ក្នុងនោះយើងអភិវឌ្ឍន៍សណ្ឋាគារនិងភោជនីយដ្ឋានក៏ដូចជាធនធានមនុស្សជាដើម។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា