Thursday, November 14, 2024
Homeតារាខ្មែរកែវ ពេជ្រពិសី ៖បើកហាងថ្មី

កែវ ពេជ្រពិសី ៖បើកហាងថ្មី

ភ្នំពេញ៖កែវ ពេជ្រពិសី បានបើកសម្ពោធហាងរក្សារសម្រស់«Starface Shop Cambodia » កាល​ពីល្ងាចថ្ងៃទី៧ វិច្ឆិកា នៅបុរីញូវថោន ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំ​ពេញ ដែលមានតារា​រួមអាជីពជិតដិតទៅចូលរួមសាទរផងដែរ ។ការបើកអាជីវ​កម្ម​ថ្មីនេះ​​បន្ទាប់​ពីពេជ្រពិសី បានប្រកាសកាលពីខែកុម្ភៈ ថានាងចង់សេង ហាងសំអាងការ​ដែល​តំណើរ​ការ​ជាង​​១០ឆ្នាំមកហើយនិងប្រើទុនអស់ជាង១០ម៉ឺនដុល្លារ នោះដោយលក់​ចេញវិញ​តែ​៣​ម៉ឺន​ដុល្លារប៉ុណ្ណោះ បើទោះជានាងស្រលាញ់មុខរបរមួយនេះ​ខ្លាំងនិងបាន​តស៊ូជាច្រើន​ឆ្នាំមកហើយក្ដី ។

 ក្នុងជំនួបតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៨ វិច្ឆិកា កែវ ពេជ្រពិសី ថាមូលហេតុដែល​នាង​សម្រេចចិត្តបើកហាងទាក់ទងសម្រស់នាពេលនេះដោយសារតែនាងបានតេស្ដអាជីវកម្មមួយនេះមួយរយៈហើយតាមរយៈការលក់តាមOnline និងឃើញថាលក់ដាច់ ដើរលើទីផ្សារ ទើប​នាង​ឈានមកបើកជាហាងដែលមានទីតាំងច្បាស់លាស់ ដើម្បីឲ្យអតិថិជនកាន់តែមាន​ទំនុក​ចិត្តថែមទៀត ព្រោះថាបច្ចុប្ប​ន្នក៍មានអ្នកលក់តាមOnline ខ្លះបោកអតិថិជនដែរ អីចឹងបើ​កាល​ណាយើងមានហាងពិតប្រាកដអ្នកទិញគាត់មិនបារម្ភខ្លាចគេបោកទេ ។នាងថាបានដាក់ទុន​លើការរកស៊ីមុខរបរថ្មីនេះក្នុងតំណាក់កាលដំបូងពី៤ទៅ៥ម៉ឺនដុល្លារហើយដែលផលិតផលនោះនាងនាំយកពីប្រទេសកូរ៉េ និងកាណាដាមកលក់នៅខ្មែរ ហើយមិនមែនផ្ដោត​តែលើការ​លក់ឲ្យតារាៗទេ គឺសំដៅ​ដល់អតិថិជនទូទៅតែម្ដង ។

ការបើកហាង«Starface Shop Cambodia » នេះរបស់កែវ ពេជ្រពិសី បន្ទាប់ពីមិត្តភក្ដិ​ដ៍ជិត​ដិតរបស់នាងម្នាក់នោះគឺអ្នកនាងដាញ់ ម៉ូនីកា បានចុះមកពីអូស្រា្ដលីមកបើក​ហាងនៅ​ខ្មែរ​កាលពីចុងខែមករា ដែរ ប៉ុន្ដែពេជ្រពិសី ថាអំឡុងពេលដែលហាងសំអាងការនាងលក់​មិន​ទាន់​ដាច់នេះនាងនៅតែតំណើរការអាជីវកម្មទាំងពីរព្រមគ្នា ហើយក៍អាចឆ្លៀតថត​ភាពយន្ដ​បាន ប្រសិនបើមានផលិតករត្រូវការ ហើយសាច់រឿងនោះត្រូវនាងចង់សម្ដែងដែរនោះ។

 កែវ ពេជ្រពិសី បន្ថែមថា«ទោះជាខ្ញុំទៅដល់ទៅទីណាក៍សិល្បៈ​នៅតែស្ថិតក្នុងបេះដូង​ខ្ញុំជា​និច្ច។ខ្ញុំអាចឆ្លៀតសម្ដែងបានបើសិនជាផលិតករគាត់មានរឿងណា​ដែលខ្ញុំមើលទៅ​ពេញ​ចិត្ត​ដែរ ប៉ុន្ដែអំឡុងពេលនេះខ្ញុំចំណាយពេលច្រើនទៅលើការពង្រឹងហាង ដើម្បីឲ្យអាជីវកម្ម​មួយ​នេះដើរទៅមុខតាមបំណងដែលយើងចង់បាន  តែយើងគ្មានបំណងប្រជែងការកស៊ីនេះ​ជាមួយអ្នកណាទេ» ។

 ឆ្លើយតបសំណួរថាតើកែវ ពេជ្រពិសី ដាក់ទុករកស៊ីធំអំឡុងសេដ្ឋកិច្ចធ្លាក់នេះនាង​មាន​ការបារម្ភខ្លាចពិបាកវាយលុកទីផ្សារឬអត់នោះពិសី ថាបារម្ភចេះតែបារម្ភខ្លះហើយ តែការរក​ស៊ី​មិន​អាចចាំបានទេ គឺត្រូវតែទៅមុខ ហើយដោយសារតែមានការគាំទ្រពីអតិថិជនច្រើនដែរ​ ទើប​​នាងសម្រេចចិត្តបើកហាងនេះ ចំពេលដែលសេដ្ឋកិច្ចមិនសូវល្អ បែបនេះ។ ។នាងថា​ផលិត​ផលដែលនាំមកពីកូរ៉េ លក់តម្លៃធម្មតា អត់ថ្លៃពេកទេ ប៉ុន្ដែផលិតផលដែលនាំ​មកពីកា​ណាដានោះលក់ថ្លៃគួរសម ភ្ញៀវអាចច្រើនជាVIP  ។

 កែវ ពេជ្រពិសី បានភ្ជាប់ពាក្យជាមួយបុរសខ្មែរមកពីកាណាដាលោកពៅ សម្បត្តិ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ហើយនាងបានសម្រាលកូនប្រុសថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ។ពេជ្រពិសី ក៍មានគម្រោងចេញទៅរស់​នៅប្រទេសកាណាដាតាមស្វា​មីនាពេ​ល​ខាងមុខដែរ ដើម្បីបានសញ្ជាតិកាណាដា និងស្វែងរកសាលារៀនល្អៗឲ្យកូននាងនៅទីនោះ ហើយនាងងាយស្រួលចុះឡើងពីខ្មែរទៅកាណាដា ខណៈដែល​បច្ចុ​ប្បន្នលោកសម្បត្ដិ ក៍មាន​មុខរបរនៅខ្មែរដែរ ។ប៉ុន្ដែមុនបើកហាងថ្មីនេះពេជ្រពិសី នៅមិនទាន់​សម្រេចបំណងចង់​បាន​កូន​ទី២ឡើយ ៕

RELATED ARTICLES