ភ្នំពេញ៖កែវ ពេជ្រពិសី បានបើកសម្ពោធហាងរក្សារសម្រស់«Starface Shop Cambodia » កាលពីល្ងាចថ្ងៃទី៧ វិច្ឆិកា នៅបុរីញូវថោន ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដែលមានតារារួមអាជីពជិតដិតទៅចូលរួមសាទរផងដែរ ។ការបើកអាជីវកម្មថ្មីនេះបន្ទាប់ពីពេជ្រពិសី បានប្រកាសកាលពីខែកុម្ភៈ ថានាងចង់សេង ហាងសំអាងការដែលតំណើរការជាង១០ឆ្នាំមកហើយនិងប្រើទុនអស់ជាង១០ម៉ឺនដុល្លារ នោះដោយលក់ចេញវិញតែ៣ម៉ឺនដុល្លារប៉ុណ្ណោះ បើទោះជានាងស្រលាញ់មុខរបរមួយនេះខ្លាំងនិងបានតស៊ូជាច្រើនឆ្នាំមកហើយក្ដី ។


ក្នុងជំនួបតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៨ វិច្ឆិកា កែវ ពេជ្រពិសី ថាមូលហេតុដែលនាងសម្រេចចិត្តបើកហាងទាក់ទងសម្រស់នាពេលនេះដោយសារតែនាងបានតេស្ដអាជីវកម្មមួយនេះមួយរយៈហើយតាមរយៈការលក់តាមOnline និងឃើញថាលក់ដាច់ ដើរលើទីផ្សារ ទើបនាងឈានមកបើកជាហាងដែលមានទីតាំងច្បាស់លាស់ ដើម្បីឲ្យអតិថិជនកាន់តែមានទំនុកចិត្តថែមទៀត ព្រោះថាបច្ចុប្បន្នក៍មានអ្នកលក់តាមOnline ខ្លះបោកអតិថិជនដែរ អីចឹងបើកាលណាយើងមានហាងពិតប្រាកដអ្នកទិញគាត់មិនបារម្ភខ្លាចគេបោកទេ ។នាងថាបានដាក់ទុនលើការរកស៊ីមុខរបរថ្មីនេះក្នុងតំណាក់កាលដំបូងពី៤ទៅ៥ម៉ឺនដុល្លារហើយដែលផលិតផលនោះនាងនាំយកពីប្រទេសកូរ៉េ និងកាណាដាមកលក់នៅខ្មែរ ហើយមិនមែនផ្ដោតតែលើការលក់ឲ្យតារាៗទេ គឺសំដៅដល់អតិថិជនទូទៅតែម្ដង ។


ការបើកហាង«Starface Shop Cambodia » នេះរបស់កែវ ពេជ្រពិសី បន្ទាប់ពីមិត្តភក្ដិដ៍ជិតដិតរបស់នាងម្នាក់នោះគឺអ្នកនាងដាញ់ ម៉ូនីកា បានចុះមកពីអូស្រា្ដលីមកបើកហាងនៅខ្មែរកាលពីចុងខែមករា ដែរ ប៉ុន្ដែពេជ្រពិសី ថាអំឡុងពេលដែលហាងសំអាងការនាងលក់មិនទាន់ដាច់នេះនាងនៅតែតំណើរការអាជីវកម្មទាំងពីរព្រមគ្នា ហើយក៍អាចឆ្លៀតថតភាពយន្ដបាន ប្រសិនបើមានផលិតករត្រូវការ ហើយសាច់រឿងនោះត្រូវនាងចង់សម្ដែងដែរនោះ។

កែវ ពេជ្រពិសី បន្ថែមថា«ទោះជាខ្ញុំទៅដល់ទៅទីណាក៍សិល្បៈនៅតែស្ថិតក្នុងបេះដូងខ្ញុំជានិច្ច។ខ្ញុំអាចឆ្លៀតសម្ដែងបានបើសិនជាផលិតករគាត់មានរឿងណាដែលខ្ញុំមើលទៅពេញចិត្តដែរ ប៉ុន្ដែអំឡុងពេលនេះខ្ញុំចំណាយពេលច្រើនទៅលើការពង្រឹងហាង ដើម្បីឲ្យអាជីវកម្មមួយនេះដើរទៅមុខតាមបំណងដែលយើងចង់បាន តែយើងគ្មានបំណងប្រជែងការកស៊ីនេះជាមួយអ្នកណាទេ» ។

ឆ្លើយតបសំណួរថាតើកែវ ពេជ្រពិសី ដាក់ទុករកស៊ីធំអំឡុងសេដ្ឋកិច្ចធ្លាក់នេះនាងមានការបារម្ភខ្លាចពិបាកវាយលុកទីផ្សារឬអត់នោះពិសី ថាបារម្ភចេះតែបារម្ភខ្លះហើយ តែការរកស៊ីមិនអាចចាំបានទេ គឺត្រូវតែទៅមុខ ហើយដោយសារតែមានការគាំទ្រពីអតិថិជនច្រើនដែរ ទើបនាងសម្រេចចិត្តបើកហាងនេះ ចំពេលដែលសេដ្ឋកិច្ចមិនសូវល្អ បែបនេះ។ ។នាងថាផលិតផលដែលនាំមកពីកូរ៉េ លក់តម្លៃធម្មតា អត់ថ្លៃពេកទេ ប៉ុន្ដែផលិតផលដែលនាំមកពីកាណាដានោះលក់ថ្លៃគួរសម ភ្ញៀវអាចច្រើនជាVIP ។

កែវ ពេជ្រពិសី បានភ្ជាប់ពាក្យជាមួយបុរសខ្មែរមកពីកាណាដាលោកពៅ សម្បត្តិ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ហើយនាងបានសម្រាលកូនប្រុសថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ។ពេជ្រពិសី ក៍មានគម្រោងចេញទៅរស់នៅប្រទេសកាណាដាតាមស្វាមីនាពេលខាងមុខដែរ ដើម្បីបានសញ្ជាតិកាណាដា និងស្វែងរកសាលារៀនល្អៗឲ្យកូននាងនៅទីនោះ ហើយនាងងាយស្រួលចុះឡើងពីខ្មែរទៅកាណាដា ខណៈដែលបច្ចុប្បន្នលោកសម្បត្ដិ ក៍មានមុខរបរនៅខ្មែរដែរ ។ប៉ុន្ដែមុនបើកហាងថ្មីនេះពេជ្រពិសី នៅមិនទាន់សម្រេចបំណងចង់បានកូនទី២ឡើយ ៕

