សុខ ពិសី ពិតជាមានការតុបតែងខ្លួនបានយ៉ាងស្អាត គួរឲ្យទាក់ទាញខ្លាំង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ចំថ្ងៃបុណ្យនៃក្ដីស្រលាញ់ នៅពេលដែលនាងបានបង្ហាញខ្លួនលើឆាកតន្ដ្រី ”Ganzberg“ នៅមជ្ឈមណ្ឌលកោះពេជ្រ ដែលផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៏អាស៊ីអាគ្នេយ៍ នោះ។ ប៉ុន្ដែអ្វីដែលអ្នកទស្សនាមានការចាប់អារម្មណ៍ខ្លាំងនោះ គឺពិសី បានស្រក់ទឹកភ្នែកពិតៗលើឆាកតន្ដ្រី នៅពេលដែលនាងច្រៀងបទ ”ក្រៅពីបង មានអ្នកណាស្រលាញ់អូន” ទស្សនិកជនជាច្រើនយល់ថា សុខ ពិសី អាចនឹងត្រូវគូស្នេហ៍ដែលគេល្បីថា ជាលោកថៅកែក្មេងផលិតកម្មសាន់ដេ លោកឡាយ សុខចំរើន ហៅសេង នោះ មិនអើពើជូនកាដូដល់នាងដូចគូស្នេហ៍ដទៃទៀត ទើបធ្វើឲ្យតារាស្រីល្បីជាងគេ នៅផលិតកម្មសាន់ដេ រូបនេះ តូចចិត្តក៍ទប់ទឹកភ្នែកមិនជាប់ រហូតបណ្ដោយឲ្យស្រក់ទឹកនេត្រាហូរកាត់ផែនថ្ពាល់ដ៏សខ្ចីម៉ដ្ថខៃនោះ ចុះមកទាំងមិនដឹងខ្លួនតែម្ដង។ អ្នកខ្លះទៀតនិយាយថា សុខ ពិសី អាចនឹងប្រឈមស្នេហារង្គោះរង្គើផងដែរ នាពេលនេះ ព្រោះមើលទៅស្ថានភាពរបស់តារាស្រីស្អាតរូបនេះ ហាក់ដូចជាកំពុងតែមាន ”វិបត្តិស្នេហ៍”។
ក្នុងជំនួបផ្ទាល់នោះ សុខ ពិសី វាចាថា ”ខ្ញុំគ្មានបញ្ហាផ្លូវចិត្តអីទេ មានតែសប្បាយចិត្ត ព្រោះថ្ងៃបុណ្យនៃក្ដីស្រលាញ់ នេះ ខ្ញុំទទួលបានកាដូបាច់ផ្កាមួយចំនួន ពីអ្នកគាំទ្រ (Fan) ដែលស្រលាញ់គាំទ្រខ្ញុំ។ ចំពោះរឿងដែលគេថា ខ្ញុំមានស្នេហាជាមួយលោកសេង នោះ គ្រាន់តែជាការលេចឭប៉ុណ្ណោះ ដោយសារតែពួកគាត់ឃើញខ្ញុំស្និទ្ធស្នាលគ្នា តែខ្ញុំចង់ប្រាប់ថា គ្រាន់តែជាភាពស្និទ្ធស្នាលរវាងមេនិងកូនចៅទេ ហើយតារាផ្សេងៗទៀត ក៏ដូច្នេះដែរ។ ពេលនេះខ្ញុំផ្ដោតលើការងារសិល្បៈច្រើនជាងស្នេហា ហើយក៏មិនទាន់អាចកំណត់ថា ពេលណាទើបគិតគូររឿងរៀបការដែរ”។
សុខ ពិសី នៅតែជាតារាស្រីដែលនាំមុខគេ នៅសាន់ដេ គិតត្រឹមឆ្នាំ២០១៧ នេះ មិនត្រឹមតែមានរូបសម្រស់កាន់តែគួរឲ្យបេត្តីនោះទេ តែក្បាច់រាំនាង ក៏គួរឲ្យក្នក់ក្នាញ់ដែរ តាមរយៈបទ ”រអ៊ូ” និងបទ ”សម្លឹងអីយ៉ាងនេះ”។
មហាជនរង់ចាំមើលថា ពិសី នឹងលាតត្រដាងរឿងស្នេហ៍ជាចំហនៅពេលណា ព្រោះពេលនេះ មានសេដ្ឋីៗមិនតិចឡើយ ដែលខកចិត្ត ពេលដែលឭថា ស្រីស្អាតរូបនេះជាសង្សារលោកសេង តែនាងបានច្រានចោល៕