Wednesday, December 25, 2024
Homeបរិយាយអ្នក​ទោស​ឧក្រិដ្ឋ​មិន​គោរព​អ្នក​ធំ

អ្នក​ទោស​ឧក្រិដ្ឋ​មិន​គោរព​អ្នក​ធំ

យោងតាមគម្ពីរដីកាក្នុងព្រះពុទ្ធសាសនា ក៏ដូចប្រវត្តិសាស្ត្រ បុគ្គលដែលក្លាយជាអ្នកទោសឧក្រិដ្ឋ ឬជាប់សង្ស័យថាបាន ប្រព្រឹត្តឧក្រិដ្ឋកម្ម ជាជនក្បត់ជាតិ ជាដើម បើជននោះជាអ្នកចេះដឹង គឺមិនបន្ទន់កាយគោរពអ្នកធំណាឡើយ សូម្បីតែ ព្រះមហាក្សត្រ ក៏មិនថ្វាយបង្គំដែរ រីឯអ្នកធំ ក៏មិនអាចក្រោកទទួលអ្នកទោសឧក្រិដ្ឋបានដែរ ទោះបីអ្នកទោសនោះជាស្តេច ក៏ដោយ។ ករណីលោកគឹម សុខ ទោះបីមិនទាន់ក្លាយជាអ្នកទោស ក៏កំពុងរងការចោទប្រកាន់ពីដើមបណ្តឹង មិនអាចចៀស ផុតពីការជាប់ពន្ធនាគារបានឡើយ ប៉ុន្តែ លោកមានឥរិយាបថ “មិនគោរពអ្នកធំ” ស្រដៀងនឹងរឿងនិទានជាតកនានា ដែល “នគរធំ” សូមលើកករណី “អ្នកទោសឧក្រិដ្ឋមិនគោរពអ្នកធំ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

លោកគឹម សុខ ដែលទើបនឹងលេចមុខក្រោយគេក្នុងការរិះគន់សង្គម ត្រូវតុលាការកោះហៅចូលសាកសួរ ពាក់ព័ន្ធ នឹងបណ្តឹងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ទាក់ទងដល់ឃាតកម្មលោកបណ្ឌិតកែម ឡី។ ទោះបីមិនទាន់មានការកាត់ទោស ក៏មជ្ឈដ្ឋានមហាជនមើលឃើញថា លោកគឹម សុខ មិនខុសពី “ពងមាន់ជល់នឹងថ្ម” ចៀសមិនផុតពីជាប់ពន្ធនាគារ។ ទោស កំហុសបរិហារកេរ្តិ៍ ពុំមែនជាទោសឧក្រិដ្ឋនោះទេ បើសិនជាលោកគឹម សុខ បន្ទន់ឥរិយាបថសុំខមាទោសដើមបណ្តឹង ប្រហែល ជាមានការអនុគ្រោះខ្លះៗមិនខាន ប៉ុន្តែ លោកគឹម សុខ នៅតែរក្សាគោលជំហរដដែល ដោយបន្តវាយបន្ថែម រហូតរងបណ្តឹង ២ករណីផ្ទួនៗ។

ដូច្នេះករណីជនសង្ស័យមិនទាន់មានសាលក្រមផ្តន្ទាទោសពីចៅក្រម បង្ហាញភាពក្លាហានមិនខ្លាចខ្នោះឃ្នាង ឬមិនគោរព នាយករដ្ឋមន្ត្រី ជាដើមបណ្តឹង អាចដើរជាន់រឿងជាតកក្នុងព្រះពុទ្ធសាសនា។ នៅក្នុងរឿង “មឃមាណព” បានតំណាលពី ចៅមាណពម្នាក់ បានទៅបបួលមិត្តភក្តិ៣៣នាក់ លើកដីជួសជុលផ្លូវក្រហេងក្រហូងឱ្យស្រួលធ្វើដំណើរ បណ្តាលឱ្យ “គាម ភោជក” (មេស្រុក) អាក់អន់ចិត្ត គិតថា ពួកនេះបើចូលមកធ្វើការបម្រើគាត់បានប្រយោជន៍ជាង តែបែរជានាំគ្នាទៅជួសជុល ផ្លូវទៅវិញ។ គាមភោជកនោះ ក៏ឡើងទៅប្តឹងដល់ព្រះមហាក្សត្រ ចោទប្រកាន់ថា មឃមាណព និងបក្ខពួក ជាចោរព្រៃ ធ្វើផ្លូវដើម្បីស្រួលចេញប្លន់ និងបះបោរដណ្តើមរាជបល្ល័ង្ក។ ស្តេចជឿតាម ក៏ត្រាស់បង្គាប់ពលសេនាទៅនាំខ្លួនមឃមាណព និងមិត្តភក្តិមកសាកសួរ លុះមកដល់ មឃមាណព មិនព្រមឱនថ្វាយបង្គំស្តេច បណ្តាលឱ្យស្តេចខ្ញាល់ ត្រាស់សួរថា “ហេតុអ្វី ប្រស្តែងមិនថ្វាយបង្គំយើង?” ចៅមាណពក៏ឆ្លើយថា “ធម្មតាអ្នកទោសដល់ជីវិត មិនគួរគោរពឥស្សរជនណាទេ ព្រោះការ គោរពចុងក្រោយមុនស្លាប់បែបនេះ មិនបានប្រយោជន៍អ្វីទាំងអស់!” ស្តេចទ្រង់ព្រះសណ្តាប់កាន់តែពិរោធខ្លាំង ក៏ត្រាស់បង្គាប់ ពេជ្ឈឃាត ឱ្យចាប់មឃមាណព និងបរិវារ៣៣នាក់នោះ ទៅដាក់កណ្តាលព្រលានដំរី យកកន្ទេលគ្របពីលើ រួចឱ្យលែងដំរី ចុះប្រេង១ក្បាល ទៅព្រេចសម្លាប់។ ហេតុតែកុសលផលបុណ្យនៃការជួសជុលផ្លូវជួយទ្រទ្រង់ ដំរីចុះប្រេងមិនហ៊ានជាន់ សម្លាប់ទេ គ្រាន់តែដើរក្រឡឹង លើកប្រមោយវន្ទាតែប៉ុណ្ណោះ ធ្វើឱ្យស្តេចងឿងឆ្ងល់ ក៏ឱ្យស្រាយចំណងមកសួរជាថ្មី។ លុះ បានដឹងច្បាស់នូវអំពើល្អក្នុងការកសាងជាតិរបស់មឃមាណព ទើបព្រះអង្គដោះលែងឱ្យមានសេរីភាពវិញ និងតែងតាំងគាត់ ជាគាមភោជក (មេស្រុក ឬចៅហ្វាយស្រុក) រីឯមេស្រុកចាស់នោះ ត្រូវស្តេចដកហូតតំណែង។ លុះអស់អាយុសង្ខារ មឃ- មាណព បានទៅកើតជា ព្រះឥន្ទ្រាធិរាជ មិត្តភក្តិគាត់ក៏បានទៅកើតជាទេវបុត្រ រីឯដំរីចុះប្រេង បានទៅកើតជាដំរីឰរាវ័ណ (ដំរីក្បាល៣ ជាជំនិះព្រះឥន្ទ)៘

ដោយឡែក នៅក្នុងរឿង “តេជោយ៉ត” ក៏មានចារទុកយ៉ាងច្បាស់ ពីឧក្រិដ្ឋកម្មរបស់មេទ័ពចិត្តមោះមុតនេះ ដែលហ៊ាន សម្លាប់អ្នកម្នាងនូ ព្រោះតែអ្នកម្នាងនេះធ្វើឱ្យខូចផែនការសង្គ្រាម។ បន្ទាប់ពីច្បាំងឈ្នះសៀម តេជោយ៉ត ធ្វើឃ្នាងដាក់ខ្លួន- ឯង ឱ្យសេនាជំនិតអូសទៅថ្វាយស្តេចកាត់ទោស ដោយមិនចាំមានព្រះរាជបញ្ជា។ ការមិនចាំមានព្រះរាជបញ្ជាបែបនេះ ឈ្មោះ ថា តេជោយ៉ត មិនគោរពព្រះមហាក្សត្រ ឯករណីមិនគោរព គឺមកពីគាត់ដឹងខ្លួនថា មានកំហុសធ្ងន់ ជាឧក្រិដ្ឋជន ត្រៀម ខ្លួនស្លាប់រួចទៅហើយ ដែលភាពក្លាហានរបស់គាត់ ធ្វើឱ្យព្រះបាទជ័យជេដ្ឋាទី២ មិនហ៊ានយកទោសគាត់ ហើយក៏មិនហ៊ាន កាន់ជើងមហេសី។

សូក្រាត (Socrate) ទស្សនវិទូក្រិកដ៏ល្បីល្បាញ ក៏មានភាពក្លាហាន មិនគោរពអ្នកធំ ឬតុលាការក្រុងអាថែន នោះ ឡើយ ដោយគាត់សុខចិត្តស្លាប់ដើម្បីយុត្តិធម៌។ សូក្រាត កើតនៅឆ្នាំ៤៦៩ មុនគ្រិស្តសករាជ ជិតក្រុងអាថែន នៃប្រទេស ក្រិក លោកក្លាយជាទស្សនវិទូ បន្សល់ទ្រឹស្តីអប់រំរាប់មិនអស់។ ក្រោយមក គាត់ត្រូវជាប់ពិរុទ្ធពីបទ “ប្រមាថមើលងាយ សាសនា និងបំបះបំបោរយុវជនឱ្យងើបប្រឆាំងអាជ្ញាធរដែនដី” នៅពេលសមត្ថកិច្ចចាប់ខ្លួន គាត់មិនគោរពតុលាការ និង ឥស្សរជនណាឡើយ ដោយនិយាយថា “ច្បាប់ដែលបង្កើតឡើងដោយច្បាប់ ទើបមានយុត្តិធម៌ ក៏ប៉ុន្តែ បើច្បាប់កើតឡើង អំពីមនុស្ស គឺពិតជាមានអយុត្តិធម៌ លម្អៀងមិនខាន”។ នៅពេលនាំទៅកាត់ទោស សូក្រាត បានស្រែកផ្តាំកូនសិស្សថា “កុំ ប្រឆាំងនឹងអ្វីដែលគេសម្រេចរួចហើយនោះឱ្យសោះ ដើម្បីកុំឱ្យមានការប្រេះឆា និងអន្តរាយដល់អ្នកទាំងអស់គ្នា”។ ទីបំផុត សូក្រាត សុខចិត្តស្លាប់ដោយមិនចាំបាច់ពេជ្ឈឃាតសម្លាប់ ដោយទទួលថ្នាំពុលពីដៃឆ្មាំគុកមកផឹក និងទទួលមរណភាពក្នុង ពន្ធនាគារ…។

ការលើកបង្ហាញដោយត្រួសៗ នូវរឿង “មឃមាណព” រឿង “តេជោយ៉ត” និងរឿង “សូក្រាត” គឺជាទឡ្ហីករណ៍បង្ហាញ ថា អ្នកទោសធ្ងន់មិនគោរពអ្នកធំ មិនខ្លាចតុលាការ តែសុខចិត្តស្លាប់ ឬទទួលទណ្ឌកម្មតាមសាលក្រម មិនគេចវេះទៅណា ឡើយ។ ឥឡូវនៅពេលឃើញលោកគឹម សុខ សម្តែងភាពក្លាហាន មិនគោរពអ្នកដឹកនាំប្រទេស មិនខ្លាចតុលាការ មិនញញើត ពន្ធនាគារបែបនេះ ធ្វើឱ្យយើងនឹកឃើញដល់មឃមាណព តេជោយ៉ត សូក្រាត ដែលធ្វើសកម្មភាពដូចរៀបរាប់ខាងលើ។ តាមពិត បណ្តឹងបរិហារកេរ្តិ៍នោះ មិនដល់ថ្នាក់ទោសឧក្រិដ្ឋនោះទេ យ៉ាងយូរជាប់គុក២ឆ្នាំ និងពិន័យជាប្រាក់តាមច្បាប់កំណត់ ប៉ុន្តែ ករណីលោកគឹម សុខ ថា “៥០ម៉ឺនដុល្លារ ខ្ញុំមានលុយឯណាសង ទាល់តែមានសិទ្ធិលក់ស្តាតអូឡូពិំកដូចគេ” សម្តី១ ឃ្លានេះ កាន់តែបង្ហាញថា ជនសង្ស័យប្រកាន់ជំហរម៉ឺងម៉ាត់ មិនគោរព មិនខ្លាច មិនញញើតអ្វីៗទាំងអស់។

កាលពីសម័យសង្គមរាស្ត្រនិយម ខ្មែរសេរីម្នាក់ ឈ្មោះព្រាប អ៊ិន ក៏មានភាពក្លាហានយ៉ាងនេះដែរ គាត់មិនព្រមទទួល កំហុស មិនសារភាព មិនខ្លាចស្លាប់ ទីបំផុតក៏ត្រូវតុលាការសឹកសម័យនោះ កាត់ទោសប្រហារជីវិត ដោយយកទៅបាញ់សម្លាប់ នៅជើងភ្នំត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ។ មុនពេលស្លាប់នោះ លោកព្រាប អ៊ិន ស្លៀកពាក់យ៉ាងសង្ហា ដាក់អាវក្នុងខោ សើច ដាក់អាចារ្យដែលមកឱ្យធម៌អរហំ ដល់គាត់ ហើយទោះបីជាពេជ្ឈឃាតនាំទៅចងភ្ជាប់នឹងសសរ ក៏គាត់មិនតក់ស្លុត។ ការ ប្រហារជីវិតព្រាប អ៊ិន ត្រូវថតជាខ្សែភាពយន្តឯកសារ ធ្វើឱ្យទស្សនិកជនតក់ស្លុតគ្រប់គ្នា ប៉ុន្តែ អ្នកទោសជាប់ចោទពីបទ ក្បត់ជាតិនេះ បែរជាមិនខ្លាចមច្ចុរាជ។

ទោះយ៉ាងណា ក៏លោកគឹម សុខ ពុំមែនជាមឃមាណព ជាតេជោយ៉ត ជាសូក្រាត ឬជាព្រាប អ៊ិន នោះឡើយ គាត់ ជាបុគ្គលសាមញ្ញ ដែលទៅរៀនស្រុកចិន តែមិនចូលចិត្តលទ្ធិកុម្មុយនិស្តតាមចិន។ គាត់ក្លាហានពេក ក៏ចោទប្រកាន់គេអត់ ភ័ស្តុតាង គ្មានឯកសារយោងដូចអ្វីដែលលោកបណ្ឌិតសុខ ទូច បានលើកឡើង។ ប៉ុន្តែយ៉ាងណា មនុស្សដែលកំពុងរងសម្ពាធ ពីតុលាការ លែងខ្លាចគុកច្រវាក់ ខ្នោះឃ្នាងទៅហើយនោះ ក៏មិនគួរអ្នកវិភាគទៅឆ្លើយឆ្លងវាយតម្លៃអ្វីដែរ គួរយកគំរូតាម ព្រះបាទជ័យជេដ្ឋាទី២ ដែលព្រះអង្គនៅតែស្ងៀម សុខចិត្តយាងចេញមិនឱ្យជួបមុខមេទ័ពធំដែលដាក់ឃ្នាងខ្លួនឯងនោះ។

សរុបទៅ “អ្នកទោសឧក្រិដ្ឋ មិនគោរពអ្នកធំ” ជាការដកស្រង់រឿងជាតក និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ មកបង្ហាញ ប្រៀប- ធៀបនឹងឥរិយាបថលោកគឹម សុខ ដែលមិនខ្លាចតុលាការ មិនញញើតអ្នកធំនេះឯង។ ហេតុការណ៍អ្វីដែលកើតឡើងក្នុង បច្ចុប្បន្ន តែងចៀសមិនផុតពីការដើរជាន់អតីតកាល និងត្រូវចេះកែលម្អបច្ចុប្បន្ន ទើបរកអនាគតឃើញ៕ ដោយ អាចារ្យថាំ

RELATED ARTICLES