ហ្វីលីពីន៖ យោធាបានឲ្យដឹងនៅថ្ងៃសុក្រនេះថាមនុស្ស៥នាក់ត្រូវបានសម្លាប់ហើយជាច្រើននាក់រងរបួសក្នុងការវាយប្រហារមួយពីសំណាក់ក្រុមឧទ្ទាមភាគខាងត្បូងប្រទេសហ្វីលីពីនកាលពីថ្ងៃព្រហស្បត្តិ៍។
យោងតាមអ្នកនាំពាក្យកងពលទ័ពថ្មើជើងទី១០ហ្វីលីពីនលោកអនុសេនីយឯក Rhyan Batchar បានថ្លែងថាអ្នកស្លាប់ទាំងនោះរាប់បញ្ចូលទាហានពីរនាក់និងទ័ពព្រៃរបស់ទាហានប្រជាជនថ្មី (NPA) ៣នាក់ ខណៈទាហាន១៥នាក់ក៏រងរបួសផងដែរ។
លោក Batchar បានថ្លែងថាយោធាដែលរងរបួសនិងស្លាប់ទាំងនោះបានកើតបន្ទាប់ពីក្រុមអ្នកបះបោរបានរៀបចំបង្កៃគ្រឿងផ្ទុះដាក់ក្បួនរថយន្តកងទ័ពដើម្បីឆ្លើយតបនឹងការដុតបំផ្លាញសម្ភារៈផ្សេងៗជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចែកចាយអាហារអាមេរិកខាងជើងប្រចាំហ្វីលីពីន Del Monte Philippines ក្នុងស្រុកCalinan ដែលស្ថិតនៅចម្ងាយ១៥គីឡូម៉ែត្រនៃភាគអាគ្នេយ៍ក្រុង Davao ។
លោកបានបន្ថែមថាទាហានពីរនាក់បានស្លាប់បាត់បង់ជីវិតក្នុងការបំផ្ទុះគ្រាប់បែកខណៈ១៥នាក់ទៀតរងរបួសហើយពួកឧទ្ទាម២នាក់ក៏ត្រូវបានសម្លាប់ផងដែរក្នុងរង្វង់ម៉ោង៤រសៀលក្នុងស្រុក។
ទោះជាយ៉ាងណាអ្នកនាំពាក្យកងទ័ពបានបញ្ជា់ថា អ្នកបះបោរម្នាក់ក៏ត្រូវបានសម្លាប់ផងដែរនៅពេលក្រុមឧទ្ទាមបានវាយប្រហារលើកងជីវពលម្នាក់នៅក្បែរភូមិ Binaton ជិតស្រុក Paquibato ក្នុងរង្វង់ម៉ោង៥ទៀបភ្លឺ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា