Tuesday, November 19, 2024
Homeព័ត៌មានអន្តរជាតិចូ បៃដិន អនុញ្ញាតឲ្យអ៊ុយក្រែន ប្រើមីសស៊ីលរយៈចម្ងាយឆ្ងាយ វា.../យប្រ---/ហាររុស្ស៊ី

ចូ បៃដិន អនុញ្ញាតឲ្យអ៊ុយក្រែន ប្រើមីសស៊ីលរយៈចម្ងាយឆ្ងាយ វា…/យប្រ—/ហាររុស្ស៊ី

សហរដ្ឋអាមេរិក ៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីចាំផ្ទះ នៃសហរដ្ឋអាមេរិក បានផ្តល់ការអនុញ្ញាតឲ្យអ៊ុយក្រែន ប្រើប្រាស់មីសស៊ីលរយៈចម្ងាយឆ្ងាយ ដែលសហ រដ្ឋអាមេរិក បានផ្តល់ឲ្យ វាយប្រហារលើរុស្ស៊ី បានហើយ។

ទូរទស្សន៍ CNN និង CBS News របស់សហរដ្ឋអាមេរិក បានរាយការណ៍ ដោយដកស្រង់ការលាតត្រដាងរបស់មន្ត្រីជាន់ខ្ពស់អាមេរិក ដែលថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលអាណត្តិរបស់គាត់ផុតកំណត់ ក្នុងរយៈពេលតិចជាង ២ខែ បានអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើមីសស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក “ATACMS” វាយប្រហារនៅក្នុងទឹកដីរុស្ស៊ី បាន។

ចំណាត់ការចុងក្រោយនេះ កើតឡើងនៅពេលរុស្ស៊ី បញ្ជូនទាហានជាង ៥០ ០០០នាក់ ទៅកាន់តំបន់ខឺស្ក (Kursk) ភាគខាងត្បូងនៃប្រទេស ដើម្បីវាយយកដីមកវិញ បន្ទាប់ពីការវាយប្រហារដោយគ្រាប់ផ្លោងរបស់កងកម្លាំងអ៊ុយក្រែន ដែលបានដណ្តើមកាន់កាប់តំបន់មួយចំនួនកាលពីប៉ុន្មានខែមុន ហើយទាហានកូរ៉េខាងជើង រាប់ពាន់នាក់ ត្រូវបានគេនិយាយថា ក៏ត្រូវបានបញ្ជូនទៅចូលរួមប្រតិបត្តិការផងដែរ។

រហូតមកដល់ពេលនេះ មិនមានការបញ្ជាក់ពីសេតវិមាន ឬមន្ទីរបញ្ចកោណ ក្រសួងការពារជាតិអាមេរិក នៅ ឡើយ។ ប៉ុន្តែប្រភពព័ត៌មានបានបញ្ជាក់ថា លោកចូ បៃដិន និងទីប្រឹក្សារបស់គាត់ បារម្ភរឿងនេះ។ ការចូលរួមរបស់កូរ៉េខាងជើង ក្នុងជម្លោះ អាចធ្វើឱ្យសង្គ្រាមឈានចូលដល់ដំណាក់កាលថ្មីដែលគ្រោះថ្នាក់ជាងមុន។ ដូច្នេះគាត់បានសម្រេចចិត្តថា អ៊ុយក្រែន អាចប្រើប្រាស់បាននូវ “ប្រព័ន្ធមីសស៊ីលយុទ្ធសាស្ត្រ” (ATACMS) វាយប្រហារចូលទឹកដីរុស្ស៊ី បាន។

ការបាញ់មីសស៊ីលរយៈចម្ងាយឆ្ងាយ ចូលទៅក្នុងទឹកដីរុស្ស៊ី គឺជាអ្វីដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បានអំពាវនាវជាយូរមកហើយ ហើយសហរដ្ឋអាមេរិក បាននិងកំពុងពិចារណាលើបញ្ហានេះ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ព្រោះមានការសម្តែងការព្រួយបារម្ភថា ការអនុ ញ្ញាតបែបនេះ អាចបណ្តាលឱ្យសង្រ្គាម កាន់តែកើនឡើង ឬវាអាចបំផ្លាញឃ្លាំងអាវុធរបស់អាមេរិក។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានព្រមានកាលពីខែកញ្ញា ថា បើលោកខាងលិចអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើកាំជ្រួចលោកខាងលិច វាយប្រហាលើទឹកដីរុស្ស៊ី នោះរដ្ឋបាលទីក្រុងម៉ូស្គូ នឹងពិចារណាថា ណាតូ បានចូលក្នុងជម្លោះដោយផ្ទាល់ ហើយនោះមានន័យថា ប្រទេសសមាជិកណាតូ រួមមាន សហរដ្ឋអាមេរិក និងប្រជាជាតិអឺរ៉ុប កំពុងប្រយុទ្ធជាមួយរុស្ស៊ី ៕

RELATED ARTICLES