អ្នកប្រដាល់ជើងខ្លាំង ផាន់ គ្រាន់ ក្លិបគុជសាកីឡា ប៉ះអ្នកប្រដាល់ថៃ Sang Yout ទម្ងន់៦៧ គីឡូក្រាម រីឯ អ្នកប្រដាល់ រឿង សារ័ត្ន ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ជួបអ្នកប្រដាល់ថៃ Phik Rabkhav ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម នាព្រឹកថ្ងៃអាទិត្យទី១៩ ខែកុម្ភ ឆ្នាំ២០១៧នេះ នៅលើសង្វៀនSEATV។
សម្រាប់ការជួបរវាង ផាន់ គ្រាន់ និង Sang Yout អាចនឹងមានស្ថានភាពតឹងតែងគួរសមដែរ ដោយអ្នកប្រដាល់ថៃ Sang Yout ខ្លាំងនិងរឹងមាំ មិនងាយស្រួលនឹងបង្ក្រាបទេ។ Sang Yout មានប្រវត្តិប្រកួតចំនួន៩០ លើក ក្នុងនោះឈ្នះ៦៨លើក ចាញ់១៩លើក និងស្មើ៣លើក។ ចំពោះផាន់ គ្រាន់វិញ ធ្លាប់ជួបប្រកួតជាមួយថៃញឹកញាប់ហើយ ប្រកួតចុងក្រោយវាយស្មើជាមួយអ្នកប្រដាល់ថៃ Yorth Nakrab។ ផាន់ គ្រាន់ មានប្រវត្តិប្រកួតចំនួន៨៣លើក ឈ្នះ៦៨លើក ចាញ់១៣លើក និងស្មើ០២លើក ហើយធ្លាប់ផ្តួលគូប្រកួតអោយសន្លប់លើរេញចំនួន២១លើក។
ចំពោះអ្នកប្រដាល់ រឿង សារ័ត្ន ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ជួបអ្នកប្រដាល់ថៃ Phik Rabkhav ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។ Phik Rabkhav មានប្រវត្តិប្រកួតចំនួន៦៣លើក ហើយក្នុងនោះគេវាយឈ្នះ៥៧លើក ចាញ់០៥លើក និងស្មើ០១លើក។ នេះគឺជាលើកទី២ សម្រាប់អ្នកប្រដាល់ថៃរូបនេះ ដែលមកប្រកួតជាមួយអ្នកប្រដាល់កម្ពុជា ។ លើកមុន គេវាយស្មើជាមួយ ឆៃ សារ៉ា អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិនោះ។ អ្នកប្រដាល់ថៃរូបនេះ មានឈ្មោះល្បីនៅក្នុងប្រទេសថៃ ដែលមានថ្វីកែងល្អ និងកណ្តាប់ដៃខ្លាំង រហ័សហើយលឿន។
ចំណែករឿង សារ័ត្ន មិនធ្លាប់ប្រកួតប៉ះអ្នកប្រដាល់ថៃទេ តែចំពោះអ្នកប្រដាល់រួមជាតិវិញ ហាក់ដូចជាបង្ក្រាបសឹងតែអស់ទៅហើយ ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមនេះ។ សារ័ត្ន ជាអ្នកប្រដាល់ដែលមានអំណោយផលល្អខាងកាយសម្បទា ល្អទាំងកណ្តាប់ដៃ ជង្គង់ និងកែង។ អ្នកប្រដាល់រូបនេះ មានកំនត់ត្រាប្រកួតចំនួន៦៦លើក ឈ្នះ៥៣លើក ចាញ់១១លើក និងស្មើ២លើក ហើយធ្លាប់ផ្តួលដៃគូអោយសន្លប់ជាច្រើនលើក៕