Saturday, October 19, 2024
Homeតារាខ្មែរងួន ចាន់ដេវីត បកស្រាយរឿងជម្លោះជាមួយពេជ្រ សោភា

ងួន ចាន់ដេវីត បកស្រាយរឿងជម្លោះជាមួយពេជ្រ សោភា

​ម្ចាស់បទ ”រាំញីកែងជើង” លោកងួន ចាន់ដេវីដ ហៅ G-Davit មានព័ត៌មានថា កំពុងតែមានជម្លោះខ្លាំងជាមួយអ្នកមេម៉ាយពេជ្រ សោភា មួយរយៈចុងក្រោយនេះ រហូតដល់ពួកគេចែកផ្លូវគ្នា លែងចាប់ដៃគូច្រៀងលើឆាកតន្ដ្រីទៀតហើយ។

តាមព័ត៌មានថា ទំនាស់នេះកើតឡើងដោយសារតែពេជ្រ សោភា លែងសូវខ្វល់ខ្វាយរឿងធ្វើបទច្រៀងជាមួយដេវីត ដោយសារតែរវល់រឿងស្នេហ៏ផ្អែមល្ហែមក្លែងក្លាយជាមួយលោកឆឹម សក្កដា ទើបដេវីត ចង់ងាកទៅចាប់ដៃជាមួយនាងទេព បូព្រឹក្ស ដែលមិនដែលត្រូវគ្នាទាល់តែសោះជាមួយពេជ្រ សោភា នោះ ទើបនាំឲ្យសោភា ខឹង ហើយលែងចង់ច្រៀងដៃគូជាមួយដេវីត ទៀតហើយ។

ក្នុងជំនួបផ្ទាល់ជាមួយងួន ចាន់ដេវីត កាលពីថ្ងៃទី១៨ ខែកុម្ភៈ តារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បានបំភ្លឺថា ពេលនេះរូបគេពិតជាមិនសូវបានចាប់ដៃគូច្រៀងជាមួយពេជ្រ សោភាដូចមុនទេ ដោយសារតែម្ចាស់កម្មវិធីតម្រូវ តែតាមពិត លោកនិងសោភា មិនមានជម្លោះគ្នាឡើយ។

ដេវីត រៀបរាប់ថា ”និយាយទៅ មួយរយៈនេះ ទាំងខ្ញុំនិងបងភា សុទ្ធតែជាប់រវល់ដូចៗគ្នាតែម្ដងហើយតាមកម្មវិធីខ្លះ គេតម្រូវយកតែខ្ញុំ និងកម្មវិធីខ្លះទៀត គេយកតែបងភា អីចឹងបានជាអត់សូវឃើញខ្ញុំច្រៀងជាមួយគាត់ហ្នឹង។ ខ្ញុំនៅតែចាប់ដៃគូរច្រៀងជាមួយគាត់ (សោភា) អីចឹងបើមានកម្មវិធីតម្រូវ តែនិយាយតាមត្រង់ទៅ អ្នករៀបចំកម្មវិធីប្រគំតន្ដ្រីខ្លះថា គាត់ហៅពួកខ្ញុំទាំង២ ចាប់ដៃគ្នា មានការចំណាយច្រើន អីចឹងក៏ហៅតែម្នាក់ៗឯងវិញក៏មាន”។

ថ្វីត្បិតតែងួន ចាន់ដេវីត បានបដិសេដទំនាស់ជាមួយពេជ្រ​ សោភា ក្ដី តែគេចាប់អារម្មណ៏ថាសកម្មភាពអ្នកទាំង២ ពេលនេះ ពិតជាមិនដូចមុនឡើយ ពោលគឺបែរខ្នងដាក់គ្នាតែម្ដង។ទស្សនិកជនមួយចំនួនបានធ្វើការរិះគន់ទៅលើតារាចម្រៀងងួន ចាន់ដេវីត ថាជាក្រពើរ ជាពស់វែក ជាដើម ព្រោះថា ពេជ្រ សោភា ជាអ្នកនាំដេវីត ចូលហង្សមាស ដោយយកកិត្តិយលនាងមកធានា តែនៅទីបំផុត ពេលដេវីត បានល្បីហើយ បែរជាចង់ទៅចាប់ដៃគូរជាមួយនាងបូព្រឹក្ស ដែលជាគូបដិបក្ខរបស់សោភា ទៅវិញ។

ដេវីត អះអាងថា ”ខ្ញុំដឹងថា មានអ្នកខ្លះរិះគន់ខ្ញុំ តែមកពីមុនហ្នឹង ខ្ញុំមិនបានធ្វើការបកស្រាយដោយសារតែបងភា គាត់មិនទាន់បកស្រាយដែរ អីចឹងខ្ញុំនិយាយតែម្នាក់ឯង មិនកើត។ ខ្ញុំចង់ប្រាប់ថា ខ្ញុំមិនដែលភ្លេចគុណបងភា ទេ ហើយនៅតែបន្ដធ្វើបទចម្រៀងឲ្យគាត់ ពេលដែលគាត់ត្រូវការ ឬពេលខ្លះមិនបាច់គាត់ហាមាត់ផង ខ្ញុំធ្វើបទឲ្យគាត់ទៅហើយ។ បើមានឱកាស ខ្ញុំនឹងឡើងឆាកតន្ដ្រីចាប់ដៃគូជាមួយបងភា ជាថ្មី ដើម្បីកុំឲ្យមានពាក្យចរចាមអារ៉ាមច្រើនពេក”៕

RELATED ARTICLES