នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ តារាចម្រៀងកំពុងល្បីឈ្មោះ អ្នកនាងពេជ្រ សោភា បានឡើងបង្ហាញវត្តមាននៅលើឆាកតន្ត្រីសប្បុរធម៌ នៅទីលានប្រជាធិបតេយ្យ ប៉ះជាមួយក្រុមតារាចម្រៀងកូរ៉េ ២ក្រុម គឺក្រុម Million K-Pop និងក្រុម Wisdom ដែលទាញបានការគាំទ្រកក្រើកឆាកតន្ត្រីតែម្ដង។ នៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌រៃអង្គាសថវិកាជួយមន្ទីរពេទ្យគន្ធ បុប្ផា ដែលរៀបចំដោយក្រុមផលិតករកូរ៉េ និងទូរទស្សន៍ NTV នៅរាត្រីថ្ងៃទី១៩ កុម្ភៈនោះ មានតារាចម្រៀងខ្មែរ និងក្រុមតារាចម្រៀងកូរ៉េ បានបង្ហាញវត្តមានប៉ះគ្នា ដែលមានការ
ចាប់អារម្មណ៍ជាខ្លាំង ពោលគឺ ពេលក្រុមតារាចម្រៀងកូរ៉េ ល្បីឈ្មោះ២ក្រុម បង្ហាញទឹកដមសំឡេង រូបសម្រស់ដ៏ស្រស់ឆើតឆាយ និងក្បាច់រាំ យ៉ាងរស់រវើកផងនោះ ទាញបានការគាំទ្រគួរឲ្យកត់សម្គាល់ ហើយអ្វីដែលស្ទើរមិនគួរឲ្យជឿទៀតនោះ ពេលលេចវត្តមានអ្នកនាងពេជ្រ សោភា នៅលើឆា ក៏ធ្វើឲ្យអ្នកគាំទ្រពេញចិត្តផ្អើលឈូឆរកក្រើកឆាកផងដែរ ដែលធ្វើឲ្យព្រឹត្តិការណ៍ នោះទាញបានការចាប់អារម្មណ៍ជាខ្លាំងពីមហាជន ខណៈដែលធ្វើការផ្សាយផ្ទាល់ពីស្ថានីយទូរទស្សន៍ NTV ផងនោះ។
លោកសាម៉ន បណ្ឌិត្យ អគ្គនាយករងទូរទស្សន៍ NTV បានបង្ហាញពីចំណាប់អារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែង នៅពេលដែលការប្រគំតន្ត្រីសប្បុរសធម៌ជួយមន្ទីរពេទ្យគន្ធ បុប្ផា នោះដំណើរការរលូន និងទាញបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ហើយលោកក៏សូមអរគុណដល់ក្រុមហ៊ុនមួយចំនួនដែលចូលរួមឧបត្ថម្ភកម្មវិធីនេះ។ ជាពិសេសទៀតនោះ លោកក៏អរគុណដល់
សប្បុរសជននានាដែលចូលរួមចែករំលែកបរិច្ចាគនូវថវិការផ្ទាល់ខ្លួនដើម្បីជួយដល់មន្ទីរពេទ្យគន្ធ បុប្ផា។ ក្រៅពីប្រកូកប្រកាសឲ្យមហាជនចូលរួមបរិច្ចាគថវិការជួយមន្ទីពេទ្យគន្ធ បុប្ផា លោកសាម៉ន បណ្ឌិត្យ ក៏បានបើកយុទ្ធនាការផ្សព្វផ្សាយពីផលប៉ះពាល់នៃឥទ្ធពលគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ផងដែរ ខណៈដែលព្រឹត្តិការណ៍សប្បុរសធម៌តារាចម្រៀងខ្មែរប៉ះក្រុមចម្រៀងកូរ៉េ នេះ នឹងអាចកើតមាននៅពេលក្រោយទៀត៕