ក្រោយបាត់មុខឈឹងរយៈពេលជាច្រើនឆ្នាំ អតីតតារាសម្ដែងជើងចាស់ល្បីឈ្មោះ អ្នកនាងឯក អមរា ស្រាប់តែលេចវត្តមានជាថ្មីគួរឲ្យភ្ញាក់ផ្អើល នៅក្នុងពិធីក្រុងពលីរឿង ”នាវាជីវិត” របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍អប្សរា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ នេះ។ អ្នកនាងឯក អមរា ដែលល្បីឈ្មោះខ្លាំង នៅអំឡុងទស្សវត្សឆ្នាំ៨០ និង៩០ រួមជំនាន់ជាមួយលោកទេព រិន្ទដារ៉ូ លោកខៃ ប្រសិទ្ធិ អ្នកនាងអម្ពរ ទេវី សុខ ស្រីមុំ ចាន់ តារាទី និងតារាល្បីៗជាច្រើនរូបទៀតនោះ ស្រាប់តែដកខ្លួនថយពីពិភពសម្ដែង ស្ងាត់ៗបាត់មុខឈឹងជាច្រើនឆ្នាំ ខណៈដែលអ្នកខ្លះសង្ស័យថា ទំនងជាអ្នកនាងមានគ្រួសារចេញទៅរស់នៅក្រៅប្រទេសបាត់ទៅហើយ។ រីឯអ្នកខ្លះទៀត គិតថា ទំនងជាអ្នកនាងមានស្វាមីជាមន្ត្រីធំ សម្ងំធ្វើជំទាវ លែងអើពើពីអាជីពសិល្បៈ។
យ៉ាងណា នៅព្រឹកមិញនេះ ក្នុងពិធីក្រុងពលីរឿង ”នាវាជីវិត” ដែលដឹកនាំសម្ដែងដោយលោកគាំ ចន្ធី ស្រាប់តែលេចវត្តមានអ្នកនាងឯក អមរា ដែលមានការសង្ស័យថា ទំនងជាអ្នកនាងវិលមកប្រឡូកនៅក្នុងវិស័យភាពយន្តជាថ្មី។ អ្នកនាងឯក អមរា សុំមិនផ្ដល់បទសម្ភាសន៍លម្អិតពាក់ព័ន្ធនឹងជីវិតឯកជនរបស់នាងទេ ដោយគ្រាន់តែបញ្ជាក់ថា អ្នកនាងពុំបានវិលមកលេងសិល្បៈវិញទេ ដោយគ្រាន់តែមកចូលរួមពិធីក្រុងពលីរឿងតែប៉ុណ្ណោះ ហើយប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកនាងរស់នៅស្រុកខ្មែរ គឺពុំបានទៅរស់នៅក្រៅប្រទេស ដូចការលេចឮនោះទេ។
អតីតតារាចម្រៀងល្បីល្បាញរូបនេះ បានបង្ហាញពីសកម្មភាពរួសរាយរាក់ទាក់ចំពោះតារាសិល្បៈជំនាន់ក្រោយ ហាក់បញ្ជាក់ថា អ្នកនៅតែស្រលាញ់វិស័យនេះ គ្រាន់តែអ្នកនាងមិនចង់ប្រឡូកជាថ្មី។
តាមដំណឹងថា បច្ចុប្បន្ននេះ អ្នកនាងឯក អមរា មានហាងកាត់សក់ ធ្វើក្រចក ទ្រង់ទ្រាយតូចមួយ នៅម្ដុំផ្លូវត្រសក់ផ្អែម រាជធានីភ្នំពេញ គឺពុំមានជីវភាពហ៊ឺហា សម្ងំធ្វើជំទាវដូចការចោទឡើងនោះទេ៕