Thursday, December 26, 2024
Homeតារាខ្មែរពេជ្រ សោភាៈ លេចមុខនៅផលិតកម្មថ្មី

ពេជ្រ សោភាៈ លេចមុខនៅផលិតកម្មថ្មី

ភ្នំពេញ៖ពេជ្រ សោភា បានបង្ហាញខ្លួននៅផលិតកម្មថ្មីAKASA MUSIC ច្រៀងបទ«ស្មារតីជាខ្មែរ » ចាប់ដៃជាមួយលោកហ្សូណូ ,នារតី និងកញ្ញាពេជម្នី សេលីណា ដែលបទនេះនិពន្ធទំនុក​ច្រៀង​ដោយលោកខាំ ភូរិ និងលោកលី ធានហ្វូ ។មានការសង្ស័យថាសោភា បានចូលផលិត​កម្ម AKASA MUSIC ក្រោយនាងចាកចេញពីផលិតកម្មរស្មីហង្សមាសមក​ធ្វើជាតារាចម្រៀង​ឯករាជ្យ ។ប៉ុន្ដែដំណឹងនេះត្រូវបានអ្នកនិពន្ធល្បីឈ្មោះលោកខាំ ភូរិ ច្រានចោល ។

 លោកខាំ ភូរិ ដែលជាអ្នកគ្រប់គ្រង AKASA MUSIC និពន្ធបទ«ស្មារតីជាខ្មែរ » បាន​ប្រាប់«នគរធំ » តាមទូរស័ព្ទ​កាល​ពី​រសៀលថ្ងៃទី២៤ ធ្នូ ថាលោកបានអញ្ជើញពេជ្រ សោភា មកចាប់ដៃតារា៣រូប​ផ្សេង​ទៀត​មកច្រៀងបទនេះដោយសារតែចម្រៀងនេះទាក់ទងជាតិ បង្ហាញពីស្មារតីរបស់ខ្មែរ ប្រា​សាទមរតករបស់ដូនតា ឈាមជ័រជាខ្មែរ …។លោកថាសោភា មិនមែនជាតារារបស់ AKASA MUSIC នោះទេ ហើយបើពេលខាងមុខលោកផលិតបទ​ទាក់​ទង​ជាតិទៀតនោះលោកនៅតែ​ហៅ​សោភា ច្រៀងបទទាំងនោះបន្ថែមទៀត។

 លោកខាំ ភូរិ អ្នកនិពន្ធបទ«ស្មារតីជាខ្មែរ »

ឆ្លើយតបសំណួរថាតើលោកខាំ ភូរិ មានបំណងហៅពេជ្រ សោភា ច្រៀងនៅផលិត​កម្ម​លោកផ្ដាច់មុខដែរ ឬយ៉ាងណានោះអ្នកនិពន្ធល្បីឈ្មោះរូបនេះថា បើសោភា មកAKASA MUSIC មែនលោកសូមទទួលយកម្រាមដៃ១០តែម្ដង ។ប៉ុន្ដែលោកភូរិ និយាយរបៀប​ដាក់​ខ្លួនថាដោយសារតែផលិតកម្មលោកនៅតូច ហេតុនេះមិនហ៊ានហៅសោភា មកទេ ព្រោះតំ​ណាក់កាលដំបូងនេះលោកផ្ដល់ឱកាសឲ្យតារាថ្មីៗបានបញ្ចេញសម្ថភាព ពោលគឺ AKASA MUSIC យកតែតារាថ្មីៗដែលគាត់ស្រលាញ់សិល្បៈហើយគ្មានទីតាំងឈរជើងសិន ។

 គួររំលឹកថាពេជ្រ សោភា និងលោកខាំ ភូរិ ធ្លាប់ចាប់ដៃគ្នាធ្វើការនៅហង្សមាស​ជា​ច្រើន​ឆ្នាំ តែតាំងពីលោកភូរិ ចេញពីហង្សមាស និងមមាញឹកច្រើនទៅ​លើ​ការ​ដឹកនាំស្ពតពាណិជ្ជកម្ម និងផលិតរឿងដោយខ្លួនឯងទើបលោកនិងសោភា អាកខានធ្វើការជាមួយគ្នាជិត១០ឆ្នាំហើយ ទើបតែពេលនេះវិលមកចាប់ដៃគ្នាជាថ្មី។ប៉ុន្ដែលោកភូរិ ថានៅតែឆ្លៀតនិ​ពន្ធបទ​ចម្រៀង​ពិសេសគឺបទទាក់ទងជាតិ ។សម្រាប់សោភា វិញដែលច្រៀងឲ្យហង្សមាស១៩ឆ្នាំ​(២០០៥-២០២៤)  នោះ​ទើបតែមានដំណឹងថានាងចេញពីផលិតកម្មធំនេះនៅឆ្នាំ២០២៤ នេះ​ទេ តែសោភា មិនឆ្លើយឲ្យចំសំណួរបស់អ្នកយកព័តមានយើងឡើយ ពីរឿងថាចេញឬ​នៅហង្ស​មាស​នោះ បើទោះជាពេលនេះគេឃើញនាង​ងាកមកផលិតបទចម្រៀង​ដោយខ្លួនឯងជាបន្ដ​បន្ទាប់ក្ដី ។

ប្រភពបានឲ្យដឹងថាក្រៅពី AKASA MUSIC តារាវ័យ៤០ឆ្នាំពេជ្រ សោភា ក៍នៅតែត្រូវ​បានGalaxy ចង់បាននាងទៅចាប់ដៃគូជាមួយលោកព្រាប សុវត្ថិ ជាលើកទី២ដែរ ក្រោយនាង​បសេធទៅជ្រកនៅផលិតកម្មថ្មីចាយលុយធំនេះកាលពីឆ្នាំ២០២០  ។តែសោភា បានជ្រើស​ផ្លូវ​ផលិត​បទចម្រៀងដោយខ្លួនឯងដោយសារតែនាងមានStudio ក្រុមការងារ និងពិសេសនាងក៍​អាច​​និពន្ធបទចម្រៀងបានដោយខ្លួនឯងផងដែរ។ចំណែកលោកខាំ ភូរិ ទទួលស្គាល់ថា​ដោយ​សារតែបច្ចុប្បន្នមានផលិតកម្មធំៗច្រើន ហើយលោកគិតថាផលិតកម្មលោក​នៅតូចនៅ​ឡើយ ទើបលោកមិនហ៊ានហៅសោភា មកច្រៀងនៅផលិតកម្មលោកទេ ។

 ពេជ្រ សោភា អាចដើរផ្លូវដូចមាស សុខសោភា ,សុគន្ធ និសា ,វី ឌីណែត និងលោក​ហ្សូ​ណូ ជាដើម ដែលពួកគេងាកមកផលិតបទចម្រៀងដោយខ្លួនឯង ចេញនៅលើផេកផ្ទាល់ខ្លួន ហើយ​ពេល​ចេញច្រៀងConcerts ធំៗយកបទល្បីៗពីមុន ដោយកែភ្លេងថ្មី នោះនៅតែរក្សារ​បានទីផ្សារ​សិ​​ល្បៈ។ទាកទងរឿងស្នេហាវិញអ្នកមេម៉ាយសោភា ដែលប្រកាសភ្ជាប់​ពាក្យជា​មួយលោកឆឹម សក្កដា កាល​ពីថ្ងៃទី​១១​ ខែ១១ ឆ្នាំ២០២២ រូបនេះលែងក្វល់ពីរឿងរៀបការ​ក្រោយ​​ឆា​ចោលមង្គល​ការជាមួយប្រុស​ក្មេង​កាលពីឆ្នាំ២០២៣ ហើយឥឡូវស្រាប់តែនាងម្ដង​បង្ហាញភាពផ្អែមល្ហែមដាក់លោកសក្កដា ម្ដងបែខ្នងដាក់គ្នាទៅវិញ ខណៈដែលលោកសក្កដា ព្រមានធ្វើអត្តឃាតបញ្ចប់ជីវិតមិន​ក្រោម​១០​ដងឡើយ ហើយសោភា បែជាថាអត់ដឹងរឿង​ទៅ​វិញ ។

 គេចាំមើលថាពេជ្រ សោភា នឹងបន្ដជ្រើសផ្លូវធ្វើជាតារាចម្រៀងឯករាជ្យរហូត ឬ AKASA MUSIC និងGalaxy នាងអាចជ្រើសយកទ្រនុំ១ផ្ញើរខ្លួន?

RELATED ARTICLES