អ៊ុយក្រែន ៖ មេដឹកនាំអ៊ុយក្រែន បានថ្កោលទោសរុស្ស៊ី ថាអមនុស្សធម៌ បានវាយប្រហារប្រព័ន្ធថាមពលរបស់ពួកគេ នៅថ្ងៃបុណ្យគ្រិស្តម៉ាស (ណូអែល) ធ្វើឱ្យមនុស្សជាច្រើនគ្មានភ្លើងអគ្គិសនីប្រើប្រាស់ ចំពេលអាកាស ធាតុត្រជាក់។
ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ថា រុស្ស៊ី បានបើកការវាយប្រហារដ៏ធំមួយ លើអ៊ុយក្រែន នៅថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃបុណ្យណូអែល។ កងទ័ពអ៊ុយក្រែន បញ្ជាក់ថា ពួកគេបានរកឃើញមីសស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ចំនួន ១៨៤គ្រឿង ប៉ុន្តែភាគច្រើនត្រូវបានស្ទាក់ចាប់បាន។
ទោះបីជាយ៉ាងណា ការវាយប្រហារនេះ បានធ្វើឲ្យអ៊ុយក្រែន កាត់ផ្តាច់ថាមពលដល់តំបន់ជាច្រើន នៅទូទាំងប្រទេស រួមទាំងនៅទីក្រុងគៀវ ក្នុងនោះមានមនុស្សមួយចំនួន បានទៅជ្រកកោននៅស្ថានីយរថភ្លើងក្រោមដី។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មនុស្សម្នាក់ បានរងរបួសក្នុងការវាយប្រហារនេះ ប៉ុន្តែចំនួនពិតប្រាកដ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។
សម្រាប់ទីក្រុងក្រារកូវ (Kharkov) ទីក្រុងធំទីពីរ របស់អ៊ុយក្រែន ដែលមានទីតាំងនៅភាគឦសាននៃប្រទេស ប្រជាជនជាង ៥០០ ០០០នាក់គ្មានទឹក ភ្លើង ឬហ្គាស់ ប្រើប្រាស់ដើម្បីរក្សាភាពកក់ក្តៅ នៅក្នុងអំឡុងអាកាសធាតុដ៏ត្រជាក់។
លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានថ្កោលទោសការវាយ ប្រហារនេះ ដោយលោកបាននិយាយថា រុស្ស៊ី បានធ្វើការសម្រេចចិត្តដោយចេតនាដើម្បីបើកការវាយប្រហារដ៏ធំមួយ លើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន នៅថ្ងៃបុណ្យគ្រិស្តម៉ា (ណូអែល) ដែលជាទង្វើអមនុស្សធម៌។
លោកហ្សេឡេនស្គី បានថ្លែងថា “អំពើអាក្រក់របស់រុស្ស៊ី មិនអាចបំផ្លាញអ៊ុយក្រែន បានទេ ហើយវាមិនអាចបំភ្លៃបុណ្យគ្រិស្តម៉ាស បានទេ»។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា កងទ័ពរបស់ពួកគេ បានបើកការវាយប្រហារដ៏ធំមួយលើទីតាំងថាម ពលសំខាន់ៗរបស់អ៊ុយក្រែន ហើយថាពួកគេបានសម្រេចគោលដៅនៃការវាយប្រហារ។ ការវាយប្រហារចុង ក្រោយបំផុតនេះ គឺជាការវាយប្រហារដ៏ធំលើកទី១៣ លើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន ក្នុងឆ្នាំនេះ និងជាលើកទីពីរ ដែលអ៊ុយក្រែន ត្រូវបានវាយប្រហារដោយរុស្ស៊ី នៅថ្ងៃបុណ្យគ្រិស្តម៉ាស (ណូអែល)៕