Thursday, July 10, 2025
Homeព័ត៌មានជាតិអង្គរ​សង្ក្រាន្ត​២០១៧ បើក​ការ​ដ្ឋាន​សាង​សង់ និង​រៀប​ចំនៅ​អង្គរ​ធំ

អង្គរ​សង្ក្រាន្ត​២០១៧ បើក​ការ​ដ្ឋាន​សាង​សង់ និង​រៀប​ចំនៅ​អង្គរ​ធំ

ភ្នំពេញ ៖ ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៧ ត្រូវបានបើកការដ្ឋានសាងសង់ និង រៀបចំកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមអនាធិបតីភាពលោកហ៊ុន ម៉ានី សមាជិក សភា និងជាប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា ដោយមានការចូលរួមពីលោកឃឹម ប៊ុងសុង អភិបាលខេត្តសៀមរាប មន្ត្រីអាជ្ញាធរ អប្សរា សិស្ស និស្សិត ជាង៣០០នាក់ ដោយ មានការរៀបចំពិធីក្រុងពលី នៅទីលានជល់ដំរី បរិវេណប្រាសាទអង្គរធំ (បាយ័ន)។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នករៀបចំ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានឱ្យដឹងថា កាល ពីព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ នៅឯលានជល់ដំរីនៃបរិវេណប្រាសាទ បាយ័ន ក្នុងខេត្តសៀមរាប ថ្នាក់ដឹកនាំសហភាព សហព័ន្ធយុវជនកម្ពុជាដឹកនាំដោយលោកហ៊ុន ម៉ានី និងដោយមានការចូលរួមពីលោកឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំអាជ្ញាធរអប្សរា មន្ត្រីរាជការសិស្ស និស្សិត និងអ្នកសារព័ត៌មានប្រមាណ៣០០នាក់ បាន អញ្ជើញចូលរួមក្នុងពិធីសែនក្រុងពលី ដើម្បី បួងសួងសុំសេចក្តីសុខសប្បាយក្នុងការបើក ការដ្ឋានសាងសង់ និងរៀបចំទីតាំងព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឆ្នាំ២០១៧ ខាងមុខ។

ពិធីនេះ បានប្រារឰឡើង តាមបែប ព្រហ្មញ្ញសាសនា ដោយមានការរៀបចំសែន តាមបែបបុរាណ និងតាមគន្លងប្រពៃណីទំនៀម- ទម្លាប់ជំនឿ សាសនា របស់ខ្មែរក្នុងបុព្វហេតុ បួងសួងសុំសេចក្តីសុខក្នុងព្រឹត្តិការណ៍ទាំងមូលផង និងដើម្បីជាលំអានសម្រាប់អនុជនជំនាន់ ក្រោយបានដឹងបានយល់ បានស្គាល់ និងបន្តថែ រក្សាមរតកឱ្យបានគង់វង្សសម្រាប់ថ្ងៃអនាគត។

បន្ទាប់ពីពិធីក្រុងពលីនេះទៅ ក្រុមការងារ រៀបចំអង្គរសង្ក្រាន្តឆ្នាំ២០១៧ នឹងចាប់ផ្តើម រៀបចំរាល់សកម្មភាពផ្សេងៗ ហើយក្រុមយុវជន នឹងចូលរួមហ្វឹកហាត់សិល្បៈហាត់សមលេង ល្បែងប្រជាប្រិយ ដើម្បីត្រៀមខ្លួនចូលរួមក្នុង ព្រឹត្តិការណ៍អង្គរសង្គ្រាន្តឆ្នាំ២០១៧ នាពេល ខាងមុខឱ្យបានជោគជ័យ។

គួររំលឹកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តត្រូវ បានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជន កម្ពុជា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ព្រឹត្តិការណ៍នេះ ជាឱកាសដែលយុវជន និងប្រជាពលរដ្ឋកម្ពុជា ប្រុសស្រីបានជួបជុំគ្នាក្នុងនាមជាមហាគ្រួសារ ខ្មែរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណី ខ្មែរ ក្នុងថ្ងៃសម្រាកពីការងារ។ ព្រឹត្តិការណ៍នេះ បានក្លាយទៅជាវេទិកាចែករំលែកបទពិសោធន៍ របស់មនុស្សជំនាន់មុននិងយុវជនជំនាន់ក្រោយ ហើយក៏បានក្លាយទៅជាយន្តការអភិរក្ស និង អភិវឌ្ឍវប្បធម៌ ប្រពៃណីខ្មែរផងដែរ។

គួររំលឹកថា ពិធីបូជាក្រុងលើនេះ មាន ប្រវត្តិនិទានមួយដំណាលថា សម័យមួយជា សម័យភ្លើងប្រល័យកល្ប៍ឆេះអស់មនុស្សសត្វ រុក្ខាលតាវល្លិអ្វីៗក៏ចេះគ្មានសល់ មាននៅសល់ តែទឹកល្ហល្ហេវ។ ពេលនោះព្រះពាយបក់បោក ចុះឡើងកើតជាពពុះទឹកអណ្តែតត្រសែតចុះ ឡើង គ្មានទីបំផុត។ កាលនោះមានមហាកាល នាគរាជឈ្មោះក្រុងពាលី និងព្រះអនុជម្នាក់ ឈ្មោះព្រះភូមរាជ ជាអ្នកនៅរក្សាទីនោះ ហើយ បងប្អូនទាំងពីរបានឃើញពពុះទឹកអណ្តែតចុះ ឡើង ក៏បបួលគ្នាពេនព័ន្ធក្រុងពពុះទឹក កុំឱ្យ អណ្តែតទៅណា តែយូរទៅពពុះទឹកនោះប្រែជា កកជាផែនដីមានដុះព្រៃព្រឹក្សា រុក្ខាលតាវល្លិ មនុស្ស សត្វសព្វបែបយ៉ាង។

សម័យនោះ ព្រះពុទ្ធទ្រង់ព្រះនាមបទុមត្តរៈ ទ្រង់បានត្រាស់ដឹងឈ្វេងយល់ថា ដែនដីនេះ កើតអំពីស្តេចមហាកាលនាគរាជឈ្មោះក្រុង ពលី។ ព្រះនាមបទុមត្តរៈ ទ្រង់ជ្រាបច្បាស់បែប នេះទ្រង់ក៏យាងទៅបិណ្ឌបាត ចំនួន៣ជំហានពី ស្តេចក្រុងពលី ដើម្បីឱ្យពុទ្ធបរិស័ទ្ធបានរស់នៅ លើផែនដីនោះ។ ស្តេចក្រុងពលី យល់ថា ផែនដី ៣ជំហាន មានភាពតូចណាស់ ទ្រង់ក៏លើថ្វាយ ព្រះពុទ្ធព្រះនាមបទុមត្តរៈព្រះអង្គប្រកាសប្រាប់ ទេវតាទាំង៨ទិសថា ព្រះព្រហ្មព្រមថ្វាយដី ៣ ជំហានដល់តថាគត។ ព្រះអង្គឈានតែ៣ជំហាន អស់ដីស្តេចក្រុងពលីរលីង។ ព្រះពុទ្ធទ្រង់ព្រះ មេត្តាអនុគ្រោះ បណ្តេញស្តេចក្រុងពលីឱ្យទៅ នៅព្រៃហិមពាន្តស្តេចក្រុងពលី ក៏ចេញទៅតាម បញ្ជាព្រះពុទ្ធតែស្តេចក្រុងពលី នឹកអាល័យ ស្តាយផែនដីនេះណាស់ ក៏បានប្រើព្រះភូមរាជ ជាប្អូនឱ្យទៅសុំបាយពែចែងពែពលីពីព្រះអង្គ។ លុះព្រះពុទ្ធ ទ្រង់ព្រះនាមបុទុមត្តរៈទ្រង់អនុញ្ញាត ឱ្យពួកបរិស័ទទាំងអស់ បើបានធ្វើមង្គលអ្វីមួយ ឬការប្រារឰពិធីបុណ្យទានអ្វីមួយ ឬការសាង សង់លំនៅឋាន ឬសំណង់អ្វីមួយត្រូវធ្វើពែចែង និងពែពលីនឹករលឹក និងថ្វាយស្តេចក្រុងពលី ទើបធ្វើបុណ្យបានផលានិសង្សច្រើន និងដំណើរការពិធីនោះទទួលបានជោគជ័យ បើមិនដូច្នោះ ទេ ស្តេចក្រុងពលី និងព្រះភូមិរាជ និងមាន ហរទ័យអាក់អន់រិះគន់ជេរប្រទេចផ្តាសា យក កន្ទុយវាយវាត់ ពុំបានផលអ្វីឡើយ។ សព្វថ្ងៃ នេះ ពុទ្ធបរិស័ទតែងមានជំនឿទៅលើពិធីកម្ម មួយជាចេតនាកម្មមុននឹងធ្វើពិធីអ្វីផ្សេងៗតែង តែរៀបចំធ្វើពិធីសែនក្រុងពលី គឺការឧទ្ទិស ចំណែកបុណ្យជូនស្តេចក្រុងពលីតែមួយគត់ មិន បានគិតដល់ការផ្សាយមេត្តាចិត្ត ការចែករំលែក បុណ្យជាទូលាយស្របទៅតាមកុសលចេតនា នៃសទ្ធា…៕ ខៀវទុំ

RELATED ARTICLES