ថ្មីៗនេះ មានកព័ត៌លេចឭថា តារាចម្រៀងងួន ចាន់ដេវីត ហៅG-devith ដែលជាដៃគូរដ៏ស៊ីចង្វាក់គ្នាជាមួយពេជ្រ សោភា នោះ មានបំណងចង់ចាប់ដៃគូថ្មីចោលសោភា ដោយជ្រើសយកតារាលេងក្បាច់រាំ នាងទេព បូព្រឹក្ស វិញម្ដង ទើបធ្វើឲ្យសោភា ដែលជាអ្នកនាំដេវីត ចូលហង្សមាស មិនសប្បាយចិត្តឡើយ ដោយសារនាងមិនដែលត្រូវគ្នាទាល់តែសោះ ជាមួយបូព្រឹក្ស នោះ។
ប្រភពបានឲ្យដឹងថា ចំណុចនេះហើយដែលធ្វើឲ្យពេជ្រ សោភា និងដេវីត មានភាពរកាំរកូសគ្នា រហូតលែងមានគម្រោងចាប់ដៃគ្នាទៀតហើយ។
ងួន ចាន់ដេវីត បានប្រាប់ថា ”រឿងគម្រោងចាប់ដៃគូជាមួយទេព បូព្រឹក្ស នេះ បើមានឱកាស ខ្ញុំនឹងធ្វើ និយាយទៅ ខ្ញុំនិងបូព្រឹក្ស អត់មានបញ្ហាអីទេ អាចចាប់ដៃគូជាមួយគ្នាបាន។ ដោយឡែក រឿងជាមួយបងភា គឺខ្ញុំនឹងនៅតែបន្តការងារជាមួយគាត់ធម្មតា តែបើថ្ងៃក្រោយយ៉ាងណានោះ ខ្ញុំនឹងនៅតែធ្វើបទឲ្យគាត់ដូចមុន គឺខ្ញុំមិនដែលភ្លេចគុណបងភា ឡើយ”។
ចំណែកបូព្រឹក្ស បាននិយាយថា ”ខ្ញុំរីករាយនឹងការចាប់ដៃគូជាមួយដេវីត បើមានឱកាស តែពេលនេះ ខ្ញុំមិនទាន់បានពិភាក្សាជាមួយគ្នារឿងនេះទេ”។
មិនត្រឹមតែមានគម្រោងចាប់ដៃគូជាមួយគ្នាធម្មតានោះទេ តែអ្វីដែលមហាជនចាប់អារម្មណ៍នាពេលនេះ គឺមានព័ត៌មានថា ងួន ចាន់ដេវីត កំពុងតែបង្កាត់ភ្លើងស្នេហ៏ជាមួយនាងទេព បូព្រឹក្ស យ៉ាងសម្ងាត់ផងដែរ ហើយពួកគេថែមទាំងស្រលាញ់គ្នាប្ដូរផ្ដាច់ ដោយពាក់ចិញ្ចៀនដូចគ្នា ដូចគូដណ្ដឹងទើបភ្ជាប់ពាក្យទៀតផង។ ដោយឡែក បូព្រឹក្ស បានវាចាលាយឡំសំណើចថា ”រឿងចិញ្ចៀនខ្ញុំនិងបងដេវីដដូចគ្នាហ្នុង មិនមែនគូស្នេហ៍អីទេបង ខ្វះអីចិញ្ចៀននៅផ្សារដូចគ្នា ហើយខ្ញុំនិងគាត់គ្មានទំនាក់ទំនងអីពិសេសលើសពីមិត្តរួមអាជីពផងហ្នឹង”។
លោកដេវីត បញ្ជាក់ថា ”រឿងនេះជារឿងចៃដន្យទេ ដែលថ្ងៃហ្នុង ខ្ញុំបានថតរូបជាមួយគាត់ (បូព្រឹក្ស) ហើយពេលចេញទៅ ស្រាប់តែមានគេនិយាយអីចឹង តាមពិតខ្ញុំនិងគាត់ជាអ្នករួមអាជីពជាមួយគា្នប៉ុណ្ណោះ គ្មានអីផ្សេងទេ តែគេនិយាយម៉េចនោះ យើងមិនអាចហាមឃាត់គេបានឡើយ”៕