ខេត្តកំពង់ចាម ៖ យុវជន២នាក់ បានធ្វើសកម្មភាពជិះម៉ូតូ ប្រើបំពង់ស៊ីមាំងកែច្នៃ បំពងសំឡេងឮខ្លាំងៗ តម្លង់គេឯង ត្រូវបានសមត្ថកិច្ចស្រុកកំពង់សៀម ឃាត់ខ្លួន និងដកហូតម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម រយៈពេល៣ខែ។
ករណីក្មេងទំនើងប្រើប្រាស់ម៉ូតូកែច្នៃស៊ីម៉ាំងនេះ បានកើតឡើង កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិមោះចាស់ ឃុំកោះមិត្ត ស្រុកកំពង់សៀម។
ក្មេងទំនើងទាំង២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះឈុំ អានុន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបររត់តុ មានលំនៅ ភូមិព្រែកជីក សង្កាត់សំបូរមាស ក្រុងកំពង់ចាម និងទី២-ឈ្មោះវាសនា ណារីដូ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិព្រែកជីក សង្កាត់សំបូរមាស ក្រុងកំពង់ចាម។
លោកទុន ណេត អភិបាលស្រុកកំពង់សៀម បានឱ្យដឹងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ថា ក្រោយទទួលបញ្ជាពីលោកឧត្តមសេនីយ៍ ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិ ការនគរបាលស្រុកកំពង់សៀម បានចាត់កម្លាំងសមត្ថកិច្ចជំនាញ ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះមិត្ត ចុះធ្វើការបង្ក្រាបក្មេងទំនើង ចំនួន២នាក់ ក្នុងករណីប្រើប្រាស់ម៉ូតូកែច្នៃស៊ីម៉ាំងបំពងសំឡេង នៅចំណុចលើផ្លូវ បេតុង ស្ថិតក្នុងភូមិមោះចាស់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០ ២៥។
លោកអភិបាលស្រុក បញ្ជាក់ថា យុវជនទាំងពីរនាក់ ត្រូវបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក កំពង់សៀម។ បន្ទាប់ពីសួររួច សមត្ថកិច្ចនគរបាល បានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យានៅចំពោះមុខអាណាព្យាបាល មុននឹងយកត្រឡប់ទៅអប់រំបន្តនៅមូលដ្ឋានវិញ។ ចំពោះវត្ថុតាង ម៉ូតូ សមត្ថកិច្ចបានធ្វើការដករហូតរក្សាទុកនៅអធិការនគរបាលស្រុកកំពង់សៀម រយៈពេល៣ខែ តាមបញ្ជារបស់លោក វង្សប៊ុន វិសុទ្ធ ព្រះ រាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕