ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ដែលជាសហការីលោក កឹម សុខា អតីតមេបក្សប្រឆាំង ដែលកំពុងជាប់ឃុំក្នុងផ្ទះ ពីបទក្បត់ជាតិ «សន្ទិដ្ឋភាពជាមួយបរទេស» បានលើក ឡើងថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននេះ ទាំងអ្នកកាន់អំណាច អ្នកប្រឆាំង អ្នកវិភាគ សង្គមស៊ីវិល និងប្រជា ពលរដ្ឋខ្មែរទូទៅ សុទ្ធតែបានយល់និងនិយាយថា «ខ្មែរ ត្រូវរួបរួមសាមគ្គី» ទើបខ្មែរ អាចគេចផុតពីគ្រោះថ្នាក់។ ប៉ុន្តែ បើគ្រាន់តែនិយាយដូច្នេះ អ្នកណាក៏ចេះនិយាយបានដែរ មិនចាំបាច់ជាអ្នកដឹកនាំ ឬអ្នកវិភាគទេ។ ដូច្នេះជាគុណធម៌នយោបាយ កម្ពុជា ត្រូវផ្ដល់យុត្តិធម៌ សេរីភាពជូនឯកឧត្តម កឹម សុខា ដើម្បីខ្មែរ រួបរួមគ្នាការពារ បម្រើ កសាងជាតិខ្មែរ បានគង់វង្ស។ ដំណោះស្រាយ មានតែផ្តើមចេញពីច្រកតែមួយនេះទេ ទើបកម្ពុជា គង់វង្ស ទាំងប្រជាពលរដ្ឋ និងមេដឹកនាំបច្ចុប្បន្ន អាចចៀសផុតពីគ្រោះថ្នាក់ និងប្រវត្តិសាស្ត្រថ្កោលទោស នោះគឺពឹងលើខ្មែរ «បង្រួបបង្រួមជាតិពិតប្រាកដ» ដោយចាប់ផ្តើមពីអនុវត្តជាក់ស្តែង ដោយមេដឹកនាំគណបក្សកាន់អំណាចបច្ចុប្បន្ន ដែលជាអ្នកទទួលខុសត្រូវ។

លោកអ៊ុំ តារាវុទ្ធី អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ជាសហការីលោក កឹម សុខា បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ថា «ផ្លូវរស់របស់កម្ពុជា គឺស្ថិតនៅលើកណ្តាប់ដៃរបស់កម្ពុជា ! ខ្មែរ ពឹងលើខ្មែរ រួមគ្នាសង្គ្រោះជាតិ!
ស្ថិតក្នុងបរិបទនយោបាយជាតិ និងអន្តរជាតិ ជាពិសេស ជាមួយប្រទេសជិតខាង និងមហាអំណាច បច្ចុប្បន្ននេះ អាចជះឥទ្ធិពលកាន់តែអាក្រក់ឡើង សម្រាប់ប្រទេសកម្ពុជាយើង។ តើកម្ពុជា សង្ឃឹមលើអ្វី? លើអន្តរជាតិ អ្នកដទៃ ឬលើខ្លួនឯង? បើយើងសង្កេតមើលបរិបទនយោបាយប្រទេសថៃ (សៀម) និងប្រទេសវៀតណាម (យួន)។
១. ឆ្លុះបញ្ចាំងពីលទ្ធផលបោះឆ្នោតថៃ ៖
អ្នកអភិរក្ស ជាតិនិយម វាតទឹកដី ជាអ្នកឈ្នះឆ្នោត បានន័យថា ពលរដ្ឋថៃ គាំទ្រនយោបាយវាតយកទឹកដី។ ដូច្នេះរដ្ឋាភិបាលថៃថ្មី អាចនឹងបន្តបង្កើនការវាតទឹកដី មកលើកកម្ពុជា បន្តទៀត ដោយមិនខ្វល់អំពីភាពត្រឹម ត្រូវឡើយ (ច្បាប់)។
២. បើយើងពឹងលើអង្គការសហប្រជាជាតិ (UN) មើលឃើញថា ដូចថយឥទ្ធិពលស្ទើរតែអស់ហើយ។ ពឹងមហាអំណាច ចិន និងអាមេរិក ក៏កំពុងតែមានបញ្ហាផ្ទៃក្នុងក៏ច្រើន បញ្ហាពិភពលោកក៏ច្រើន ហើយគេគិតពីផលប្រ យោជន៍ខ្មែរ តិចជាងថៃ។
៣. បើយើងងាកមកពឹងវៀតណាម (VN) បច្ចុប្បន្នគេផ្តោតសេដ្ឋកិច្ចជាមួយប្រទេសនានា ជាងមនោគមន៍វិជ្ជា។ បើនិយាយជាមួយកម្ពុជា គិតពីផលប្រយោជន៍ប្រៀបធៀបទៅប្រទេសដទៃមានទំហំតូចពេក តែវៀតណាម នៅតែចង់ទំនាក់ទំនងកម្ពុជា មិនព្រមដាច់ឡើយ ដោយមានផលប្រយោជន៍ទឹកដី និងពង្រាយប្រជាពលរដ្ឋគេ ឲ្យមករស់នៅលើដីខ្មែរ កាន់តែបន្ថែមទៀត។
ជូនយោបល់ជាដំណោះស្រាយ មានតែផ្តើមចេញពីច្រកតែមួយទេ ទើបកម្ពុជាយើង គង់វង្ស ទាំងប្រជាពលរដ្ឋ និងមេដឹកនាំបច្ចុប្បន្ន អាចចៀសផុតពីគ្រោះថ្នាក់ និងប្រវត្តិសាស្ត្រថ្កោលទោស នោះគឺពឹងលើខ្មែរ «បង្រួបបង្រួមជាតិពិតប្រាកដ» ដោយចាប់ផ្តើមពីអនុវត្តន៍ជាក់ស្តែងដោយមេដឹកនាំគណបក្សកាន់អំណាចបច្ចុប្បន្ន ដែលជាអ្នកទទួលខុសត្រូវ»។
លោក អ៊ុំ តារាវុទ្ធី បានសរសេរបន្ថែម នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ថា «ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននេះ ទាំងអ្នកកាន់អំណាច អ្នកប្រឆាំង អ្នកវិភាគ សង្គមស៊ីវិល និងប្រជាពលរដ្ឋខ្មែរទូទៅ សុទ្ធតែបានយល់និងនិយាយថា «ខ្មែរត្រូវរួបរួមសាមគ្គីគ្នា» ទើបខ្មែរ អាចគេចផុតពីគ្រោះថ្នាក់។ ក៏ប៉ុន្តែបើគ្រាន់តែនិយាយដូច្នេះ អ្នកណាក៏ចេះនិយាយបានដែរ មិនចាំបាច់ជាអ្នកដឹកនាំ ឬអ្នកវិភាគទេ។
ដូច្នេះសូមឲ្យបញ្ជាក់ផងថា ៖ តើបបួលគ្នាឲ្យរួបរួមបក្ស ឬរួបរួមជាតិ? ត្រូវរួបរួមជាតិ មិនមែនហៅគេមកចុះចូលបក្សខ្លួនទេ។ តើរួបរួមតាមរបៀបណា? គឺរួបរួមគ្នាតាមគោលការណ៍ ដោយតម្កល់ផលប្រយោជន៍ជាតិ ធំជាងបក្ស មិនគុំកួនសងសឹក មិនរើសអើងនិន្នាការនយោបាយ។
តើផ្តើមចេញពីណា? ត្រូវតែផ្តើមចេញពីអ្នកកាន់អំណាច ដោយប្រាកដថា ចង់ឲ្យមានភាគីខ្មែរដទៃទៀត ចូលរួមការពារ បម្រើ និងកសាងជាតិ មិនមែនចូលរួមបម្រើ ការពារ ពង្រឹងអំណាចបក្ស ឬបុគ្គលឡើយ។
បើអ្នកមានអំណាច បើកចិត្តទូលាយដើម្បីជាតិហើយ បុគ្គល ក្រុមឬបក្សណាមិនចូលរួមនោះប្រជាពលរដ្ឋ នឹងយល់ដឹង ហើយមិនគាំទ្រអ្នកបំបែកបំបាក់ជាតិនោះទេ។

គុណធម៌នយោបាយ កម្ពុជា ត្រូវផ្ដល់យុត្តិធម៌ សេរីភាពជូនឯកឧត្តមប្រធាន កឹម សុខា ដើម្បីខ្មែរ រួបរួមគ្នាការពារ បម្រើ កសាងជាតិខ្មែរ បានគង់វង្ស»៕ ខៀវទុំ