Sunday, February 9, 2025
Homeតារាខ្មែរសមាគមសិល្បករខ្មែរ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងវិចិត្រសាលសិល្បៈអង្គរ

សមាគមសិល្បករខ្មែរ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងវិចិត្រសាលសិល្បៈអង្គរ

ភ្នំពេញ៖លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ មានប្រសាសន៍ថា លោកជំទាវពិតជាមានក្តីសោមនស្សរីករាយជាពន់ពេកដែលបានចាប់ដៃសហការគ្នាជាលក្ខណៈជាតិ និង អន្តរជាតិជាមួយនឹងវិចិត្រសាលសិល្បៈអង្គរ ក្នុងគោលបំណងរួមគ្នា ធ្វើការផ្សព្វផ្សាយ អភិវឌ្ឍន៍ និងអភិរក្សសិល្បៈវប្ប​ធម៌កម្ពុជា តាមរយៈស្លាកសញ្ញា «The Icons of Cambodia Fine Art Series »។

លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមបានគូសបញ្ជាក់ថា៖ «ពួកយើងនឹងធ្វើការរួមគ្នាដើម្បីនាំយកស្នាដៃវិចិត្រករ កម្ពុជារបស់យើង ទៅបង្ហាញនៅលើឆាកជាតិ និងអន្តរជាតិ»។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក៏បានសម្តែងនូវការកោតសរសើរយ៉ាងស្ម័គ្រស្មោះចំពោះលោក Bernard Toe ដែលជាជនជាតិសិង្ហបុរី ប៉ុន្តែមើលឃើញពីភាពស្រស់ស្អាត និងតម្លៃមហាសាលនៃសិល្បៈវប្ប​ធម៌ខ្មែរ ហើយលោកបានបើកចិត្តយ៉ាងទូលាយក្នុងការជួយជំរុញវិស័យសិល្បៈគំនូរកម្ពុជា ទាំងនៅលើឆាកជាតិ និងអន្តរជាតិ។

ជាមួយគ្នានោះលោក Bernard Teo សហស្ថាបនិកវិចិត្រសាលសិល្បៈអង្គរ បានចាត់ទុកការចាប់ដៃចុះអនុស្សរណៈនៃពិព័រណ៍ សិល្បៈគំនូរ “រូបតំណាងកម្ពុជា” នាថ្ងៃនេះថា ព្រឹត្តិការណ៍នេះជាការអបអរសាទរនៃភាពសម្បូរបែបនៃសិល្បៈ វប្បធម៌ និងការច្នៃប្រឌិតរបស់កម្ពុជា។ នេះក៏ជាការចាប់ផ្តើមនៃដំណើរដ៏គួរឱ្យរំភើបមួយដើម្បីបង្ហាញពីទេពកោសល្យមិនធម្មតានៃវិចិត្រករជាតិ និងវិចិត្រករអន្តរជាតិដែលទាញទឹកចិត្តពីមរតកសិល្បៈដ៏សម្បូរបែបរបស់កម្ពុជា។ ហើយនេះក៏ជាការតាំងពិព័រណ៌របស់វិចិត្រសាលសិល្បៈអង្គរ ដែលមានមោទនភាពក្នុងការបង្ហាញការប្រមូលផ្ដុំរូបតំណាងកម្ពុជា ដែលកម្រងស្នាដៃគំនូរសិល្បៈបែបខ្មែរដែលបង្កើតឡើងដោយវិចិត្រករជាតិ និងអន្តរជាតិ។ ការប្រមូលផ្តុំនេះនឹងត្រូវដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍សិល្បៈអន្តរ​ជាតិ ដោយណែនាំសិល្បៈខ្មែរទៅទស្សនិកជនជុំវិញពិភពលោក។

ការប្រមូលផ្ដុំរូបតំណាងនៃប្រទេសកម្ពុជា ចាប់យកបេះដូង និងព្រលឹងនៃកេរដំណែលវប្បធម៌របស់ព្រះរាជាណាចក្រ កម្ពុជា គឺជាការសរសើរដល់ប្រវត្តិសាស្រ្ត ប្រពៃណី និងភាពអស្ចារ្យនៃសិល្បៈគំនូររបស់កម្ពុជា។

លោក Bernard Teo អះអាងថា វត្តមានរបស់ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលជាប្រធានសមាគមសិល្បករខ្មែរ គឺជាការលើកទឹកចិត្តដល់យើងទាំងអស់គ្នា។ យើងពិតជាអរគុណយ៉ាងជ្រាលជ្រាវចំពោះការយកចិត្តទុកដាក់ឥតងាករេរបស់លោកជំទាវ ដែលលើកស្ទួយសិល្បៈ និងវប្បធម៌ខ្មែរ និងសម្រាប់ការគាំទ្រដ៏មានតម្លៃរបស់លោកជំទាវ ក្នុងការធ្វើឱ្យចក្ខុវិស័យនេះក្លាយជាការពិត ។ ការប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់នេះជាមួយគ្នា នៅពេលនេះ គឺដើម្បីលើកកំពស់សិល្បៈខ្មែររហូតដល់ដំណាក់កាលសកល។

តាមរយៈការចាប់ដៃគ្នាដ៏រីករាយរវាងភាគីទាំងពីរ ទាំងលោកជំទាវអ្នកឧកញ៉ាប្រធានសមាគម និងលោក Bernard Teo បានរំពឹងយ៉ាងមុតមាំថា ៖

១. យើងនឹងអាចរួមគ្នាលើកតម្កើងស្នាដៃសិល្បៈគំនូរកម្ពុជាឱ្យកាន់លេចធ្លោរជាងមុន,

២. យើងនឹងក្លាយជាចំណែកមួយជួយលើកទឹកចិត្តដល់វិចិត្រករក្នុងអាជីពនេះបន្ថែម ជួយរួមចំណែកក្នុងជីវភាពរបស់ពួកគាត់, ធ្វើឱ្យមានភាពសម្បូរបែប និងរស់រវើកនៃសិល្បៈគំនូរនៅកម្ពុជា

៣. យើងនឹងអាចជំរុញការផ្សព្វផ្សាយប្រភេទស្នាដៃសិល្បៈគំនូរដែលពោរពេញដោយទេពកោសល្យ និង ការច្នៃប្រឌិតខ្ពស់របស់វិចិត្រករ កម្ពុជា កាន់តែទូលំទូលាយនៅលើឆាកជាតិ និងអន្តរជាតិ។

៤. យើងសង្ឃឹមថា អនុស្សរណៈនៅថ្ងៃនេះ ក៏នឹងក្លាយជាវេទិកាមួយអាចនាំយកនូវភាពស្រស់ស្អាត ថ្កុំថ្កើងនៃសិល្បៈវប្បធម៌កម្ពុជាទៅកាន់ពិភពលោក ហើយតាមរយៈស្នាដៃគំនូរដ៏ល្អវិចិត្ររបស់សិល្បករកម្ពុជា ក៏នឹងក្លាយ​ជាចំណែកមួយជួយផ្សព្វផ្សាយពីសិល្បៈវប្បធម៌ និង វិស័យទេសចរណ៍កម្ពុជាផងដែរ។

៥. យើងក៏រំពឹងផងដែរ ថានឹងបើកឱកាសឱ្យ វិចិត្រករកម្ពុជា និងបរទេសកាន់តែមានពេលស្វែងយល់ និង ផ្លាស់ប្តូរបទពិសោធ គ្នាកាន់តែច្រើនជាងមុន ហើយ ប្រែក្លាយទីផ្សារផ្នែកវិចិត្រសាលរបស់យើងទៅជាមជ្ឈ​មណ្ឌលវប្បធម៌ ដ៏ធំនាពេលអនាគត៕

RELATED ARTICLES