កូរ៉េខាងត្បូង ៖ អ្នកគ្រូម្នាក់ បង្រៀននៅសាលាបឋមសិក្សាមួយ ក្នុងប្រទេសកូរ៉េខាងត្បូង បានចាក់សិស្សស្រីអាយុ៧ឆ្នាំម្នាក់ បណ្តាលឲ្យស្លាប់ ត្រូវបានសមត្ថកិច្ហចឃាត់ខ្លួន ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តឃាតកម្មលើសិស្សមែន ខណៈនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ប៉ូលិសកូរ៉េខាងត្បូង កំពុងស៊ើប អង្កេតករណីស្ត្រីវ័យ៤០ឆ្នាំម្នាក់ ជាគ្រូបង្រៀន បានប្រើឧបករណ៍មុតស្រួច ចាក់ក្មេងស្រីនៅសាលាបឋមសិក្សាមួយ ក្នុងទីក្រុងដេឆឹន (Daecheon) នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បណ្តាលឲ្យស្លាប់ ហើយខណៈនោះ ជនដៃដល់ក៏មានរបួសស្នាមផងដែរ។
មន្ត្រីប៉ូលិសក្នុងតំបន់ បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ថា គេបានប្រទះឃើញក្មេងស្រីអាយុ៧ឆ្នាំម្នាក់ មានស្នាមរបួសត្រង់ក និងមុខ។ កុមារីរងគ្រោះ ត្រូវបានប្រកាសថា ស្លាប់បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកស្ត្រីដែលបង្កបទល្មើស ជាគ្រូបង្រៀននៃសាលាកើតហេតុ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

យោងតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង ស្ត្រីសង្ស័យ ក្រោយមកបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបទឧក្រិដ្ឋនេះមែន។ មូលហេតុកន្លងមក នាងបានឈប់សម្រាកពីការងារ ដោយសារបញ្ហាជំងឺធ្លាក់ ទឹកចិត្ត ហើយទើបតែចូលធ្វើការវិញ នៅចុងឆ្នាំ២០២៤ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថា មូលហេតុអ្វីបានជានាងចាក់សម្លាប់សិស្សស្រី នេះនៅឡើយ ដោយជនសង្ស័យមិនព្រមឆ្លើយ៕