ហ្គូតេម៉ាឡា ៖ ឡានក្រុងដឹកអ្នកដំណើរ នៅប្រទេសហ្គូតេម៉ាឡា បានធ្លាក់ជ្រោះ ២០ម៉ែត្រ បណ្តាលឲ្យមនុស្សស្លាប់ ៥១នាក់ ក្រុមមន្ត្រីសង្គ្រោះ ប្រញាប់ជួយអ្នកដំណើរដែលកៀបជាប់ក្នុងរថយន្ត។
![](https://norkorthom.com/wp-content/uploads/2025/02/x1-10.jpg)
ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ថា រថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿង បានធ្លាក់ពីលើស្ពានផ្លូវហាយវេ Puente Belice ក្បែរទីក្រុង ហ្គូតេម៉ាឡា (Guatemala) បណ្តាលឲ្យមនុស្សយ៉ាងតិច ៥១នាក់ បានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួស។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តក្រុងដែលដឹកអ្នកដំណើរជាង ៧០នាក់ បានធ្វើដំណើរតាមផ្លូវដ៏មមាញឹក កាលពីព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយធ្វើដំណើរពីទីក្រុងសាន អាហ្គូស្ទីន (San Agustin) រដ្ឋអាហ្គាសហ្គូស្ទេឡាន (Agasguastelan) ដើម្បីទៅទីក្រុង ហ្គូតេម៉ាឡា ស្រាប់តែអ្នកបើកបរបាត់បង់ការគ្រប់ គ្រង ហើយបានបុករថយន្តតូចៗ ជាច្រើនគ្រឿង មុនពេលធ្លាក់ពីលើស្ពាន ចូលទៅក្នុងជ្រោះជម្រៅ ២ម៉ែត្រ។លោក ម៉ៃន័រ រូណូ (Minor Ruano) អ្នកនាំពាក្យរបស់នាយកដ្ឋានពន្លត់អគ្គិភ័យ ទីក្រុងហ្គូតេម៉ាឡា បានប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថា សាកសពបុរស ៣៦នាក់ និងស្ត្រី ១៥នាក់ ត្រូវបានបញ្ជូនទៅកាន់ទីបញ្ចុះសព។
![](https://norkorthom.com/wp-content/uploads/2025/02/x2-9.jpg)
លោកបឺរណារដូ អារេវ៉ាឡូ (Bernardo Arevalo) ប្រធានាធិបតីហ្គូតេម៉ាឡា បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ទន្ទឹមនឹងការប្រកាសថា នឹងមានការកាន់ទុក្ខចំពោះជនរងគ្រោះក្នុងឧបទ្ទវហេតុនេះ ទូទាំងប្រទេស រយៈពេល៣ថ្ងៃ។ លើសពីនេះ ទាហាននិងបុគ្គលិកការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានបញ្ជូនទៅពង្រឹងប្រតិបត្តិការជួយសង្គ្រោះ។
រដ្ឋមន្ត្រីដឹកជញ្ជូន លោកមីហ្គេល អែនចេល ដៃអែស (Miguel Angel Diaz) បាននិយាយថា អ្នកបើក បរមានប័ណ្ណបើកបរត្រឹមត្រូវ។ ប៉ុន្តែមូលហេតុនៃគ្រោះថ្នាក់នេះ នៅមិនទាន់ដឹងនៅឡើយ ដែលអ្នកស៊ើបអង្កេតកំពុងធ្វើការស៊ើបអង្កេត៕