Friday, February 14, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម១ខែ បណ្តេញវៀតណាម​ជាង៣០០នាក់ ចេញពីកម្ពុជា

១ខែ បណ្តេញវៀតណាម​ជាង៣០០នាក់ ចេញពីកម្ពុជា

ខេត្តស្វាយរៀង ៖ គិតត្រឹមរយៈពេល ១ខែ (ចាប់ពីថ្ងៃទី១០ មករា ដល់ថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២៥) សមត្ថកិច្ចកម្ពុជា បានបណ្តេញជនជាតិវៀតណាម ចេញពីព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃ​វល្លិ៍ ខេត្តស្វាយរៀង ចំនួន៣លើក សរុប៣៣០នាក់ (ស្រី៩២នាក់)។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ មកដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃក្រសួងមហាផ្ទៃ បានធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន៣៣០នាក់ (ស្រី៩២នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លi មូលហេតុ ជនជាតិវៀតណាមទាំងនោះ លួចឆ្លងដែនចូលមកស្នាក់នៅធ្វើការដោយ ខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រព្រឹត្តបទល្មើស (បទលួច បទប្រើប្រាស់ជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធ ដោយគ្មានការ​អនុញ្ញាត និងចរាចរណ៍អាវុធដោយខុសច្បាប់៘) និងត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបចាប់ឃាត់ខ្លួនបញ្ជូនទៅឱ្យតុលាការ អនុវត្តតាមនីតិវិធី និងឃុំខ្លួននៅពន្ធនាគារ នៅពេលអនុវត្តទោសចប់ ក៏ត្រូវបណ្តេញចេញ។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជា បានធ្វើការបណ្តេញជនជាតិវៀត​ណាម សរុបចំនួន ២១៣នាក់ (ស្រី២៣នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ ខេត្តស្វាយរៀង ពាក់ព័ន្ធ ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងអនុវត្តទោសចប់ (បទលួច បទឆបោក និងបទលួចឆ្លងដែនខុសច្បាប់ បង្ខាំងមនុស្ស ខុសច្បាប់ និងកំហែងយក បទប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន បទហិង្សាដោយចេតនា)។

កាលពីថ្ងៃទី១០ ខែមករា អាជ្ញាធរកម្ពុជាបានធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៣៥នាក់ (ស្រី១៤នាក់) ចេញពីព្រះរាជាណា ចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងផលិត ឬចរា​ចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ (អនុវត្តទោសចប់) លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន ។

ដោយឡែក កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាបានធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន៨២នាក់ (ស្រី២៤នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ ខេត្តស្វាយរៀង ពាក់ព័ន្ធករណីបំពាន លើប្រកាស ស្តីពីការបណ្តេញចេញ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងអនុវត្តទោសចប់ (បទឃាតកម្មគិតទុកជាមុន បទសម្រួលប្រើប្រាស់សារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបទលួច) ដោយអគ្គនាយកដ្ឋានស៊ើបអង្កេត និងអនុវត្ត នីតិវិធីនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការបង្ក្រាប និងទទួលពីនាយកដ្ឋានចារកម្ម នៃស្នងការ​ដ្ឋាននគបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តពោធិសាត់ នៃអគ្គនាយកដ្ឋាននគបាលជាតិនិងមជ្ឈមណ្ឌលកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារ ៕

RELATED ARTICLES