ខេត្តកំពង់ស្ពឺ ៖ រោងចក្រកែច្នៃផ្លែឈើ យីហោ សានផ្លាស អ៊ិនធើណេសិនណល ឯ.ក ដែលមានទីតាំងនៅក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង រងការរិះគន់សារជាថ្មី បន្ទាប់ពីមានអ្នកដឹកទឹកស្វាយចេញពីរោង ចក្រនេះ ទៅចាក់បង្ហៀរលើផ្លូវជុំវិញផ្សារថ្នល់ទទឹង បង្កក្លិនស្អុយ រំខានដល់ការរស់នៅ និងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងបរិស្ថាន។

អ្នកស្រី លីដា ដែលលក់ដូរក្នុងផ្សារថ្នល់ទទឹង បានឱ្យដឹងនៅព្រឹកថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ពលរដ្ឋក៏ដូចជាអាជីវករក្នុងផ្សារ ពិតជាពិបាកទ្រាំនឹងក្លិនស្អុយដែលបង្កឡើងដោយទឹកស្វាយ ដែលនាំចេញពីរោងចក្រខាងលើនេះណាស់ មិនដឹងថាគេគិតអ្វីនោះទេ បានជាយកទឹកស្អុយ ចាក់លើផ្លូវ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅ និងអាជីវកម្មពលរដ្ឋក្នុងផ្សារបែបនេះ និងបានស្នើឱ្យអាជ្ញាធរ និងជំនាញជួយមើលផង ពលរដ្ឋ ពិបាករស់នៅណាស់ មិនអាចរកស៊ីទទួលទានបានទេ ព្រោះគ្មានភ្ញៀវណាគេទៅអង្គុយទ្រាំនឹងក្លិនស្អុយបែបនេះទេ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើ លោកសាត់ សុវណ្ណ រដ្ឋបាលរោងចក្រកែច្នៃផ្លែឈើ សានផ្លាស អ៊ិនធើណេ សិនណល ឯ.ក បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ក្រុមហ៊ុនបានដាក់កុងត្រា ជាមួយក្រុមប្រមូលដឹកកាកសំណល់ពីរោងចក្រ រួចហើយ គឺក្រុមហ៊ុន វេង សេង ហ្គ្រីន ក្នុងការដឹកកាកសំណល់ចេញ តែចំពោះក្រុមហ៊ុននោះដឹកកាកសំណល់យកទៅណា មិនពាក់ព័ន្ធជាមួយក្រុមហ៊ុនរោងចក្រកែច្នៃឡើយ។

ជាមួយគ្នានេះដែរ លោកវេង សេង ហ្គ្រីន បានបញ្ជាក់ថា ការយកកាកាសំណល់រាវ (ទឹកស្វាយ) ទៅចាក់នៅបរិវេណផ្សារ យោងតាមការស្នើសុំពីគណៈកម្មការផ្សារថ្នល់ទទឹង និងមេភូមិថ្នល់ទទឹង ដើម្បីបញ្ចៀសការហុយទៅលើពលរដ្ឋនិងអាជីវករពេលមានខ្យល់ខ្លាំងម្តងៗ។

ទោះជាមានការអះអាងយ៉ាងនេះពីមន្ត្រីរដ្ឋបាលរោងចក្រកែច្នៃផ្លែឈើ សានផ្លាស អ៊ិនធើណេសិនណល ឯ.ក យ៉ាងណាក្តី លោកចាន់ថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានលើកឡើងថា ការដឹកកាកសំណល់រាវចេញពីរោងចក្រ ដែលមានសារធាតុគីមី ជាអំពើខុសច្បាប់ ក្នុងនោះការយកទៅចាក់ចោលនៅទីសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈជាអំពើខុសច្បាប់ ដែលត្រូវទទួល រងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ។
ទន្ទឹមនោះ លោកបានណែនាំទៅដល់គ្រប់សមត្ថកិច្ចពាក់ព័ន្ធ ឱ្យធ្វើការឃាត់ចាប់នៅពេលឃើញរថយន្តដែលដឹកកាកសំណល់ហាមឃាត់ ចេញពីរោងចក្រ ទៅចាក់នៅទីសាធារណៈ ឬទីប្រជុំជន ដើម្បីឱ្យទទួលខុសត្រូវចំពោះទង្វើល្មើសរបស់ខ្លួន។

ជាមួយនោះដែរ លោកប្រធានមន្ទីរបរិស្ថានខេត្ត បានបញ្ជាក់ថា កន្លងមក មន្ទីរជំនាញ រួមនិងអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងស្រុក បានចុះអន្តរាគមន៍បន្ទាន់ម្តងរួចមកហើយ នៅពេលដែលរោងចក្រខាងលើ បានបង្ហូរកាកសំណល់រាវ ចូលទៅក្នុងប្រឡាយមេ តាហោ ដែលបង្កការប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ពលរដ្ឋ។ ទន្ទឹមនោះ ក៏បានណែនាំក្រុមហ៊ុន ត្រូវរៀបចំបង្កើតឱ្យមានអាងស្តុកកាកសំណល់រាវ ឱ្យបានត្រឹមត្រូវ ដោយមានដាក់ថ្នាំបំបាត់ក្លិន ទៅតាមបច្ចេកទេស ការពារការជះក្លិនស្អុយទៅខាងក្រៅ និងត្រូវសិក្សាបន្ថែម ដើម្បីឈានទៅបង្កើតជាអាងប្រព្រឹត្តិកម្ម។ នៅចំពោះមុខនេះដែរ ក្រសួង បាននិងកំពុងយកប្រភពកាកសំណល់ក្នុងចក្រខាងលើ ទៅពិនិត្យនៅក្នុងមន្ទីរពិសោធន៍ របស់ក្រសួង ដើម្បីរកឱ្យឃើញកម្រិតជាតិគីមីដែលប្រើប្រាស់ក្នុងខ្សែសង្វាក់ផលិតកម្មកែច្នៃផ្លែស្វាយនេះផងដែរ៕