Wednesday, February 26, 2025
Homeព័ត៌មានអន្តរជាតិហ្សេឡេនស្គី ព្រមលាលែងតំណែង ជាថ្នូរអ៊ុយក្រែន មានសន្តិភាព ចូលណាតូ

ហ្សេឡេនស្គី ព្រមលាលែងតំណែង ជាថ្នូរអ៊ុយក្រែន មានសន្តិភាព ចូលណាតូ

ទីក្រុងគៀវ (អ៊ុយក្រែន) ៖ មេដឹកនាំអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បានបញ្ជាក់ថា លោកត្រៀមខ្លួនជាស្រេច ដើម្បីលាលែងពីតំណែង ប្រសិនបើវាធានាសន្តិភាពសម្រាប់អ៊ុយក្រែន ហើយជាថ្នូរនឹងការចូលជាសមាជិកអង្គការណាតូ (NATO)។

នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈឆ្នាំ២០២៥ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បានធ្វើសន្និសីទសារព័ត៌មាននៅទីក្រុងគៀវ។ ក្នុងអំឡុងពេលនោះ លោកហ្សេឡេនស្គី ត្រូវបានសួរដោយអ្នកសារព័ត៌មានថា តើលោកត្រៀមលាលែងតំណែងហើយឬនៅ ប្រសិនបើការធ្វើបែបនេះ ដើម្បីធានាសន្តិភាព ដល់អ៊ុយក្រែន? លោកហ្សេឡេនស្គី បានឆ្លើយថា “ប្រសិនបើវាធានាសន្តិភាពដល់អ៊ុយក្រែន ប្រសិនបើអ្នកពិតជាចង់ឱ្យខ្ញុំលាលែងពីតំណែង ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ខ្ញុំអាចដោះដូរវាឱជាមួយអង្គការណាតូ» ដែលមានន័យថា លោកព្រមលាលែងតំណែង ប្រសិនបើវាអាចដោះដូរជាមួយការដែលអ៊ុយក្រែន បានចូលជាសមាជិកអង្គការណាតូ។

លោកហ្សេឡេនស្គី ក៏បាននិយាយដែរថា លោកមិនចង់ធ្វើជាប្រធានាធិបតី រាប់ទសវត្សរ៍នោះទេ ហើយលោកនឹងចាកចេញពីតំណែង ប្រសិនបើនាំទៅរកសន្តិភាពនៅអ៊ុយក្រែន។

មេដឹកនាំអ៊ុយក្រែន រុបនេះ ធ្លាប់បាននិយាយថា កងទ័ពរបស់ប្រទេសគាត់ ត្រូវការបង្កើនចំនួនទ្វេដង បើណាតូ បដិសេធសំណើសុំចូលជាសមាជិករបស់អ៊ុយក្រែន។ ប៉ុន្តែនៅដើមខែកុម្ភៈ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោកភីតេ ហេកសេត (Pete Hegseth) បានបញ្ជាក់ថា សមាជិកភាពណាតូ របស់អ៊ុយក្រែន នឹងមិនអាចទៅរួចទេ។

ការលើកឡើងចុងក្រោយរបស់លោកហ្សេឡេនស្គី កើតមានឡើងនៅពេលដែលការប្រេះឆារវាងលោក និងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ (Donald Trump) លេចចេញជារូបរាង ដោយមេដឹកនាំអាមេរិក ចោទអ៊ុយក្រែន ថាជាអ្នកចាប់ផ្តើមសង្រ្គាម មុនពេលដែលក្រោយមកបានកែប្រែវិញថា រុស្ស៊ី ជាអ្នកវាយប្រហារ។ ប៉ុន្តែបានស្តីបន្ទោសមេដឹកនាំអាមេរិកមុនៗ រួមមានលោក ចូ បៃដិន (Joe Biden) និងប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី ចំពោះការមិនស្វែងរកការបញ្ចប់សង្គ្រាមឆាប់ៗ។

លោកហ្សេឡេនស្គី បានវាយបកវិញចំពោះការអត្ថាធិប្បាយរបស់លោកត្រាំ ដោយចោទប្រកាន់មេដឹកនាំ អា មេរិក ថាស្ថិតនៅក្នុងចន្លោះព័ត៌មានមិនពិតដែលបង្កើតឡើងដោយរុស្ស៊ី។ ប៉ុន្តែលោកត្រាំ បានឆ្លើយតបដោយហៅលោកហ្សេឡេនស្គី ថាជាជនផ្តាច់ការ ខណៈដែលសហរដ្ឋអាមេរិក ជាមួយនឹងរុស្ស៊ី ជួបប្រជុំក្នុងកម្រិតខ្ពស់ នៅអារ៉ាប៊ីសាអ៊ូឌីត ដើម្បីរកវិធីបញ្ចប់សង្រ្គាមអ៊ុយក្រែន ដោយភាគីរដ្ឋបាលក្រុងគៀវ មិនបានចូលរួម៕

RELATED ARTICLES