Monday, November 25, 2024
Homeតារាខ្មែរភិន សុដាលីស មិនបិទផ្លូវប៉ែន ចំរ៉ុង ជួបមុខកូន

ភិន សុដាលីស មិនបិទផ្លូវប៉ែន ចំរ៉ុង ជួបមុខកូន

រហូតមកទល់ពេលនេះ កូនស្រីរបស់តារាសម្តែងភិន សុដាលីស មានវ័យ៤ខែហើយ ប៉ុន្តែ អតីតប្តីរបស់នាងលោកប៉ែន ចំរ៉ុង មិនទាន់បានជួបមុខកូនស្រីដោយផ្ទាល់នៅឡើយទេ ខណៈដែលដាលីស អះអាងថា នាងមិនបិទផ្លូវប៉ែន ចំរ៉ុង ទេ ប្រសិនបើចង់ជួបកូនស្រីនាពេលខាងមុខ…។

ចំណងស្នេហ៍ភ្លើងចំបើងរវាងភិន សុដាលីស ជាមួយពិធីករប៉ែន ចំរ៉ុង បានបញ្ចប់ទៅហើយ ដោយបន្សល់នូវដំណក់ឈាមកូនស្រីម្នាក់ ជាចំណងដៃ ដែលដាលីស និងឪពុករបស់នាង លោកអ៊ិន សុភិន ស្រលាញ់ស្ទើរលេប។ ប៉ុន្តែមានការចាប់អារម្មណ៍ថា មកទល់ពេលនេះ លោកប៉ែន ចំរ៉ុង មិនទាន់មានឱកាសបានជួបមុខកូនស្រីនៅឡើយទេ ខណៈដែលមានដំណឹងថា លោកចំរ៉ុង នៅតែអន្ទះសាចង់ជួបមុខកូនដោយផ្ទាល់។

អ្នកមេម៉ាយរូបសម្រស់ ភិន សុដាលីស បានថ្លែងឱ្យដឹងថ្មីៗនេះថា ក្រោយលែងលះ នាងនិងប៉ែន ចំរ៉ុង ពុំមានទំនាក់ទំនងអ្វីនឹងគ្នាទេ ហើយចំរ៉ុង ក៏ពុំធ្លាប់ទាក់ទងមកសុំជួបមុខកូនស្រីដែរ។

ដាលីស បញ្ជាក់ថា “ក្នុងដំណាក់កាលនេះ បើគាត់ (អតីតប្តី) ចង់ជួបកូន ក៏ខ្ញុំមិនឱ្យជួបដែរ ប៉ុន្តែនាពេលខាងមុខ នៅពេលកូនធំបន្តិច បើកូនចង់ជួបឪពុកគេ គឺស្ថិតលើការសម្រេចចិត្តរបស់កូន ខ្ញុំមិនបិទផ្លូវទាំងស្រុងទេ តែបើក្នុងអំឡុងពេលនេះ គឺអត់ទេ”។

បើទោះបីក្លាយជាអ្នកមេម៉ាយទាំងវ័យក្មេងខ្ចី តែដាលីស អះអាងថា ពេលនេះ នាងកំពុងតែមានក្តីសុខ កក់ក្តៅជាមួយកូនស្រី គឺរាល់ពេលហត់នឿយជាមួយការងារ ក៏ដូចជាជួបរឿងលំបាកចិត្ត ពេលឃើញមុខរបស់កូនស្រី បានធ្វើឱ្យនាងរសាយអស់ទុក្ខកង្វល់ទាំងឡាយ និងមានក្តីសង្ឃឹមជានិច្ច។

ដាលីស បានឱ្យដឹងដែរថា ពេលនេះនាងបានចូលប្រឡូកសិល្បៈពេញទំហឹងវិញហើយ ដែលទើបក្រសោបបានឱកាសថតជាតួឯកជាបន្តបន្ទាប់ដូចជារឿង “មន្តស្នេហ៍លេខា” និងរឿង “ផ្លូវមរណៈ” ជាដើម ខណៈដែលនាងកំពុងព្យាយាមថែសម្រស់សម្រករាង ឱ្យមានភាពទាក់ទាញជាងមុន។ អ្នកមេម៉ាយវ័យក្មេងរូបនេះ ក៏បានឱ្យដឹងដែរថា នាងកំពុងត្រៀមថតភាពយន្តខ្នាតធំថ្មីមួយទៀត ឱ្យមហាហង្ស ដែលនឹងត្រូវចាប់ដៃគូជាមួយលោក សម្បើម ស័ក្តិ តែសុំលាក់ចំណងជើងរឿងសិន ហើយក្រោយចាប់ឱកាសសម្តែងជាថ្មីនេះ នាងមិនទាន់ដឹងថា នឹងទាញបានការគាំទ្រកម្រិតណានោះទេ គឺអាស្រ័យទៅលើទស្សនិកជនជាអ្នកឱ្យតម្លៃ ខណៈដែលនាងកំពុងតែប្រឹងប្រែងលេងសិល្បៈពេញទំហឹង។

គួរបញ្ជាក់ថា មុនពេលភ្ជាប់ស្នេហ៍ជាមួយលោកប៉ែន ចំរ៉ុង តារាសម្តែងភិន សុដាលីស ឡើងកូដ លេចធ្លោនៅក្នុងអាជីពសម្តែង ដោយក្រសោបបានតំណែងជាតួឯកជាបន្តបន្ទាប់ជាង១០រឿង។ ប៉ុន្តែពេលប៉ះព្យុះរឿងអាស្រូវស្នេហាជាមួយលោកប៉ែន ចំរ៉ុង អាជីពសិល្បៈរបស់នាង ក៏ចាប់ផ្តើមធ្លាក់ចុះផងដែរ។ ប៉ុន្តែពេលនេះ នាងកំពុងប្រឹងស្តារកេរ្តិ៍ឈ្មោះជាថ្មី។

ដោយឡែកអតីតប្តីរបស់នាង លោកប៉ែន ចំរ៉ុង ក្រោយពេលប្តឹងលែងលះប្រពន្ធ និងមិនទទួលស្គាល់កូនក្នុងផ្ទៃ ក៏ចាប់ផ្តើមធ្លាក់កូដស្ទើរហៅលែងឮដែរ ដោយបាត់ឱកាសថតភាពយន្តទាំងស្រុង។ មិនត្រឹមតែប៉ុណ្ណោះ ឱកាសធ្វើពិធីករតាមកម្មវិធីផ្សេងៗ ដែលធ្លាប់ទទួលបានចំណូលយ៉ាងច្រើនក្រាស់ក្រែលនោះ ក៏លែងមានគេហៅគគ្រឹកគគ្រេងដូចមុនទៀតដែរ ពោលគឺធ្លាក់កូដបាត់ចំណូលពីសិល្បៈស្ទើរទាំងស្រុង។

ភិន សុដាលីស អះអាងថា ស្នេហារវាងនាងនិងលោកប៉ែន ចំរ៉ុង មិនអាចកើតឡើងជាថ្មីទេ ហើយនាងក៏មិនអាចលើកលែងឱ្យបានដែរ។ ប៉ុន្តែនាពេលខាងមុខ នាងមិនបិទផ្លូវដាច់ខាតមិនឱ្យឪពុកកូនជួបគ្នានោះទេ។

ចំពោះរឿងស្នេហា ដាលីស អះអាងថា នាងមិនចង់គិតជាថ្មីទេ ពោលគឺអំឡុងពេលនេះ នាងកំពុងតែជាប់រវល់ ទាំងអាជីពសិល្បៈ បើកមុខរបរតាម Online និងគ្រប់គ្រងផលិតកម្មមហាហង្ស ជាដើម…៕

RELATED ARTICLES