សហរដ្ឋអាមេរិក ៖ លោកដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក និយាយថា លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន មិនចង់បានសន្តិភាពទេ បន្ទាប់ពីមេដឹកនាំអ៊ុយក្រែន បានថ្លែងថា កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី នៅមានផ្លូវវែងឆ្ងាយ។ ជាមួយគ្នានេះ លោកត្រាំ បានបញ្ជាឲ្យផ្អាកជំនួយយោធាដល់អ៊ុយក្រែន។

តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ថា លោកហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានចេញសេចក្តីថ្លែងការណ៍ បន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំអឺរ៉ុប ថា កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី នៅវែងឆ្ងាយណាស់។
សេចក្តីថ្លែងការណ៍នេះ ហាក់ដូចជាបានធ្វើឱ្យប្រធានាធិបតីអាមេរិក លោកត្រាំ ខឹងសម្បា ដែលលោកជាអ្នកព្យាយាមជំរុញឲ្យមានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ជាមួយរុស្ស៊ី។
លោកត្រាំ បានបង្ហោះសារតាមបណ្តាញសង្គម Truth Social ដែលជាបណ្តាញសង្គមអនឡាញផ្ទាល់ខ្លួនរបស់គាត់ កាលពីថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ ថានេះជាសេចក្តីថ្លែងការណ៍អាក្រក់បំផុតដែលមេដឹកនាំអ៊ុយក្រែន អាចធ្វើបាន។

លោកត្រាំ បាននិយាយថា “អាមេរិក នឹងមិនអត់ធ្មត់ចំពោះរឿងនេះយូរទៀតទេ។ វាជាអ្វីដែលខ្ញុំតែងតែនិយាយ។ បុរសនេះ មិនចង់បានសន្តិភាពទេ។ ដរាបណាគាត់មានការគាំទ្រពីអាមេរិក»។
ជាមួយគ្នានេះ លោកត្រាំ ក៏បានអះអាងដែរថា អឺរ៉ុប បានបញ្ជាក់យ៉ាងច្បាស់ នៅក្នុងកិច្ចប្រជុំជាមួយហ្សេឡេន ស្គី នោះ ពួកគេមិនអាចធានាសន្តិភាពដល់អ៊ុយក្រែន បានទេ បើគ្មានជំនួយពីអាមេរិក។
លោកត្រាំ បន្តថា “ប្រហែលជាវាមិនមែនជាសេចក្តីថ្លែងការណ៍ល្អទេ ទាក់ទងនឹងការបង្ហាញភាពខ្លាំងប្រឆាំងនឹងរុស្ស៊ី តើពួកគេកំពុងគិតអ្វី? សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រដ៏សំខាន់របស់អ៊ុយក្រែន ក្នុងការទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី»។

ប៉ុន្តែបន្ទាប់ពីលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតី គាត់បានព្យាយាមចូលទៅជិតរុស្ស៊ី ដើម្បីរកវិធីបញ្ចប់សង្គ្រាម ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបានដូចការសន្យា ទោះបីជាអ៊ុយក្រែន មិនបានយកទឹកដីដែលបាត់បង់មកវិញក៏ដោយ។ នេះជាអ្វីដែលភាគីក្រុងគៀវ មិនអាចទទួលយកបាន។
ទំនាក់ទំនងរវាងភាគីទាំងពីរ សហរដ្ឋអាមេរិក-អ៊ុយក្រែន បានធ្លាក់ចុះដល់កម្រិតទាប នៅថ្ងៃសុក្រ ទី២៨ ខែ កុម្ភៈ ឆ្នាំ២០២៥ នៅពេលដែលហ្សេឡេនស្គី បានឈ្លោះជាមួយលោកត្រាំ និងមន្ត្រីសហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលចរចាលើកិច្ចព្រមព្រៀងចែករំលែកអត្ថប្រយោជន៍រ៉ែ ដ៏កម្រមួយ រហូតមកដល់ទីបំផុត ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង មិនបានកើតឡើងឡើយ ហើយសន្និសីទសារព័ត៌មានរួម ត្រូវបានលុបចោល។
ទោះបីជាយ៉ាងណា ក្រោយមក ហ្សេឡេនស្គី បានបន្តសម្តែងការដឹងគុណចំពោះសហរដ្ឋអាមេរិក សម្រាប់ជំនួយក្នុងរយៈពេល ៣ឆ្នាំកន្លងមក ហើយជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅតែរឹងមាំគ្រប់គ្រាន់សម្រាប់សហរដ្ឋអាមេរិក បន្តជួយអ៊ុយក្រែន។
ដោយឡែក តាមប្រភពមន្ត្រីសេតវិមាន បានបញ្ជាក់ថា ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឱ្យផ្អាកជំនួយយោធាដល់អ៊ុយក្រែន ក្រោមហេតុផលថា សហរដ្ឋអាមេរិក ផ្តោតលើសន្តិភាពហើយបច្ចុប្បន្ន សហរដ្ឋអាមេរិកកំពុងផ្អាក និងពិនិត្យជំនួយ ដើម្បីធ្វើឱ្យប្រាកដថា វានឹងជួយនាំទៅរកដំណោះស្រាយនៃបញ្ហា។
មន្ត្រីម្នាក់ទៀត បាននិយាយថា ការផ្អាកនេះ នឹងអនុវត្តចំពោះសម្ភារយោធាទាំងអស់ដែលមិនទាន់បានបញ្ជូនទៅអ៊ុយក្រែន។
មន្ត្រីសេតវិមាន ក៏បានផ្តល់ព័ត៌មានបន្ថែមផងដែរថា ការផ្អាកជំនួយនេះ គឺជាលទ្ធផលផ្ទាល់នៃអ្វីដែលលោកត្រាំ បានធ្វើ ឆ្លើយតបអាកប្បកិរិយាមិនសមរម្យរបស់ហ្សេឡេនស្គី កាលពីសប្តាហ៍មុន ហើយការព្យួរនេះ អាចត្រូវបានលុបចោល ប្រសិនបើហ្សេឡេនស្គីy បង្ហាញពីការប្តេជ្ញាចិត្តរបស់គាត់ក្នុងការចរចាដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយបានអំពាវនាវឱ្យហ្សេឡេនស្គី ទទួលស្គាល់ទំនាក់ទំនងដ៏តានតឹងនេះ កើតឡើងបន្ទាប់ពីមាន ការប៉ះទង្គិចគ្នាក្នុងការិយាល័យពងក្រពើ (Oval Office) កាលពីថ្ងៃសុក្រ សប្តាហ៍មុន។

បើតាមព័ត៌មានរបស់មន្ត្រីជាច្រើនរូប ឲ្យដឹងថា លោកត្រាំ និងទីប្រឹក្សាកំពូលរបស់គាត់ កំពុងទាមទារឱ្យហ្សេឡេនស្គី ទទួលស្គាល់កំហុសរបស់គាត់ និងសុំទោសជាសាធារណៈ មុននឹងឈានទៅមុខជាមួយនឹងកិច្ចព្រម ព្រៀងរ៉ែ ដែលជិតមកដល់៕