Thursday, March 6, 2025
Homeព័ត៌មានអន្តរជាតិពូទីន និងមីន អោងហ្លាំង ចុះកិច្ចព្រមព្រៀងសង់រោងចក្រថាមពលនុយក្លេអ៊ែរ នៅមីយ៉ាន់ម៉ា

ពូទីន និងមីន អោងហ្លាំង ចុះកិច្ចព្រមព្រៀងសង់រោងចក្រថាមពលនុយក្លេអ៊ែរ នៅមីយ៉ាន់ម៉ា

ម៉ូស្គូ (រុស្ស៉ី) ៖ លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានស្វាគមន៍មេដឹកនាំយោធាមីយ៉ាន់ម៉ា លោកមីន អោងហ្លាំង (Min Aung Hlaing) ទៅកាន់វិមានក្រឹមឡាំង ពិភាក្សាគ្នាយ៉ាងរីករាយ បន្តជោគជ័យនៃការទូត ជាមួយនឹងការចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ តូចមួយ ក្នុងប្រទេសមីយ៉ាន់ម៉ា។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ថា លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានទទួលស្វាគមន៍លោកឧត្តមសេនីយ៍ឯក មីន អោងហ្លាំង មេដឹកនាំរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា នៅវិមានប្រធានាធិបតី (វិមានក្រឹមឡាំង) ក្នុងទីក្រុងម៉ូស្គូ។ មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន រួមទាំងកិច្ចព្រមព្រៀងមួយ ដែលរុស្ស៊ី នឹងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ តូចមួយ នៅមីយ៉ាន់ម៉ា។

យោងតាមកិច្ចព្រមព្រៀង ក្រុមហ៊ុន រ៉ូសាតុម (Rosatom) ដែលជាក្រុមហ៊ុនថាមពលនុយក្លេអ៊ែររបស់រដ្ឋាភិ បាលរុស្ស៊ី នឹងក្លាយជាប្រតិបត្តិករគម្រោងនេះ នឹងអនុញ្ញាតឱ្យមីយ៉ាន់ម៉ា មានសមត្ថភាពដើម្បីផលិតថាមពលអគ្គិសនី ក្នុងកម្រិត ១០០មេហ្គាវ៉ាត់ ហើយសមត្ថភាពផលិតអាចនឹងត្រូវបានពង្រីកដល់ទៅ ៣ដង។ ប៉ុន្តែព័ត៌មានលម្អិតអំពីតាំងដែលត្រូវសាងសង់រោងចក្រអគ្គិសនីនុយក្លេអ៊ែរ នោះ មិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ខណៈ ពេលដែលការអភិវឌ្ឍបច្ចេកវិទ្យាអាវុធនុយក្លេអ៊ែរ ក្នុងប្រទេសដែលមានភាពចលាចលដូចមីយ៉ាន់ម៉ា នៅតែជាបញ្ហាដែលអន្តរជាតិព្រួយបារម្ភ។

ប្រធានាធិបតី ពូទីន បាននិយាយថា ឆ្នាំនេះ គឺជាខួបលើកទី២៥ នៃការបង្កើតទំនាក់ទំនងរវាងរុស្ស៊ី និងមីយ៉ាន់ម៉ា។ រុស្ស៉ី ត្រៀមខ្លួនជាស្រេច ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។  លោកបានបន្ថែមថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើង ៤០% បើប្រៀបធៀបនឹងកាលពីឆ្នាំមុន។

មេដឹកនាំរុស្ស៊ី ក៏បានសម្តែងការដឹងគុណជាមុនដែរ ដល់មីយ៉ាន់ម៉ា ដែលបានផ្តល់ដំរី ៦ក្បាលដល់រុស្ស៊ី ជាអំណោយ ដែលត្រូវបានចាត់ទុកថា ជាជោគជ័យនៃ “ដំរីការទូតដំរី” ដែលក្នុងនោះ ដំរី ជានិមិត្តរូបនៃទំនាក់ ទំនងការទូត ដែលមានអត្ថន័យពិសេសក្នុងការលើកកម្ពស់ទំនាក់ទំនងអន្តរជាតិ។ ថ្មីៗនេះ រុស្ស៊ី ក៏បានបញ្ចប់ការបញ្ជូនយន្តហោះចម្បាំង ៦គ្រឿង ទៅមីយ៉ាន់ម៉ា ផងដែរ ។

ការបរិច្ចាគដំរីនេះ ត្រូវបានគេមើលឃើញថា ជាសញ្ញានៃទំនាក់ទំនងជិតស្និទ្ធ និងជំនួយក្នុងវិស័យផ្សេងៗ។ នេះគឺស្របតាមទំនាក់ទំនងដែលប្រទេសទាំងពីរកំពុងព្យាយាមកសាង ចំពេលដែលមានការដាក់ទណ្ឌកម្មរបស់លោកខាងលិច បន្ទាប់ពីការចូលកាន់កាប់ដោយយោធា ក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០២១។ ទន្ទឹមនឹងនោះ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ នៅមីយ៉ាន់ម៉ា បានកើតឡើងខណៈ ពេលដែលមេដឹកនាំប្រទេសមីយ៉ាន់ម៉ា បានធ្វើដំណើរទស្សនកិច្ចលើកទីបួន របស់គាត់ ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងថាមពល ប្រឈមមុខនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច និងភាពឯកោអន្តរជាតិ។ ខណៈពេលដែលរុស្ស៊ី និងចិន គឺជាអ្នកគាំទ្រដ៏សំខាន់របស់មីយ៉ាន់ម៉ា ក្នុងវិស័យយោ ធា និងពាណិជ្ជកម្ម។

យន្តហោះចម្បាំងរុស្ស៊ី ត្រូវបានរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្រើដើម្បីវាយប្រហារតំបន់ដែលគ្រប់គ្រងដោយក្រុមជនជាតិភាគតិច ដែលភាគច្រើនជាសម្ព័ន្ធមិត្តជាមួយគណបក្សប្រឆាំងរដ្ឋាភិបាលយោធា៕

RELATED ARTICLES