ជប៉ុន ៖ ស្ត្រីជនជាតិជប៉ុន ម្នាក់ អាយុ ១០៨ឆ្នាំ ត្រូវបានទទួលស្គាល់ដោយស្ថាប័នកំណត់ត្រាពិភពលោក ហ្គីននេស (Guinness World Records) ថាជាជាងកាត់សក់ស្ត្រីវ័យចាស់ជាងគេបំផុតលើពិភពលោក បន្ទាប់ពីគាត់បានចាប់ផ្តើមប្រកបអាជីពកាត់សក់ ជាង ៩០ឆ្នាំ ។

តាមប្រភព The Guardian បានរាយការណ៍នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ថា ស្ត្រីជនជាតិជប៉ុន អាយុ ១០៨ឆ្នាំ ឈ្មោះស៊ិស៊ូអ៊ិ ហាកូអ៊ិស៊ិ (Shisui Hakoishi) ដែលត្រូវបានបញ្ជាក់ជាផ្លូវការនៅសប្តាហ៍នេះ ដោយ Guinness World Records ថាជាជាងកាត់សក់ស្ត្រីចំណាស់ជាងគេបំផុតលើពិភពលោក បាននិយាយថា គាត់មិនមានគម្រោងឈប់ធ្វើការនៅហាងកាត់សក់របស់គាត់ ក្នុងទីក្រុងណាកាហ្គាវ៉ា (Nakagawa) ខេត្តតូ
ឈិគិ (Tochigi) ប្រទេសជប៉ុន នោះទេ។
លោកយាយ ហាកូអ៊ិឈិ បានប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំពិតជាហួសចិត្ត។ ខ្ញុំដឹងគុណអ្នករាល់គ្នាក្នុងសហ គមន៍»។
គួរបញ្ជាក់ថា លោកយាយ ស៊ិស៊ូអ៊ិ ហាកូអ៊ិស៊ិ (Shisui Hakoishi) កើតនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ១៩១៦ ជាកូនទី៤ ក្នុងចំណោមបងប្អូន ៥នាក់ ក្នុងគ្រួសារកសិករ នៅទីក្រុងណាកាហ្គាវ៉ា (Nakagawa) ។ នៅពេលមានអាយុ ១៤ឆ្នាំ គាត់បានផ្លាស់ទៅរស់នៅទីក្រុងតូក្យូ តែម្នាក់ឯង ហើយរកការងារធ្វើជាជាងកាត់សក់។
លោកយាយ ហាកូអ៊ិស៊ិ បានប្រាប់កាសែត អាសាហ៊ី ស៊ីមប៊ុន (Asahi Shimbun) ថា “ខ្ញុំចង់តាមទាន់ និងលើសសិស្សច្បងរបស់ខ្ញុំ ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ដូច្នេះខ្ញុំខិតខំប្រឹងប្រែងធ្វើឲ្យអស់ពីសមត្ថភាព»។
លោកយាយហាកូអ៊ិស៊ិ បានទទួលអាជ្ញាប័ណ្ណកាត់សក់របស់គាត់ នៅឆ្នាំ១៩៣៦ មិនយូរប៉ុន្មានមុនថ្ងៃខួបកំណើតអាយុ ២០ឆ្នាំ របស់គាត់ ហើយបានបើកអាជីវកម្មផ្ទាល់ខ្លួនជាមួយស្វាមីរបស់គាត់ ឈ្មោះ ជីរ៉ូ (Jiro) នៅបីឆ្នាំក្រោយមក។
លោកយាយ ហាកូអ៊ិស៊ី បានរៀបរាប់ពីទុក្ខលំបាកដែលគ្រួសារគាត់ជួបប្រទះក្នុងសង្គ្រាម ជាមួយមិត្តភក្តិ និងអ្នកជិតខាង មកអបអរសាទរជោគជ័យនៃការបំបែកកំណត់ត្រាពិភពលោករបស់គាត់ ជាជាងកាត់សក់វ័យចាស់ជាងគេ លើពិភពលោក។ ហាងកាត់សក់របស់គាត់ ត្រូវបានបំផ្លាញនៅក្នុងការវាយឆ្មក់តាមអាកាស ធ្វើឱ្យគាត់ត្រឡប់ទៅណាកាហ្គាវ៉ា វិញ ហើយស្វាមីរបស់គាត់ ដែលត្រូវបានបញ្ចូលទៅក្នុងកងទ័ពអធិរាជជប៉ុន ដើម្បីប្រយុទ្ធនោះ មិនបានត្រឡប់មកផ្ទះវិញទេ។ គាត់មិនត្រូវបានជូនដំណឹងជាផ្លូវការអំពីការស្លាប់របស់ស្វាមីគាត់ រហូតដល់ឆ្នាំ ១៩៥៣។ នៅឆ្នាំនោះ លោកយាយ ហាកូអ៊ិស៊ិ បានសម្រេចចិត្តបើកហាងកាត់សក់បុរស នៅណាកាហ្គាវ៉ា ។ គាត់តែហាត់ប្រាណជារៀងរាល់ព្រឹក តាំងពីមានអាយុ ៧០ឆ្នាំមក។ គាត់ត្រូវបានជ្រើសរើសជាអ្នកកាន់ភ្លើងគប់សម្រាប់កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២១។

លោកយាយ ហាកូអ៊ិស៊ិ សារភាពថា បច្ចុប្បន្នគាត់ឈឺជង្គង់បន្តិច មិនអាចកាត់សក់ឱ្យបានញឹកញាប់ តាមដែលចង់បាននោះទេ។ គាត់បាននិយាយថា «ជីវិតខ្ញុំពោរពេញទៅដោយការលំបាក តាំងពីក្មេង។ ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្តណាស់។ អ្នកខ្លះធ្វើដំណើរមកពីទីឆ្ងាយ ដើម្បីមើលខ្ញុំ ដូច្នេះខ្ញុំចង់ទុកសក់ឲ្យវែង តាមដែលអាចធ្វើទៅបាន»។
ប្រទេសជប៉ុន ដែលបានចូលទៅក្នុងសង្គមវ័យចំណាស់ មានមនុស្សចាស់ ជាង៣៦លាននាក់ដែលស្មើនឹងជិត ៣០ភាគរយ នៃប្រជាជនប្រទេសនេះ។ បើតាមព័ត៌មានរបស់ក្រសួងកិច្ចការផ្ទៃក្នុងជប៉ុន លោកយាយ ហាកូអ៊ិស៊ិ គឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្ស ៩៥ ០០០នាក់ដែលមានអាយុលើសពី ១០០ឆ្នាំ៕