ភ្នំពេញ: រថយន្តដឹកខ្សាច់មួយគ្រឿង បានបើកបបរក្នុងល្បឿនលឿនហួសកំណត់ធ្វើអោយរថយន្តដាច់ប៉ុងចង្កូតខាងស្ដាំ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងមួយចំហៀង ចាក់ខ្សាច់ចោលពេញផ្លូវ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ចំនុចវាលស្ងាត់ ផ្លូវ៣០ម៉ែត្រ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ
តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋដែល ឃើញហេតុការណ៍ បានអោយដឹកថា គេបានឃើញ រថយន្តបែនដឹកខ្សាច់មួយគ្រឿង ម៉ាក នីសាន់ ពណ៌ត្របែកព្រៃ ពាក់ស្លាកលេខ ភ្នំពេញ3A 9113 បើកបរដោយបុរសម្នាក់ ដឹកខ្សាច់ពេញមួយរថយន្ត បានធ្វើដំនើរតាមផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅ ពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុ ក៏ស្រាប់តែរថយន្ត បានដាក់ប៉ុងចង្កូតចំហៀងខាងស្ដាំ បណ្តាលអោយរថយន្តរេចង្កូតក្រឡាប់ផ្ងារជើងមួយចំហៀងចាក់ខ្សាច់ចោលពេញផ្លូវ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អ្នកបើកបរនិងអ្នកធ្វើដំណើរណានោះទេ ។ ហើយភ្លាមៗអ្នកបើកបររថយន្តបង្ករបានបើកទ្វារថយន្តរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែង កើតហេតុរួចបានពិនិត្យមើលឃើញថាមិនមានប៉ះពាល់ដល់សម្បត្តិរដ្ឋនិងអ្នកដទៃ រថយន្តត្រូវបានអោយម្ចាស់ហៅរថយន្តមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕