Wednesday, April 2, 2025
Homeតារាខ្មែរនី មុនីនាថៈ សប្បាយចិត្ត ចាប់ដៃគូចាស់  ខេមរៈ សិរីមន្ដ

នី មុនីនាថៈ សប្បាយចិត្ត ចាប់ដៃគូចាស់  ខេមរៈ សិរីមន្ដ

ភ្នំពេញ ៖ តារាសម្តែង នី មុនីនាថ បានវិលត្រឡប់មកចាប់ដៃគូចាស់ ជាមួយលោកខេមរៈ សិរីមន្ដ (ខែម ប៊ុនថៃ) នៅឆ្នាំ២០២៥ តាមរយៈ MV បទ «តាលុងខេមរៈខ្មែរ» ច្រៀងដោយលោកប៊ុនថៃ ។ នេះជាកាជួបគ្នាម្ដងទៀតរបស់មុនីនាថ បន្ទាប់ពីនាងធ្លាប់ថតបទលោកសិរីមន្ដ ចុងក្រោយ «កំលោះដង្ខៅក្របី» កាលពីជិត ១០ឆ្នាំមុន ដែលកាលនោះ សិរីមន្ដ ច្រៀងឲ្យសាន់ដេ ។

នី មុនីនាថ ប្រាប់អ្នកយកព័ត៌មាន «នគរធំ » កាលពីរសៀលថ្ងៃទី២៦ មីនា ឆ្នាំ២០២៥ ថានាងមានអារម្មណ៍រីករាយដែលបានថតបទថ្មីរបស់លោកសិរីមន្ដ ឡើងវិញ ក្រោយធ្លាប់ថតបទរបស់គាត់ នៅសាន់ដេ កាលពីជិត ១០ឆ្នាំមុន ។ មុនីនាថ ថាសម្រាប់ឆ្នាំនេះ នាងទើបតែទទួលថតបានបទប្រពៃណីខ្មែរ សម្រាប់ពិធីចូលឆ្នាំ តែបទលោកសិរីមន្ដ នេះទេ ហើយតាមពិត មិនមែននាងបន្ធូរដៃការងារសិល្បៈទេ ប៉ុន្ដែមកពីគេអត់ហៅថត ។ មុនីនាថ បញ្ជាក់ថាលោកសិរីមន្ដ ទោះជាពេលនេះឡើងជាឧកញ៉ា មែន តែគ្មានការប្រែប្រួលឡើយ គឺនៅតែរាប់អាន និងមានភាពស្និទ្ធស្នាលជាមួយនាងជាធម្មតាដូចមុន។

 ឆ្លើយតបសំណួរថា តើហេតុអ្វីបានជា មុនីនាថ មិនសូវមានសកម្មភាពសិល្បៈច្រើនដូចឆ្នាំមុនៗ? តារាទឹកភ្នែករូបនេះ ប្រាប់ថា បញ្ហានេះគឺដោយសារតែផលិតករទាំងឡាយ ដឹងថានាងនៅជាប់កុងត្រាជាមួយផលិតកម្មសាស្រ្ដាហ្វីម មិនទាន់ផុតកុងត្រា ទើបគេមិនហ៊ានហៅ ។ ប៉ុន្ដែនាងថា នៅចុងឆ្នាំ២០២៥ នេះនាងនឹងផុតកុងត្រាជា​មួយសាស្រ្ដាហ្វីម ហើយ ដែលពេលនោះ អាចថតសម្ដែងផលិតកម្មទូទៅដូចមុន ។

នី មុនីនាថ បានចុះកុងត្រាថតភាពយន្ដ ឲ្យផលិតកម្មសាស្រា្ដហ្វីម ផ្ដាច់មុខ រយៈពេល៥ឆ្នាំ (២០២០-២០២៥) ទើបធ្វើឲ្យនាងបាត់បង់ឱកាសធ្វើជាតួឯករឿងរបស់ផលិតកម្មផ្សេងៗទាំងស្រុង និងបាត់បង់ភាពលេចធ្លោមួយកម្រិត ។ ប៉ុន្ដែនាងថា គ្មានការសោកស្ដាយនោះទេ ព្រោះមុននឹងចុះកុងត្រា នាងនិងសាស្រ្ដាហ្វីម ក៏បាននិយាយនិងយល់ពីគ្នាច្បាស់លាស់ដែរ។នាងថា សាស្រ្ដាហ្វីម បានផ្ដល់ការងារសិល្បៈ ឲ្យនាងពេញចិត្ត អត់មានអាកអន់ស្រពន់ចិន្ដា ឡើយ ហើយនៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ នាងនឹងផុតកុងត្រាហើយ។

 អំឡុងពេលដែលនី មុនីនាថ មិនសូវសកម្មការថតភាពយន្ដដូចមុននេះ គេឃើញនាងចេញមុខបរិច្ចាគឈាម ជាបន្ដបន្ទាប់ ដែលនេះជាគំរូល្អមួយសម្រាប់តារាទូទៅចូលរួមជួយសង្រ្គោះជីវិតដល់ពលរដ្ឋដែលត្រូវការឈាមជាចាំបាច់។ ជាពិសេសនាងក៏បានបង្កើតមូលនិធិឈាម ដើម្បីផ្តល់អំណោយឈាមជូនអ្នកជំងឺដែលត្រូវការឈាមផងដែរ។

នី មុនីនាថ ថ្លែងថា នាងបានបរិច្ចាគឈាម តាំងពីឆ្នាំ២០២០ ហើយជំហរនេះ នៅតែប្រកាន់តទៅទៅមុខទៀត។ នាងថា ក្នុងនាមជាតារាម្នាក់ សប្បាយចិត្តដែលបានផ្ដល់ឈាម ជួយសង្រ្គោះដល់ជីវិតពលរដ្ឋដែលត្រូវការឈាមជាចាំបាច់ ទោះជាពេលខ្លះ ជួយបានទាន់ពេល និងពេលខ្លះមិនអាចជួយជីវិតពួកគាត់បានក្ដី ។ ទាក់ទងរឿងផ្ដល់ឈាមនេះ នាងថា នឹងមានកម្មវិធីធំមួយ នៅថ្ងៃទី៦ ខែមេសា ខាងមុខនេះ នៅផ្សារអូឡាំព្យ៉ា (អូឡាំ​ពិក) ដែលកម្មវិធីនោះ ចាប់ផ្ដើមពីម៉ោង១ ដល់៥រសៀល ព្រមទាំងមានការសម្ដែងសិល្បៈរឿង «ទុំទាវ» ផងដែរ ។

អំឡុងពេលដែលនី មុនីនាថ រយាលៗពីការថតភាពយន្ដនោះ នាងក៏បានបើកហាងសាឡន មួយ នៅម្ដុំមន្ទីពេទ្យកុមារជាតិ  ប៉ុន្ដែមិនមានធ្វើពិធីសម្ពោធនោះទេ ស្របពេលដែលរឿងស្នេហា ស្ងាត់សូន្យឈឹង បើទោះជានាងធ្លាប់និយាយថា មានគូដណ្ដឹងជាអ្នកជំនួញខ្មែរ-អូស្រា្ដលី តាំងពីឆ្នាំ២០២០ ក្ដី ។

ក្នុងសំឡេងលាយឡំសំណើច នី មុនីនាថ ថានាងស្ទើតែភ្លេចទៅហើយ បើកុំតែបានអ្នកកាសែត រំលឹកនាង។ នាងថា គិតមកដល់ឆ្នាំ២០២៥ នេះនាងនៅតែមិនអាចកំណត់ថា ប៉ុន្មានឆ្នាំទៀត ទើបរៀបការទេ ព្រោះនាងជាកូនច្បងក្នុងគ្រួសារ ត្រូវទទួលបន្ទុកគ្រួសារ ។ ប៉ុន្ដែនាងថាឃើញមិត្តភក្ដិរៀបការ និងមានកូន នាងមានអា​រម្មណ៍រំភើបជំនួសពួកគេ ៕

RELATED ARTICLES