ភ្នំពេញ ៖ ថុល សុភិទិ ដែលថៅកែហង្សមាស រុញឲ្យទៅជ្រកនៅ Gen Musix នោះ ម្ដងម្កាលនៅតែធ្វើគេភ្ញាក់ផ្អើលដែរ ព្រោះមុននេះ ល្បីបទ «ថ្ងៃដែលរង់ចាំ» ដែលបទនេះ មានការនិយមយកទៅច្រៀងនៅកម្មវិធីមង្គលការ ឬអ្នកនឹកដល់អនុស្សាវរីយ៍ថ្ងៃរៀបការរបស់ពួកគេចែកចាយ (Share) ជាដើម ។ អ្វីដែលគួរឲ្យចាប់អារ ម្ម ណ៍ផងដែរ នៅឆ្នាំ២០២៦ សុភិទិ មិនពឹងទៅលើការទម្លាក់បទចម្រៀងពីផលិតកម្ម ទាំងស្រុងទេ ហើយថ្មីៗនេះ លោកបានងាកទៅចាប់ដៃគូច្រៀង Cover ឆ្លងឆ្លើយជាមួយតារាចម្រៀងរៀមច្បង លោកសាពួន មីដាដា អតីតតារាហង្សមាស ទៀតផង។ បទដែលភិទិ ច្រៀងជាមួយលោកមីដាដា បាន២បទហើយ គឺ «គ្រប់យ៉ាងដើម្បីអូន» និង «និយមន័យស្នេហ៍» ដែលសុទ្ធតែទទួលការគាំទ្រច្រើនគួរសម ពីអ្នកលេងបណ្ដាញសង្គម តែអ្នកខ្លះថា លោកមីដាដា ដែលខានច្រៀងច្រើនឆ្នាំ និងញាំញីទៅដោយរឿងនយោបាយនោះ ពិបាកស្ដារមុខមាត់បានដូចមុនវិញណាស់ ។

តើថុល សុភិទិ ចង់ធ្វើឲ្យលោកសាពួន មីដាដា ល្បីឡើងវិញ ឬលោកចង់ល្បីថែមទៀត?

លោក ហួរ ឡាវី ប្រាប់អ្នកយកព័ត៌មាន «នគរធំ» នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ថា ការខាន ច្រៀងច្រើនឆ្នាំ របស់សាពួន មីដាដា ហើយពេលនេះ វិលមកច្រៀងវិញ អត់បញ្ហាទេ ព្រោះជាង ១ខែមុននេះ លោកទើបជួបមីដាដា នៅកម្មវិធីមួយ ហើយពេលឃើញគាត់ឡើងច្រៀង គឺនៅតែល្អ សំឡេងមិនប្រែប្រួល ឬធ្លាក់ខ្លាំងទេ ។ ប៉ុន្ដែលោកឡាវី ថា មីដាដា ច្រៀងបានតែបទប្រភេទស្លូវ ចង្វាក់ឆាឆាឆា បើបទបែបស្ទាវ គាត់ច្រៀងមិនកើតទេ ។

ឪពុកតារាចម្រៀង វី ឌីណែត រូបនេះ ថែមទៀតថា លោកបានស្គាល់បទល្បីៗ របស់សាពួន មីដាដា និងបានជួបគ្នា ជាញឹកញាប់ទៀតផង ព្រោះលោក និងឪពុកមីដាដា ជាមិត្តភក្ដិ ។ ប៉ុន្ដែលោកឡាវី ថាលោកមិនស្គាល់លោកថុល សុភិទិ ទេ ព្រោះជាតារាថ្មី ស្រករក្រោយ លោកមិនចាំ ។

ថុល សុភិទិ អាយុ២៩ឆ្នាំ ជាអតីតបេក្ខភាព Cambodian Idol រដូវកាលទី៤ អាយុប្អូនលោកសាពួន មីដាដា ២១ឆ្នាំ (សាពួន មីដាដា អាយុ៥០ឆ្នាំ) ខណៈអំឡុងពេលលោកមីដាដា កំពុងល្បីល្បាញខ្លាំង កាលពីឆ្នាំ២០០៤ ក្រោយចេញបទ «អ្វីគ្រប់យ៉ាងដើម្បីអូន» កាលនោះលោកភិទិ ទើបមានមានអាយុ៧ឆ្នាំ។ ប៉ុន្ដែពេលនេះ សិស្សប្អូន និងសិស្សច្បង បានចាប់ដៃគ្នាច្រៀងឆ្លងឆ្លើយ ទើបធ្វើឲ្យលោកមីដាដា ដែលស្ងប់ស្ងាត់ពីអាជីពចម្រៀង ជាច្រើនឆ្នាំនោះ ត្រូវបានគេឃើញលោកច្រៀងបទល្បីៗរបស់ខ្លួនឡើងវិញ ខណៈដែលមុននេះ លោកវក់វីមមាញឹកតែរឿងនយោបាយ ជាងច្រៀងរាំ ។ សកម្មភាពរបស់លោកភិទិ ក៏ត្រូវបានអ្នកលេងបណ្ដាញសង្គម សរ សើរថា ចេះគាស់កកាយតារាជើងចាស់ដែលបាត់មុខ មកវិញ ប៉ុន្ដែអ្នកខ្លះ បែរជាថាកូនមន្រ្ដីធំផ្កាយ២ រូបនេះ ចង់តោងតារារៀមច្បង ដើម្បីឲ្យទីផ្សារចម្រៀងខ្លួន មានការប្រែប្រួលទៅវិញ ។

ថុល សុភិទិ ទោះជាបរាជ័យលើកពាន Cambodian Idol រដូវកាលទី៤ ប៉ុន្ដែនៅឆ្នាំ២០២៦ នេះ តារាលេងម៉ូដសាក់រូបនេះ ហ៊ឺហាដល់កំពូល ក្រោយលោកភ្ជាប់ស្នេហ៍ជាមួយអ្នកលក់ឡេ ឡុង ម៉ានីន ជិត៤ឆ្នាំ ។ សុភិទិ ជិះរថយន្ដ ៣គ្រឿង ឆ្លាស់គ្នា មានតម្លៃជិត ២លានដុល្លារ គឺ Roll Royce ១គឿង និង Lamborghini ២គ្រឿង ។ ប៉ុន្ដែមិនទាន់មានដំណឹងភិទិ និងគូស្នេហ៍ ត្រៀមដឹកដៃគ្នាចូលរោងការជាមួយបណ្ដូលចិត្តទេ បន្ទាប់ពីលោកបាន លុតជង្គង់ បំពាក់ចិញ្ចៀនពេជ្រ ១វង់ សុំអូន ឡុង ម៉ានីន រៀបការ នៅថ្ងៃខួបកំណើតម៉ានីន គម្រប់២៧ឆ្នាំ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក៏ដោយ ។ តាមប្រភពថា សុភិទិ ក្រៅពីចាប់ដៃជាមួយលោក សាពួន មីដាដា ច្រៀង Cover បទចាស់របស់មីដាដា ឡើងវិញនោះ លោកក៏សម្លឹងមើលតារាផ្សេងៗទៀតដែរ ក្នុងការធ្វើជាដៃគូ ព្រោះក្រៅពីធ្វើឲ្យទីផ្សារចម្រៀងរបស់លោក មានសកម្មភាពច្រើននោះ ក៏ជួយដល់មុខជំនួញ Online របស់ប្រពន្ធលោកដែរ ។

ក្រៅពីថុល សុភិទិ តារាយកប្រពន្ធមេម៉ាយ មានដូចជា លោកជា វិបុល, អ៊ិន សុបញ្ញា ហៅផាណូ, ព្រីង ច័ន្ទបុត្រ, សយ រតនៈ និង រស់ រាជ្ជសាល ជាដើម ។ ចំណែកលោកសាពួន មីដាដា ក្រោយចែកផ្លូវអ្នកនាងសឿ សុធារ៉ា កាលពីឆ្នាំ២០២១ ពេលនេះ លោកមិនទាន់មានប្រពន្ធថ្មីទេ។ ប៉ុន្ដែកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបង្ហាញសញ្ញាចង់បានភួយសាច់ដោយថ្លែងថា «អ្នកធំយកប្រពន្ធថ្មីទៀតបាន ខ្ញុំអ្នកតូច ក៏អាចយកប្រពន្ធថ្មីទៀតបានដែរ»៕
