ភ្នំពេញ ៖ រចនា រ៉ាវាឌី ជាដៃគូដ៏ស៊ីសង្វាក់គ្នាបំផុតរបស់លោកព្រីន ព្រោះធ្លាប់ទៅណាជាមួយគ្នាតែពីរនាក់ ដូចជាញាំអាហារ នាពេលនាត្រី និងជិះរថយន្ដទៅខេត្តឆ្ងាយៗទៀតផង រហូតដល់អ្នកខ្លះបានហៅរ៉ាវាឌី ថាជាស្រីស្នេហ៍ ឬប្រពន្ធលោកព្រីន (Prince) ។ ដោយសារតែគ្រប់គ្នាចេះតែថា រចនា មានអង្គរក្សបេះដូងរួចទៅហើយបែបនេះ ទើបធ្វើឲ្យតារាសម្ដែងរូបស្រស់នេះ លែងមានអ្នកតាមញ៉ែដូចមុនទៀត ព្រោះតែគេខ្លាចលោកព្រីន ប្រចណ្ឌ។

ក្នុងជំនួបជាមួយរចនា រ៉ាវាឌី កាលពីថ្ងៃទី៦ ខែមេសា ស្រីស្រស់បែរជាប្រកែកញ៉ាញ ពីទំនាក់ទំនងស្នេហារវាងនាងនិងប្រុសរូបសង្ហា លោកព្រីន នោះទៅវិញ ហើយនាងថែមទាំងប្រកាសជាសាធារណៈថា អត់ត្រូវការសង្សារ ឬប្ដី ជាប្រុសស្អាតជាដាច់ខាត។

រចនា រ៉ាវាឌី ប្រាប់ «នគរធំ» ថា នាងនិងលោកព្រីន តាំងពីដើមមក អត់ដែលមានគំនិតអីថាស្រលាញ់គ្នាទេ ។ នាងថាទំនាក់ទំនងរវាងនាងនិងលោកព្រីន ប្រៀបដូចជាមិត្តភក្ដិ ធ្វើការជាមួយគ្នា យល់ចិត្តគ្នា សង់តង់គ្នា គឺពួកម៉ាក ដើរជាមួយគ្នា យល់ចិត្តគ្នា ។

រចនា រ៉ាវាឌី វាចាថា «សម្រាប់អនាគត ខ្ញុំអត់ដឹងទេ រឿងគូស្រករ ប៉ុន្ដែសព្វថ្ងៃនេះ ទិសដៅរបស់ ខ្ញុំអត់ចង់បានអ្នកសិល្បៈដូចគ្នាធ្វើប្ដីទេ ។ ខ្ញុំអត់ស្រលាញ់មនុស្សប្រុសស្អាតទេ។ដោយសារតែគេនៅតែយល់ច្រឡំ ហើយខ្ញុំអត់ដឹងថាប្រើវិធីសាស្រ្ដបែបម៉េចទេ ដើម្បីឲ្យបងប្អូនទាំងអស់គ្នា ឈប់យល់សង្ស័យថា ខ្ញុំនិងគាត់ (ព្រីន) ត្រូវជាអ្វីនឹងគ្នាទៀត បើមិនអ៊ីចឹងទេ ខ្ញុំនឹងពិបាករកគូ ។ មិនមែនតែក្នុងសិល្បៈទេ ប៉ុន្ដែបងប្អូននៅតាមខេត្ត ពួកគាត់យល់ច្រឡំថាយើងជាប្ដីប្រពន្ធគ្នាទៀតផង»។

រចនា រ៉ាវាឌី ថាមូលហេតុដែលនាងមិនចង់បានសង្សារ ឬប្ដីជាប្រុសស្អាត ព្រោះតែនាងគិតថាខ្លួននាងផ្ទាល់ ស្អាតមិនដល់កម្រិតកំពូល ។ នាងថា មនុស្សយើងគ្មានអ្នកណាម្នាក់ល្អឥតខ្ចោះ (Perfect) នោះទេ ហើយនាងក៏មិន Perfect ដែរបើនាងយកគេស្អាតមក Perfect ពេក នោះនាងក៏គ្មានភាពជឿជាក់លើខ្លួនឯងដដែល។ នាងថាឆ្ងល់នឹងខ្លួនឯងតែម្ដង ព្រោះតាំងពីគេច្រឡំថានាងជាប្រពន្ធលោកព្រីន មក អត់មានអ្នកញ៉ែសោះ ស្ងាត់ឈឹង ឬមួយគេគិតថានាងស្អាតពេកទេដឹង? នាងថា ដឹងខ្លួនឯងថាមិនមែនជាស្រីស្អាតទេ ប៉ុន្ដែនាងជាមនុស្ស ស្រីដែលមានអំណោយទាន ហើយអ្នកដែលមើលឃើញភាពស្អាតរបស់នាង គឺពីខាងក្នុង ហើយនាងក៏មិនមែនជាស្រីដែលចេះតែខ្មើត ពេលគេញ៉ែនោះទេ តែបើនាងមិនមិនពេញចិត្តនាងប្រាប់ត្រង់ទៅវិញតែម្ដងថា នាងអត់ចូលចិត្តលេងអីចឹងទេ ។

រចនា រ៉ាវាឌី អាយុ២៥ឆ្នាំ មានទម្ងន់ ៦០គ.ក្រ កម្ពស់ ១,៦៨ម៉ែត្រ ជាតារាបង្ហាញម៉ូដ សម្ដែងភាពយន្ដ និង MV ហើយជាង ១ឆ្នាំមកនេះ គេមិនសូវឃើញនាងមានសកម្មភាពច្រើនក្នុងសិល្បៈនោះទេ ព្រោះតែនាងជាប់ដៃរកស៊ី។ នាងថា បានផ្អាកថតភាពយន្ដ តាំងពីឆ្នាំ២០២៤ ដោយសារតែមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការសម្ដែងរឿង ប្រើពេលយូរថ្ងៃ ។ ប៉ុន្ដែបើរឿងនោះថតតែពី ៧ទៅ១០ថ្ងៃ នោះនាងនឹងទទួលសម្ដែងធម្មតា ដោយអាចលេងបានជាតួរងក៏បាន មិនចាំតែតួឯកទេ ឲ្យតែតួនោះសំខាន់ស្មើឬប្រហែលនឹងតួឯកដែរ នាងនឹងលេង ។

សូមបញ្ជាក់ថា ក្រៅពីប្រុសស្អាត Prince កញ្ញា រចនា រ៉ាវាឌី ក៏មានលោកប៉ែន ភ័ក្រ្ដសុធារិទ្ធ ដែរ ដែលស្និទ្ធស្នេហ៍នាង រហូតពេលខ្លះមានគេខ្សឹបខ្សៀវថា នាងស្នេហ៍ប្រុស២ ក្នុងពេលតែមួយទៀតផង ។ តែពេលនេះមិនត្រឹមតែប្រុសទាំងពីរនាក់ទេ ប៉ុន្ដែ រចនា បានប្រកាសជាសាធារណៈថា នាងគ្មានផែនការយកសង្សារ ឬប្ដី ជាប្រុសស្អាតឡើយ ហេតុនេះឈប់ច្រឡំថានាងស្រលាញ់ប្រុសស្អាតតទៅទៀតទៅ ។ រចនា បញ្ជាក់ថា អនាគតស្វាមីនាង ទាល់តែបុរសនោះត្រូវតាមលក្ខខណ្ឌដែលនាងចង់បាន ទើបនាងព្រមយក ដោយមិនគិតពីរូបសម្រស់ជារឿងសំខាន់បំផុតឡើយ ។

ទស្សនិកេជនរង់ចាំមើលថា រចនា រ៉ាវាឌី នឹងយកប្ដីជាប្រុសមិនស្អាត មិនសង្ហា ដូចនាងថាមែន ឬគ្រាន់តែជាការនិយាយកុំឲ្យគេថានាងប្រពន្ធលោកព្រីន ទៀត? …៕

