ទីផ្សាររថយន្ត៖ ថ្វីបើតារាងពន្ធត្រូវបានកាត់បន្ថយហើយតម្លៃនាំចូលចុះថោកយ៉ាងណាក្តី ក៏ប្រជាជនវៀតណាមចាំបាច់នៅតែចំណាយប្រាក់ខ្ពស់ដដែលក្នុងការទិញរថយន្តដោយសារតែពន្ធអាករនិងតម្លៃហាងឆេងលក់ថ្លៃ ។
យោងតាមទីភ្នាក់ងារ GDC ក្នុងអំឡុងខែមករាឆ្នាំ២០១៧ វៀតណាមបាននាំចូលរថយន្តចំនួន១.០០០គ្រឿងពីប្រទេសឥណ្ឌាដែលមានតម្លៃទឹកប្រាក់សរុបចំនួន៣,៧លានដុល្លារ ។ ចំណែកតម្លៃនាំចូលជាមធ្យមគឺត្រឹមតែ៣.៧០០ដុល្លារឬ៨៥លានដុង ជាហាងឆេងកម្រិតធូរថ្លៃគួរឲ្យកត់សម្គាល់និងអាចនិយាយបានថាតម្លៃថោកបំផុតផងដែរ ។ ការនាំចូលពីប្រទេសឥណ្ឌាភាគច្រើនគឺរថយន្ត Hyundai i10 និង i20 ។
ទោះជាយ៉ាងណាពលរដ្ឋវៀតណាមមិនអាចទិញរថយន្តនាំចូលដែលមានតម្លៃ៨៥លានដុងបានឡើយពោលគឺពួកគេនឹងចាំបាច់ត្រូវចំណាយ៤ទៅ៥ដងលើសពីនេះទៅទៀតដើម្បីទិញបានរថយន្តមកប្រើប្រាស់ ។
ស្របពេលដែលមានការពន្យល់ពីសំណាក់អាជីវករលក់រថយន្តមួយដែលលើកឡើងថា ការនាំចូលពីឲឥណ្ឌាត្រូវបានហូតយកពន្ធ៧០%ឯណោះ ។ក្រៅពីនេះពួកគេក៏ជាប់កាតព្វកិច្ចពន្ធមួយចំនួនទៀតរាប់បញ្ចូលពន្ធរថយន្តប្រណីត ៣៥%សម្រាប់រថយន្តចំណុះម៉ាស៊ីន១,៥លីត្រ(១៥០០សេសេ) និងពន្ធបន្ថែមលើតម្លៃទំនិញ១០% ។
មួញវិញទៀតការនាំចូលក៏មានបន្ទុកចំណាយលើការបង់ថ្លៃផ្សេងៗមួយចំនួនទៀតផងដែរដូចជា ថ្លៃចុះបញ្ជីកម្មសិទ្ធិ ១០ទៅ២០%ឬ២៣៣ទៅ២៣៧លានដុង ថ្លៃចេញស្លាកលេខ២០លានដុងក្នុងទីក្រុងហាណូយ ថ្លៃចុះបញ្ជី៣៤០.០០០ដុងដែលមិនធ្លាប់មាន និងតម្លៃថែទាំផ្លូវ១៣ម៉ឺនដុងក្នុងមួយខែ ។ បច្ចុប្បន្នរថយន្ត Hyundai i10 ត្រូវបានលក់ចេញក្នុងតម្លៃហាងឆេង៣៥០ទៅ៤៥០លានដុងលើទីផ្សារវៀតណាម ឬខ្ពស់ជាងតម្លៃចេញពីរោងចក្រ៥ដង ។
ទោះជាយ៉ាងណាការនាំចូលពីប្រទេសអាស៊ានក៏មាននិន្នាការដូចគ្នានេះដែរ ថ្វីបើពន្ធនាំចូលត្រូវបានកាត់បន្ថយ៤០% ឬ ៣០%ចាប់តាំងពីដើមឆ្នាំ២០១៧យ៉ាងណាក្តី ក៏តម្លៃលក់ចេញគឺនៅតែខ្ពស់ជាងហាងឆេងនាំចូល៤ទៅ៥ដងផងដែរ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា