ភ្នំពេញ ៖ តារាសម្តែង និងជាពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន បានប្រារព្ធខួបកំណើតគម្រប់ ៣៥ឆ្នាំ ស្ងាត់ៗ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ដោយនាងអះអាងថា ថ្ងៃខួបឆ្នាំនេះ គឺនាងទទួលបានកាដូធំបំផុតក្នុងជីវិត មិនធ្លាប់មានពីមុន ដែលគេជឿថា គឺជាការមានផ្ទៃពោះកូនដំបូងរបស់នាងនោះតែម្ដង ។ តារារួមអាជីព និង Fan បានផ្ញើសារជូនពរនីរ័ត្ន ជាបន្ដបន្ទាប់តាំងពីថ្ងៃខួបកំណើត រហូតមកដល់ពេលនេះ ខណៈដែលនីរ័ត្ន ដែលពពោះកូនទី១ ជិត៥ខែទៅហើយនោះ ទោះជាពេលនេះដឹងលទ្ធផលថា បានកូនប្រុសឬស្រី ទៅហើយក្ដី ប៉ុន្ដែនាងមិនទាន់បង្ហើបប្រាប់ភេទកូនខ្លួន ទៅអ្នកដែលតាមសួរនោះទេ ។ ចំណែកស្វាមីនាង លោក ឌី ពេជ្រ កាលពីពេលថ្មីៗនេះ បានបណ្ដើរនីរ័ត្ន ទៅចូលរួមកម្មវិធីផ្សេងៗ ដោយបញ្ចេញសកម្មភាពថ្នាក់ថ្នមប្រពន្ធ ដូចជាយកដៃទៅស្ទាបអង្អែលផ្ទៃពោះនីរ័ត្ន ដោយថ្នមៗ និងថើបថ្ងាសប្រពន្ធ នៅចំពោះមុខភ្ញៀវជាច្រើន ។ តារាជាច្រើន បានហៅនីរ័ត្ន ជាតារាមានសំណាងព្រោះបានស្វាមីថ្នមដូចព្រះនាង ខណៈដែលតារាមួយចំនួន ហៅនាងថា «ជំទាវ» ទៀតផង បើទោះជាពិធីការិនីបាយ័នរូបនេះ មិនសម្ញែងអង្គរក្សហែហមឆ្វេងស្ដាំដូចប្រពន្ធមន្រ្ដីធំផ្សេងទៀតក្ដី ។

សូមបញ្ជាក់ថា ហ៊ិន ច័ន្ទនីរ័ត្ន បានផ្អាកសកម្មភាពសិល្បៈ ស្ទើតែទាំងស្រុងទៅហើយនៅពេលនេះ ដោយ សារតែសម្ងំថែរក្សារគភ៌ ហើយតាមគម្រោង នាងអាចនឹងសម្រាលកូននាអំឡុងខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។ ប៉ុន្ដែនីរ័ត្ន ដែលមានប្ដីជាបុរសទ្រព្យស្ដុក កូនមន្រ្ដីធំ មិនមែនដេកចាយលុយស្វាមីនោះទេ ព្រោះពេលនេះ ទោះជានាងថតសម្ដែងមិនកើតដោយសារតែមានផ្ទៃពោះ តែនាងនៅតែចេញមុខលក់ផលិតផល Online ដដែល ដោយពេលខ្លះស្វាមីនាងជួយនីរ័ត្ន ក្នុងការថតផ្សព្វផ្សាយទៀតផង ។

សូមរំលឹកថា ហ៊ិន ច័ន្ទនីរ័ត្ន អតីត Freshie លេខ១ ឆ្នាំ២០០៧ បានបញ្ចប់រឿងគេថានាងមានស្នេហាមិនសូវសមប្រកប ដោយដឹកដៃបុរសពោះម៉ាយកូន ១លោកឌី ពេជ្រ រៀបការកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ហើយមុន ពពោះ នាងនៅតែបន្ដអាជីពជាពិធីការិនីទូរទស្សន៍ និងបណ្ដាក្រុមហ៊ុន Agency មួយចំនួន។ ស្វាមីរបស់នីរ័ត្ន លោកឌី ពេជ្រ ត្រូវបានគេដឹងថាលោកជាក្មួយរបស់សម្ដេចហ៊ុន សែន ហើយគឺជាកូនប្រុសរបស់លោកឌី ចូច ដែលជាប្អូនជីដូនមួយសម្ដេចហ៊ុន សែន ។ ប្រភពបានឲ្យដឹងថា ប្ដីរបស់នីរ័ត្ន កំពុងក្ដាប់មុខជំនួញធំៗក្នុងដៃ ដូចជាក្រុមហ៊ុន DDI Company, DDI Concrete និងផ្សារបៃតង ជាដើម ។ ប៉ុន្ដែសម្រាប់នីរ័ត្ន វិញ ក្រោយរៀបការប្ដី ជាង១ឆ្នាំនេះ នាងមិនទាន់បើកក្រុមហ៊ុនធំៗដូចប្ដីទេ គឺមានតែលក់ផលិតផលតាម Online ប៉ុណ្ណោះ។ តារាជិតបានកូន១ រូបនេះ ជិះរថយន្ដថ្លៃៗ ដូចជា ម៉ាកBentley និងរស់នៅផ្ទះភូមិគ្រឹះស្កឹមស្កៃ ។ ប្រភពបានឲ្យដឹងថា លោកពេជ្រ សប្បាយចិត្តដែលបានប្រពន្ធស្អាត ហើយនីរ័ត្ន ថែមទាំងស្រលាញ់កូនស្រីប្រពន្ធដើមលោក ដូចជាកូននាងបង្កើតដែរ ។

ក្រៅពីហ៊ិន ច័ន្ទនីរ័ត្ន តារាដែលត្រៀមសម្រាលកូននៅឆ្នាំម្សាញ់ មាន សួស វីសា ផងដែរ ខណៈដែលលី ម៉ារីណា, គង់ សុជាតិ, នៅ សុនិតា និងសុវត្ថិឌី ធារីកា ជាដើម ចង់បានកូនដែរ តែមិនទាន់ពពោះនៅឡើយ៕

