Friday, April 25, 2025
Homeព័ត៌មានអន្តរជាតិម៉ាឡេស៊ី-ចិន បន្តកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការ ៥ឆ្នាំទៀត

ម៉ាឡេស៊ី-ចិន បន្តកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការ ៥ឆ្នាំទៀត

ម៉ាឡេស៊ី ៖ ប្រទេសម៉ាឡេស៊ី និងចិន បានព្រមព្រៀងបន្តកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ គឺធ្វើដំណើរដោយគ្មានទិដ្ឋាការ រយៈពេល ៥ឆ្នាំទៀត បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ទៅកាន់ប្រទេសម៉ាឡេស៊ី។

តាមប្រភព channelnewsasia បានរាយការណ៍នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ថា អ្នកធ្វើដំណើរមកពីប្រ ទេសម៉ាឡេស៊ី និងចិន នឹងបន្តរីករាយនឹងការធ្វើដំណើរ ដោយគ្មានទិដ្ឋាការរវាងគ្នានឹងគ្នា សម្រាប់រយៈពេល ៥ឆ្នាំទៀត ក្រោមកិច្ចព្រមព្រៀងថ្មីមួយ ដែលសម្រេចបានក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីចិន លោកស៊ី ជីនពីង នៅប្រទេសម៉ាឡេស៊ី។

កិច្ចព្រមព្រៀងនេះ គឺជាការបន្តនៃកតិកាសញ្ញាដែលមានស្រាប់ ដែលត្រូវបានកំណត់ឱ្យចូលជាធរមាន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ដែលអ្នកជំនាញនិយាយថា អាចជាអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍។ នៅក្រោមកិច្ចព្រមព្រៀងនេះ ភ្ញៀវទេសចរចិន នឹងអាចស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី បានរហូតដល់ ៩០ថ្ងៃ ដោយមិនចាំបាច់មានទិដ្ឋាការ ហើយចិន នឹងផ្តល់ឯកសិទ្ធិដូចគ្នាដល់ភ្ញៀវទេសចរម៉ាឡេស៊ី។

កិច្ចព្រមព្រៀងថ្មីនេះ គឺជាអនុស្សរណៈយោគយល់គ្នាមួយ ក្នុងចំណោម ៣១អនុស្សរណៈនៃការយោគយល់ (MOU) ដែលបានចុះហត្ថលេខាកាលពីថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជីនពីង នៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីបានធ្វើទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី១៤ ដល់ ១៨ មេសា ឆ្នាំ២០២៥ ទាំងនៅប្រទេសវៀតណាម និងកម្ពុជា ផងដែរ។

លោកសៃហ៊្វូឌីន ណាស៊ូសិន អ៊ីស្មាអ៊ីល (Saifuddin Nasution Ismail) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃម៉ាឡេស៊ី បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី ជីនពីង លើកទី១ នេះ មានការចុះហត្ថលេខា MOU បន្តកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងប្រទេសទាំង២ ។ កិច្ចព្រមព្រៀងនេះ ត្រូវបានបន្តសម្រាប់រយៈពេល ៥ឆ្នាំទៀត ហើយអាចនឹងបន្តរយៈពេល ៥ឆ្នាំទៀត បន្ទាប់ពីផុតកំណត់។ វិធានការនេះ មានឥទ្ធិពលលើការលើកកម្ពស់កំណើនសេដ្ឋកិច្ច តាមរយៈឧស្សាហកម្មទេសចរណ៍ ដែលអាចមើលឃើញពីការកើនឡើងយ៉ាងខ្លាំង នៃចំនួនភ្ញៀវទេសចរ មកពីប្រទេសចិន ដោយត្រឹមតែដើមឆ្នាំ២០២៥ នេះ  រហូតដល់ខែមេសា មានភ្ញៀវទេសចរចិន ជិត ៩០ម៉ឺននាក់ បានមកលេងម៉ាឡេស៊ី បើធៀបនឹងឆ្នាំមុន មានប្រមាណ ៤លាននាក់៕

RELATED ARTICLES