ភ្នំពេញ ៖ តារាចម្រៀង ខេមរៈ សិរីមន្ដ ហៅខែម ប៊ុនថៃ មានចម្ងល់ជាខ្លាំងថា នៅពេលដែលខ្លួនបង្ហោះអ្វីពាក់ព័ន្ធនិងវប្បធម៌ រយៈពេល ២៤ម៉ោង រកតែចំនួនអ្នកមើល (Views) ១០ម៉ឺននាក់(100k) មិនបានផង ប៉ុន្ដែផ្ទុយទៅវិញបើលោកបង្ហោះអ្វីផ្សេងពីវប្បធម៌ ២៤ម៉ោង មានចំនួនអ្នកមើលដល់ទៅ ២លាននាក់ (2M)។ ការលើកឡើងរបស់លោកប៊ុនថៃ បែបនេះ ធ្វើឲ្យមានកាជជែកគ្នាពីសំណាក់អ្នកលេងហ្វេសបុក ថាតាមពិតសិរីមន្ដ ផ្ដោតលើ Views ដូចអ្នកលក់ Online ដែរ អ៊ីចឹងហើយបានជាពេលនេះ លោកទៅណាមកណា ច្រើនតែបង្ហាញអង្គរក្ស ២នាក់ ដែលច្នៃដោយ AI ដូចលោកឈិន ឡុង និងមេសស៊ី នោះតាមហែហមថតបង្ហោះលើហ្វេសបុក ព្រោះតែចង់បានចំនួន Views ច្រើន។

ភរិយាតារាចម្រៀងស៊ុក សុភា អ្នកនាង លុយ សារីណា បានបង្ហោះសារនៅលើហ្វេសបុកខ្លួន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយសួរទៅលោកប៊ុនថៃ ថា «Idol ចេះតវ៉ាចង់បាន Views ទៀត?»។ ភ្លាមនោះស្រាប់ តែមានហ្វេសបុក ឈ្មោះកំលោះ តូច បានខម្មិនតបទៅប្រពន្ធលោកស៊ុក សុភា វិញថា «2M ហ្នឹងគេចូលជេរទេ Idol»។

គួរបញ្ជាក់ថាលោកខេមរៈ សិរីមន្ដ បានធ្វើតេស្ដចង់ដឹងចំនួនអ្នកគាំទ្ររបស់ខ្លួន នៅលើហ្វេសបុក តាមរយៈការបង្ហោះរូបព្រឹត្តិការណ៍ «ដង្ហែព្រះមហាក្សត្រសម័យបុរាណ» អមដោយចម្រៀង «ស្រលាញ់អ្វីដែលខ្មែរមាន» ដែលលោកសម្ដែងផងច្រៀងផងដែរ ស្រាប់តែលោកបានដឹងច្បាស់ថា ចំនួនអ្នកមើលនៅមានកម្រិត បើប្រៀប ធៀបទៅនឹងលោកបង្ហោះអ្វីផ្សេងក្រៅពីវប្បធម៌ ។ ប៉ុន្ដែសិរីមន្ដ មិនទាន់ចេញមុខបញ្ជាក់ពីហេតុផលដែលមិនសូវមានអ្នកចាប់អារម្មណ៍ ឬចូលមើលពេលលោកច្រៀងនិងបង្ហោះពីវប្បធម៌នោះទេ តែតាមរយៈសំណេរនោះគេអាចសន្និដ្ឋានថា លោកថៃ មិនសូវសប្បាយចិត្ត ខកចិត្តព្រោះអ្នកចូលមើលលោកបង្ហាញពីវប្បធម៌ មិនបាន១០ម៉ឺននាក់ (100k) ទោះជាហ្វេសបុកផេករបស់លោក មានដល់ទៅ 2,7លាន followers ក្ដី ។

ដោយឃើញខេមរៈ សិរីមន្ដ លើកពីបញ្ហានេះ ទើបអ្នកលេងហ្វេសបុក ឈ្មោះ Yin Heng (ចំប៉ីខ្មៅ) បានចូលទៅខម្មិនថា «បងឧកញ៉ា ផុសអត់មើលពេលវេលា គ្មានអ្នកណាអង្គុយតែស្រលាញ់វប្បធម៌រហូតទេ គេក៏ត្រូវការរកស៊ីមើលអីផ្សេង វប្បធម៌ ដូចជាអត់ឃើញមានបាត់ទៅណាផង នៅហ្នឹងដដែលទេ» ។ ភ្លាមនោះខេមរៈ សិរីមន្ដ បានតបភ្លាមភ្លែតទៅចំប៉ីខ្មៅ ថា «អរគុណប្អូនសម្លាញ់ ដើម្បីវប្បធម៌ និងទេសចរណ៍ គ្មានអ្នកណាកំណត់ពេលវេលាទេប្អូន យើងប្រឹងធ្វើជាប្រចាំ ដើម្បីផ្សព្វផ្សាយវប្បធម៌ដ៏ផូផង់របស់យើង ទៅកាន់អន្ដរជាតិ ណាប្អូនប្រុស» ។

សូមបញ្ជាក់ថា ខេមរៈ សិរីមន្ដ មិនបានធ្វើតាមសំណើររបស់អ្នកដឹកនាំកម្មវិធីសិល្បៈមួយចំនួនក្នុងនោះ មានដូចជាលោកស៊ិន សិលា របស់CTN ដែលលើកឡើងថា តារាឡើងគោរមងារឧកញ៉ា គួរតែឈប់ពីសិល្បៈ ឲ្យដាច់ស្រឡះ ដើម្បីកុំឲ្យពិបាកឡើងអក្សរ ឬច្របូកច្របល់ ច្រៀងផង ធ្វើឧកញ៉ាផងនោះទេ ដោយនៅឆ្នាំ២០២៥ នេះលោកថៃ កាន់តែអុកឡុកទីផ្សារចម្រៀង កាន់តែខ្លាំង រហូតធ្វើឲ្យតារាប្រុសៗរួមអាជីព នៅGalaxy ពិបាកទប់ទល់ទៀតផង។ សិរីមន្ដ ធ្លាប់ប្រកាសថា បទចម្រៀង ៥បទ របស់លោកដូចជាបទ «បាញ់ស្នេហ៍ Call me papa», «ឆ្នាំថ្មីសល់អីខ្លះ?», «គេងលើភ្លើង», «សៅអើយនាងសៅ» និងបទឆ្នាំនេះសប្បាយខ្លាំង» ជាប់លេខ១នៅលើ you tube ទៀតផង បើទោះជាអ្នកខ្លះបានចូលទៅខម្មិនដៀមដាម ចំអកឲ្យលោកក្ដី ។ អ្វីដែលសិរីមន្ដ រងការិះគន់ពីអ្នកមិនពេញចិត្តលោកនោះ គឺលោកថៃ បានបង្ហាញពីក្ដីសង្ឃឹមយ៉ាងមុតមាំថាបទ «ខ្មែរវ៉េប» (Khmer Vibe ) ដែលពេលនោះមិនទាន់ចេញFull Mv ផងលោកដាក់ក្ដីរំពឹងថាផ្ទុះមុនបាត់ទៅហើយ ។


ទស្សនិកជនលើកឡើងថា ប្រសិនបើខេមរៈ សិរីមន្ដ ផ្ដោតលើការបង្ហោះអ្វីមួយ ចង់បានViews មែននោះ លោកអាចនឹងធ្វើអ្វីប្លែកៗថែមទៀតនៅឆ្នាំ២០២៥ នេះបន្ទាប់ពីលោកថៃ ធ្លាប់លេងម៉ូដសក់ក្រញាញ់សំពោង កាលពីឆ្នាំមុន ទទួលបានទាំងការគាំទ្រនិងរិះគន់ព្រមគ្នា៕

