Friday, May 9, 2025
Homeព័ត៌មានជាតិក្រសួងសុខាភិបាល ណែនាំការពារខ្លួនពីជំងឺពិសធ្យូង

ក្រសួងសុខាភិបាល ណែនាំការពារខ្លួនពីជំងឺពិសធ្យូង

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារ ខ្លួនពីការឆ្លងបាក់តេរីអង់ត្រាក់ ឬហៅម៉្យាងទៀតថា ជំងឺពិសធ្យូង (Bacillus Anthracis) ដែលកំពុងកើតមាននៅប្រទេសថៃ ដោយណែនាំដល់ប្រជាពលរដ្ឋ ឱ្យចៀសវាងប៉ះពាល់ជាមួយសត្វដែលសង្ស័យមានជំងឺអង់ត្រាក់ (Anthrax) និងហាមបរិភោគសត្វដែលងាប់ដោយសារជំងឺនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់តាមក្រសួងសុខាភិបាល ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥  បានបញ្ជាក់ថា នាពេលថ្មីៗនេះ មានការផ្ទុះឡើងនៅប្រទេសជិតខាង និងបណ្តាប្រទេសមួយចំនួន នូវជំងឺអង់ត្រាក់ ឬហៅថាពិសធ្យូង នៅលើមនុស្ស និងនៅលើសត្វ ហៅថា ជំងឺអង់ត្រាក់ ឬជំងឺឈាមខ្មៅ បង្កឡើង ដោយបាក់តេរី ដែលបង្កើតស្ព័រ (spore-forming bacillus anthracis)។ ជំងឺអង់ត្រាក់ ឬពិសធ្យូង ជាជំងឺដ៏កម្រ ប៉ុន្តែធ្ងន់ធ្ងរ ដែលអាចកើតមានឡើងជាចម្បងលើសត្វពាហនៈ និងសត្វព្រៃ។ លក្ខណៈពិសេសនៃមេរោគអង់ត្រាក់ គឺអាចរស់នៅដោយស្រួល ក្រោមរូបភាពជាគ្រាប់ស្ព័រ ក្នុងបរិយាកាសខាងក្រៅ។ ស្ព័រ របស់បាក់តេរីអង់ត្រាក់ ធន់នឹងធាតុអាកាសខាងក្រៅបាន អាចសម្ងំដល់រាប់ឆ្នាំ (៣០-៤០ឆ្នាំ) នៅក្នុងដី សាកសពសត្វ និងលាមកសត្វ។ សត្វស៊ីស្មៅ មាន គោ ក្របី ចៀម ពពែ សេះ អាចឆ្លងមេរោគនេះ ចូលក្នុងខ្លួន បន្ទាប់មក គ្រាប់ស្ព័រ ក្លាយជាមេរោគមានចលនា ហើយបញ្ចេញពិសរបស់វា ដែលមានគ្រោះថ្នាក់ដល់សុខភាព។ ជំងឺអង់ត្រាក់ មានឱសថសម្រាប់ព្យាបាល និងវ៉ាក់សាំង សម្រាប់ចាក់បង្ការ។ រហូតមកដល់បច្ចុប្បន្ននេះ មិនទាន់មានការរកឃើញជំងឺនេះ នៅព្រះរាជាណាចក្រកម្ពុជា នៅឡើយ។  ក្រសួងសុខាភិបាល បន្តពង្រឹងវិធានការសុខាភិបាល តាមច្រកព្រំដែននិងពង្រឹងកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការនាំចូលជំងឺអង់ត្រាក់ និងជំងឺឆ្លងផ្សេងទៀត ពីក្រៅប្រទេស។

របៀបនៃការចម្លង ៖ មនុស្ស អាចឆ្លងមេរោគអង់ត្រាក់ តាមរយៈ ៖

-ការប៉ះពាល់ដោយផ្ទាល់ ជាមួយសត្វឈឺ (ស្បែកមុតដាច់ ជាច្រកចូលនៃមេរោគ) ឬឆ្លងតាមការសម្លាប់សត្វដែលមានជំងឺអង់ត្រាក់ ឬផលិតផលដែលមានដើមកំណើតពីសត្វ មានជំងឺអង់ត្រាក់ ដូចជា សាច់ ឈាម រោម ឆ្អឹង

-ការដកដង្ហើមចូលនូវធូលីដែលមានស្ព័រមេរោគអង់ត្រាក់

-ការបរិភោគសាច់ដែលមានមេរោគអង់ត្រាក់

-ប្រើម្ជុលសឺរ៉ាំងរួមគ្នាជាមួយអ្នកមានជំងឺអង់ត្រាក់

-មេរោគអង់ត្រាក់ មិនមានភស្តុតាងឆ្លងរាលដាលពីមនុស្ស ទៅមនុស្សនោះទេ ប៉ុន្តែដំបៅស្បែកលើអ្នកជំងឺអង់ត្រាក់ អាចឆ្លងខ្លាំង។

ចំពោះរោគសញ្ញាជំងឺអង់ត្រាក់ ៖ មាន៣សណ្ឋាន 

សណ្ឋានទី១- លើស្បែក ៖

-មេរោគឆ្លងតាមស្បែកមានដាច់ឬរបួស ដោយប៉ះពាល់ផ្ទាល់ជាមួយសត្វប្រឡាក់ដោយស្ព័ររបស់មេរោគ

-រយៈពេលបង្ករោគ មានចាប់ពី១ ទៅ៧ថ្ងៃ បន្ទាប់ពីការឆ្លងមេរោគអង់ត្រាក់

-ដុំរមាស់ដែលមានលក្ខណៈស្រដៀងនឹងសត្វល្អិតខាំ បន្ទាប់មក ប្រែទៅជាឈឺចាប់ជាមួយនឹងចំណុចកណ្តាលខ្មៅ មាននៅលើមុខ ក ដៃ ហើមកូនកណ្តុរ។ សាច់ដុំ គ្រុនក្តៅ និងក្អួត។

សណ្ឋានទី២-ទៅលើក្រពះ-ពោះវៀន ៖

-មនុស្សឆ្លងជំងឺមួយចំនួន មានរោគសញ្ញាដូចជា ឈឺក្បាល ឈឺការឆ្លងតាមការបរិភោគស្ព័រចូល ដូចជាបរិភោគសាច់មានមេរោគអង់ត្រាក់

-រយៈពេលបង្ករោគ មានចាប់ពី២ ទៅ៥ថ្ងៃ

– អាការដំបូង ដូចជាពុលអាហារ ប៉ុន្តែអាចមានឈឺពោះ ក្អួត ចង្អោរ ក្អួតឈាម រាកធ្ងន់ធ្ងរ រាកឈាម គ្រុនក្តៅ ញាក់ ហើមក ហើមកូន កណ្តុរនៅក ឈឺក ឈឺបំពង់ក ឈឺក្បាល មុខក្រហម ភ្នែកក្រហម សន្លប់។

សណ្ឋានទី៣-ទៅលើផ្លូវដង្ហើម ៖

-ជាករណីធ្ងន់ធ្ងរ ប៉ុន្តែកម្រកើតមាន

-កើតឡើងដោយសារការបរិភោគសាច់មានមេរោគអង់ត្រាក់ ឬដកដង្ហើមចូលស្ព័រមេរោគច្រើនទៅក្នុងសួត

-រយៈពេលបង្ករោគ មានចាប់ពី១ ទៅ៦ថ្ងៃ

-រោគសញ្ញាស្រដៀងនឹងជំងឺគ្រុនផ្តាសាយ ប៉ុន្តែវិវត្តយ៉ាងរហ័សទៅជាពិបាកដកដង្ហើម ក្អួត ចង្អោរ និងឈឺពោះ ឈឺក្បាល បែកញើស អស់កម្លាំងខ្លាំង និងមានអាការឈឺទ្រូង ដែលអាចមានកកឈាមនៅក្នុងបេះដូង ហូរឈាមនៅសន្ទះខណ្ឌចន្លោះសួត ហើយស្បែកប្រែពណ៌ស្វាយ។

វិធានការបង្ការការឆ្លង ៖

-ត្រូវចៀសវាងប៉ះពាល់ដោយផ្ទាល់ជាមួយសត្វដែលសង្ស័យថាមានជំងឺអង់ត្រាក់

-ហាមបរិភោគសត្វដែលងាប់ដោយសារជំងឺអង់ត្រាក់

-សាកសពសត្វដែលងាប់ ត្រូវយកទៅកប់ ឬដុតកម្ទេចចោល

-មិនត្រូវវះពិនិត្យសាកសពដែលងាប់ដោយសារជំងឺនេះ

-ត្រូវប្រញាប់បញ្ជូនអ្នកជំងឺសង្ស័យ ទៅកាន់មន្ទីរពេទ្យ ជាបន្ទាន់ ដើម្បីទទួលការព្យាបាលឱ្យទាន់ពេលវេលា ឬទំនាក់ទំនងមកលេខ ១១៥…៕

RELATED ARTICLES