Saturday, May 10, 2025
Homeព័ត៌មានជាតិផ្ទៃដីខ្មែរ កើនទំហំ មេបក្សសន្តិភាពជាតិ ថាសម រង្ស៊ី ភ័យស្លន់ស្លោជំនួសយួន-សៀម

ផ្ទៃដីខ្មែរ កើនទំហំ មេបក្សសន្តិភាពជាតិ ថាសម រង្ស៊ី ភ័យស្លន់ស្លោជំនួសយួន-សៀម

ភ្នំពេញ ៖  ក្រោយពេលសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ផ្ទៃដីប្រទេសកម្ពុជា តាមការវាស់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប កើនពី ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ ដល់ ១៨១ ៤៣៦ម៉ែត្រការ៉េ ហើយធ្វើឲ្យមានប្រតិកម្មពីក្រុមប្រឆាំង ថាជារឿងបោកប្រាស់ប្រជាពលរដ្ឋខ្មែរ ខណៈដែលបញ្ហាកោះគុត និងប្រាសាទតាមាន់ មិនព្រមដោះស្រាយជាមួយថៃ នោះមក មេបក្សសន្តិភាពជាតិ លោក រស់ សារ៉ុម ដែលទើបត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាប្រតិភូនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី នោះ បានលើកឡើងថា បញ្ហាខ្មែរ កើនដីនេះ បានធ្វើឲ្យលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសមរង្ស៊ី) ភ័យស្លន់ស្លោជំនួសយួន-សៀម ។

លោក រស់ សារ៉ុម បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ថា «ខ្មែរកើនដី សម រង្ស៊ី ភ័យស្លន់ស្លោជំនួសយួន-សៀម» តាមកាសែតថៃ រដ្ឋាភិបាលខ្មែរ-ថៃ ព្រមព្រៀងដកទ័ពពីប្រាសាទតាមាន់ ហើយច្រកអានសេះបើកធម្មតា ។ នឹកឃើញ ២០១៣ សម រង្ស៊ី សន្យាឱ្យសញ្ជាតិខ្មែរ ដល់ជនបរទេសរស់នៅស្រុកខ្មែរ ចំពោះមុខជនជាតិយួន។ តើខួរសម រង្ស៊ី គិតអី? ប្លង់ដី L-Map ធ្វើរួចរាល់ យើងនឹងដឹងច្បាស់ផ្ទៃដីជាក់ស្តែង ហើយខ្ញុំជឿជាក់រាជរដ្ឋាភិបាល“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក រស់ សារ៉ុម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ថា ការដែលលោក សម រង្ស៊ី ភ័យស្លន់ស្លោ ដោយសារនយោបាយញុះញង់បញ្ហាអធិបតេយ្យរបស់គាត់ ត្រូវបរាជ័យ ព្រោះកន្លងមក គាត់តែងចោទប្រកាន់រាជរដ្ឋាភិបាល សព្វបែបយ៉ាងទាំងអស់ ថាធ្វើឲ្យបាត់ដី គឺគាត់ភ័យខ្លាចបាត់ដី ប៉ុន្តែទីបំផុត គាត់ភ័យខ្លួនឯងទៅវិញទេ ខ្លាចប្រឈមនូវការវិនាសអន្តរាយនៃដំណើរជីវិតនយោបាយរបស់គាត់ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “យើងដឹងហើយថា សម្ដេចធិបតី នាយករដ្ឋមន្រ្តី លោកបានលើកឡើងអំពីការកើននូវទំហំផ្ទៃដីនៃព្រះរាជាណាចក្រកម្ពុជាយើង ហើយផ្ទៃដីនោះ មិនរាប់បញ្ចូលកោះទាំងអស់របស់កម្ពុជា ទេ ។ អ៊ីចឹងយើងជាប្រជាពលរដ្ឋខ្មែរ គួរតែអបអរសាទរ ។ ប៉ុន្តែសួរថា ហេតុអីបានជាសម រង្ស៊ី ភ័យស្លន់ស្លោ? សម រង្ស៊ី ភ័យស្លន់ស្លោនេះ ដោយសារទី១ នយោបាយញុះញង់បញ្ហាអធិបតេយ្យរបស់សម រង្ស៊ី ត្រូវបរាជ័យហើយ ដោយសារអី? ដោយសារគេភ័យខ្លាចបាត់ដី អ៊ីចឹងចោទប្រកាន់រដ្ឋាភិបាល សព្វបែបយ៉ាងទាំងអស់ ។ ប៉ុន្តែអ្វីដែលបានលើកឡើង គឺភ័យខ្លួនឯងទៅវិញទេ ភ័យខ្លួនឯងថា ជីវិតនយោបាយរបស់គាត់ កំពុងតែប្រឈមនូវការបាត់បង់ ប្រឈមនូវការវិនាសអន្តរាយនៃដំណើរជីវិតនយោបាយរបស់គាត់ ហើយមួយវិញទៀត ការភ័យរបស់គាត់នេះ ការចោទប្រកាន់របស់គាត់នេះ ទាំងអស់ ទាំងប៉ុន្មាន ទាំងបញ្ហាកាត់ដី ៤ខេត្ត ទាំងបញ្ហាកោះគុត ឬក៏អធិបតេយ្យផ្សេងៗទៀត ការព្រួយបារម្ភតែមាត់ទេ តែអ្វីដែលកំពុងតែធ្វើ គឺកំពុងតែបម្រើនយោបាយយួន-សៀម ។ នៅពេលដែលកម្ពុជា មានសង្រ្គាមជាមួយនឹងប្រទេសថៃ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន សម រង្ស៊ី មិនបានដឹកនាំតំណាងរាស្រ្តភាគតិច គាំទ្ររដ្ឋាភិបាលទេ បែរជាទៅគាំទ្រខាងអាប់ភីស៊ីត វេឆាឈីវ៉ះ ដែលជានាយករដ្ឋថៃ សម័យនោះ ហើយបង្កឲ្យមានជម្លោះនៅព្រំដែនទៅទៀត អាហ្នឹងជាចំណុចមួយ ។ មួយទៀត រឿងសម រង្ស៊ី ទៅជួបមេដឹកនាំយួន ស្ងាត់ៗនោះ ។ អ៊ីចឹងនយោបាយរឿងកាត់ដីឲ្យយួន រឿងអីផ្សេងៗនេះ គឺសម រង្ស៊ី មិនបានបម្រើផលប្រយោជន៍ខ្មែរទេ ឃើញច្រើនតែបម្រើផលប្រយោជន៍យួន-សៀម ។ អ៊ីចឹងតើសម រង្ស៊ី ជាអ្នកនយោបាយខ្មែរ ឬក៏អ្នកនយោបាយយួន សៀម?“ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តថា “សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំយល់ឃើញថា ឈរលើទិដ្ឋភាពជាក់ស្ដែង ខ្ញុំឧទាហរណ៍មួយថា ដីដែលខ្ញុំទិញ ពីមុនយើងវាស់ម៉ែត្រខ្សែ ដល់ពេលយើងមកវាស់ GPS ដីខ្ញុំគិតវាស់ម៉ែត្រខ្សែ តែ២ហិកតារជាងទេ ប៉ុន្តែពេលវាស់ GPS លើដីជាក់ស្ដែង អាហ្នឹងវាទៅជាដីខ្ញុំ វាមានទំហំរហូតដល់ទៅ ៣ហិកតារតិចតួចទៀត ។ អ៊ីចឹងនេះខ្ញុំឈរលើទិដ្ឋភាពបច្ចេកទេស ហើយនិងការពន្យល់របស់សម្ដេចធិបតី ខ្ញុំពិនិត្យឃើញថា មានលក្ខណៈបច្ចេកទេសតាមទម្រង់ច្បាប់ ។ អ៊ីចឹងការកើនអធិបតេយ្យរបស់កម្ពុជា នេះវាជារឿងមួយដែលយើងគួរត្រេកអរ វាជារឿងមួយដែលយើងគួរអបអរសាទរ ពីព្រោះយើងបានគ្រប់គ្រងនូវដែនដីរបស់យើងពេញលេញ តាមអ្វីដែលយើងបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ ។ អ៊ីចឹងក្នុងនាមគណបក្សសន្តិភាពជាតិ ខ្ញុំយល់ថា វាជារឿងល្អសម្រាប់ប្រជាជាតិកម្ពុជា យើងទាំងមូល“ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តទៀតថា “ចំពោះការព្រមព្រៀងវាងគណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ ការជួបគ្នារវាងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិខ្មែរ-ថៃ កាលពីសប្ដាហ៍មុន អ៊ីចឹងវាជារឿងល្អ នៅក្នុងការឲ្យភាគទាំងអស់ ដកទ័ពចេញពីតំបន់ប្រាសាទតាមាន់ ហើយនិងធ្វើការចរចាគ្នាដោយសន្តិវិធី គណៈកម្មាធិការបច្ចេកទេសព្រំដែន គឺធ្វើការជាមួយគ្នា ដើម្បីឈរលើទិដ្ឋភាពច្បាប់ ហើយខ្ញុំជឿជាក់ថា យើងមិនបាត់បង់ប្រាសាទតាមាន់ទេ ដោយសារអី? ដោយសារប្រាសាទតាមាន់ នេះវានៅក្នុងទឹកដីរបស់ខ្មែរ នៅក្នុងខ្សែបន្ទាត់របស់ខ្មែរទេ ប៉ុន្តែអ្វីដែលយើងមានបញ្ហាកន្លងទៅ ជម្លោះព្រំដែនរវាងខ្មែរ-ថៃ នោះ វាជាឱកាសរបស់ទ័ពថៃ ចូលមកកាន់កាប់ប្រាសាទតាមាន់ ដែរ ។ អ៊ីចឹងដើម្បីបញ្ចប់ជម្លោះព្រំដែន យើងត្រូវបង្កើតទ័ពសងខាង ឈរជើងនៅតំបន់ហ្នឹង ។ អ៊ីចឹងនៅពេលនេះ យើងបានព្រមព្រៀងគ្នាដកចេញរៀងខ្លួនហើយ ។ អ៊ីចឹងវាជារឿងមួយល្អ សម្រាប់កម្ពុជាយើង ។ បើឈរលើទិដ្ឋភាពច្បាប់ ខ្ញុំយល់ឃើញថា គណៈកម្មាធិការកិច្ចព្រំដែនរបស់កម្ពុជា នឹងនាំយកនូវប្រាសាទតាមាន់ មកសម្រាប់ប្រទេសជាតិរបស់យើងទាំងមូល ព្រោះវានៅក្នុងទឹកដីរបស់យើង “ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្ថែមថា “កាលពី២០១៣ សម រង្ស៉ី បានសន្យាចំពោះជនជាតិវៀតណាម ថាគាត់នឹងផ្ដល់សញ្ជាតិឲ្យជនជាតិវៀតណាម ដែលរស់នៅខុសច្បាប់ស្រុកខ្មែរនេះ ។ អ៊ីចឹងមិនដឹងជាគាត់ឈរលើមូលដ្ឋានច្បាប់ស្អីទេ ប៉ុន្តែគ្រាន់តែថា គាត់បែរជាជួយសម្រួលដល់ជនជាតិវៀតណាម ទៅវិញ ខណៈដែលគាត់ខ្លួនឯង សកម្មជនខ្លួនឯងធ្វើនយោបាយប្រឆាំងយួន ដាច់ផ្ងារ ។ អ៊ីចឹងនេះគឺជាការគ្រោះថ្នាក់សម្រាប់ប្រទេសជាតិខ្លាំងណាស់ ។ អ៊ីចឹងសម រង្ស៊ី ជាអ្នកនយោបាយមួយ ដែលគ្មានគោលនយោបាយមួយច្បាស់លាស់ទេ គឺធ្វើតាមនឹកឃើញ ធ្វើតាមអារម្មណ៍ ហើយជីវិតនយោបាយរបស់លោកសម រង្ស៊ី នឹងចប់ ចាប់ពីពេលនេះតទៅ“ ។

គួរបញ្ជាក់ថា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន លើកទី៧ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កាលជំនាន់បារាំង វាស់ផ្ទៃក្រឡា ដោយប្រើសត្វអូសខ្សែពួរ លើដី ពីភូមិមួយ ទៅភូមិមួយ ឃើញមានទំហំផ្ទៃដីចាស់ ១៨១ ០៣៥គីឡូម៉ែត្រការ៉េ ប៉ុន្តែក្រោយមក ការវាស់វែងដោយប្រើបច្ចេកទេស GPS ទំនើប ឃើញមានទំហំផ្ទៃដី ១៨១ ៤៣៦ម៉ែត្រការ៉េ ធ្វើឱ្យកើនឡើងរហូតដល់ ៤០០គីឡូម៉ែត្រការ៉េ ។ សម្ដេចនាយករដ្ឋមន្ត្រី សួរថា តើបានមកពីណា? សម្ដេច បានពន្យល់ថា នៅឆ្នាំ២០១២ ក្រុមបច្ចេកទេសរបស់អតីតអាជ្ញាធរជាតិរបស់កម្ពុជា បានយកកម្មវិធីក្រុមហ៊ុនអាមេរិក GIS គឺយកមកវាស់ ដោយចុចព្រំប្រទល់កម្ពុជា-វៀតណាម ដែលប្រើទិន្នន័យព្រំដែនឯកភាពគ្នា ដោយមិនរាប់បញ្ជូលកន្លែងមិនទាន់ចរចាឯកភាពគ្នានៅឡើយទេ ដោយប្រើប្រាស់ទិន្នន័យ ១លើ១០ពាន់ ហើយជាមួយព្រំដែនប្រទេសថៃ ប្រើទិន្នន័យ ១លើ២០ពាន់ ដោយប្រើតាមបច្ចេកវិទ្យា GPS ទាំងអស់ ដូចនេះកាល់កាឡេមកដល់ពេលនេះ ឃើញ ១៨១​៤៣៦គីឡូម៉ែត្រការ៉េ ។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមនៅពេលនោះថា នេះជាភាពលម្អៀង ដោយសំណួរសួរថា តើបារាំង ជិះដំរីវាស់ មានភាពសុក្រឹតជាងប្រើ GPS វាស់ដែរឬទេ? ដូចនេះសូមទុកឱ្យអ្នកបច្ចេកទេស ឆ្លើយតបទៅចុះ តែនេះជាការពិត មិនមែនថ្នាក់ដឹកនាំកម្ពុជា ទៅយករបស់ពីណា ៤០០គីឡូម៉ែត្រការ៉េ នោះទេ នេះទំហំធំណាស់ គឺកើតឡើងពីការលម្អៀងរវាងការកំណត់ព្រំដែនថ្មី។ ទន្ទឹមនោះ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងសង្កត់ធ្ងន់ថា សូមជូនព័ត៌មានដល់បងប្អូនដែលឆ្ងល់ បានយកទៅ Troll ថានាយករដ្ឋមន្ត្រី ទៅជប់ ៤០០គីឡូម៉ែត្រការ៉េ មក មានតែទៅរកមើលសិន ហើយសម្រាប់បងប្អូនអ្នកសារព័ត៌មានដែលផ្សាយកន្លងទៅ អាចសូមឱ្យយល់បានពីរឿងនេះ ពីព្រោះនេះជាផ្នែកមួយនៃការផ្សាយព័ត៌មានសុក្រឹត គឺព័ត៌មានដែលផ្អែកលើមូលដ្ឋានគ្រប់ជ្រុងជ្រោយ និងបច្ចេកទេស ប្រសិនជាខ្វះព័ត៌មាន យើងអាចជជែកគ្នា ហើយសម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា មូលហេតុដែលមិនទាន់ប្រកាសតួលេខថ្មីនេះ (១៨១ ៤៣៦) ហើយ Update ជាផ្លូវការ ហើយប្រទេសខ្លះ គេបាន Update ជាផ្លូវការ នោះជាសិទ្ធិរបស់គេ ព្រោះគេមានទទ្ហ្បីករណ៍ច្បាស់លាស់ អត់មាននៅនឹងថ្កល់ ហើយអត់មានច្បាប់អន្តរជាតិ ហាមឃាតមិនឱ្យប្រទេសណាមួយ Update ធ្វើបច្ចុប្បន្នភាពលើផ្ទៃដីរបស់ខ្លួននោះទេ ដោយលើកលែងកុំឱ្យប៉ះពាល់ជាមួយប្រទេសជិតខាង ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ប្រទេសគេ ។

ពាក់ព័ន្ធនឹងការថ្លែងរបស់នាយករដ្ឋមន្រ្តី ខាងលើនេះ ក្រុមប្រឆាំងនៅក្រៅប្រទេស និងលោកសម រង្ស៊ី បានសម្ដែងប្រតិកម្ម និងបានរិះគន់ថា ការថ្លែងនេះ ធ្វើឡើងដើម្បីបន្លប់ចិត្តប្រជាពលរដ្ឋ កុំឲ្យឈឺឆ្អាលពីបញ្ហាទឹកដីកម្ពុជា ដូចជាបញ្ហាកោះគុត បញ្ហាប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសទតាក្របី បញ្ហាកោះក្រចកសេះ និងកោះត្រល់ ជាដើម។

លោក សម រង្ស៊ី បានលើកឡើងតាមរយៈទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ថា “ពីមុនគេអួតថា ប្រទេសយើង ក្លាយជាប្រទេសអ្នកមាន ឥឡូវនេះគេអួតទៀតថា ដីប្រទេសយើងរីកធំជាងមុន“ ។

លោក សម រង្ស៊ី បានសរសេរបន្ថែមនៅក្នុងខម្មិនថា “ពួកវាកំពុងបោកបញ្ឆោតសាធារណជន ប៉ុន្តែប្រជាជនខ្មែរ យើងគ្រប់ៗរូប ឆ្លាតមិនល្ងង់ចាញ់បោកពួកវាឡើយ យើងដឹងអ្វីជាការពិត និងអ្វីជាការបោកប្រាស់។ ទាំងឪ ទាំងកូន ជាមនុស្សបោកប្រាស់ដូចតែគ្នា មិនខុសគ្នាទេ។ សូម្បីតែអ្នកគាំទ្រ CPP ក៏គេមិនជឿពួកវាដែរ“ ។

លោក សម រង្ស៊ី បានសរសេរបន្ថែម នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ថា “បាត់បង់ទឹកដី បាត់បង់កោះ បាត់បង់ប្រាសាទ បាត់បង់ដែនសមុទ្រ ប៉ុន្តែឥឡូវគេប្រាប់យើងថា ប្រទេសយើងរីកធំជាងមុន ។ មេដឹកនាំអត់កំណើត“ ។

លោក សម រង្ស៊ី បានសរសេរបន្ថែមនៅក្នុងខម្មិនថា “មេដឹកនាំមានកំណើត  រមែងឲ្យពលរដ្ឋគ្រប់និន្នាការ រស់នៅជាសុខនឹងគ្នា ហើយប្រទេសជាតិ លូតលាស់ល្អ។ មេដឹកនាំអត់កំណើត  រមែងធ្វើឲ្យជាតិចុះខ្សោយ បែកបាក់ស្មារតីជាតិ ហើយពលរដ្ឋរងគ្រោះបន្តបន្ទាប់” ។ 

មួយគ្នានេះដែរ លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាអតីតប្រធានគណៈកម្មការកិច្ចការព្រំដែននិងអន្តោប្រវេសន៍ នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានលើកឡើងថា ផ្ទៃដីកម្ពុជា មានតែរួមតូច ក្នុងពេលបច្ចុប្បន្ននេះ ដោយសារការបាត់បង់កោះត្រល់ បញ្ហាប្រទាញប្រទង់នៅប្រាសាទតាមាន់ និងការចរចាមិនទាន់ដាច់ស្រេចលើបញ្ហាព្រំដែនសមុទ្រកម្ពុជា-ថៃ និងអធិបតេយ្យកោះគុត។ ដូច្នេះការលើកឡើងថា ផ្ទៃក្រឡាសរុបរបស់កម្ពុជា មានការកើនឡើង លុះត្រាតែមានការបកស្រាយពីមន្ត្រីបច្ចេកទេសកិច្ចព្រំដែន របស់រដ្ឋាភិបាលកម្ពុជា ដោយផ្ទាល់មាត់។ បន្ថែមពីនេះ លោកថា លោកសម រង្ស៊ី គ្មានរឿងអីភ័យស្លន់ស្លោខ្លាចដីយួន សៀម រួញនោះទេ គឺមានតែភ័យស្លន់ស្លោខ្លាចខ្មែរយើងបាត់ប្រទេសទាំងមូល ឬដីកាន់តែរួមតូច ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ប្រាប់ “នគរធំ “ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ថា “បាទ! នាយករដ្ឋមន្រ្តី និយាយហ្នឹង គាត់មិនមែនជាអ្នកបច្ចេកទេស ដល់អ៊ីចឹង​ ការបកស្រាយហ្នឹង មិនច្បាស់លាស់ ហើយសុំឲ្យរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន លោកឡាំ ជា ហ្នឹង បកស្រាយ ឬអ្នកបច្ចេក បកស្រាយ អាហ្នឹងវាអាចច្បាស់លាស់ជាង ថាតើបច្ចេកវិជ្ជាពីមុន វាមិនទំនើប វាស់ទៅអាចខុសយ៉ាងម៉េច? ហើយឥឡូវនេះ បច្ចេកវិទ្យាទំនើប វាស់ទៅវាសុក្រឹតជាង ហើយវាឃើញផ្ទៃក្រឡាធំជាងមុន? អាហ្នឹងត្រូវមានអ្នកបច្ចេកទេស បកស្រាយ ទើបត្រឹមត្រូវ ។ ដូច្នេះការបកស្រាយរបស់លោកហ៊ុន ម៉ាណែត ហ្នឹង មិនអាចទទួលយកបាននោះទេ ហើយយើងដឹងហើយ សព្វថ្ងៃនេះ ទាំងថៃ ទាំងយួន គឺយកដីខ្មែរយើងច្រើនណាស់ រឿងអីផ្ទៃក្រឡា ទៅកើនជាងមុន? វាមិនអាចទេ ហើយយើងមើលប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី ហ្នឹងកំពុងមានជម្លោះ ។ ប្រាសាទតាមាន់តូច ថៃ​យកដាច់ហើយ និងប្រាសាទតាមាន់ធំ គ្រប់គ្រងរួមជាមួយថៃ កោះគុត ថៃ​ គ្រប់គ្រង ដែនសមុទ្រទំហំ​ ៣០ ០០០គីឡូម៉ែត្រការ៉េហ្នឹង ក៏ភាគច្រើនថៃ គ្រប់គ្រងដែរ ហើយកោះត្រល់ កោះក្រចកសេះ អី យួនគ្រប់គ្រងហ្នឹង ហើយសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០២៥ ដែលយកតាមសន្ធិសញ្ញាឆ្នាំ១៩៨៥ សម័យយួន ត្រួតត្រាហ្នឹង ក៏បាត់ដីខ្មែរយើង នៅតាមព្រំដែនច្រើន ។ ដូច្នេះជាក់ស្ដែង គឺដីយើងបាត់ច្រើន អ៊ីចឹងមានន័យថា ផ្ទៃក្រឡាយើងរួម រឿងអីទៅជារីកជាងមុន វាមិនទំនងនោះទេ វាមិនអាចទៅរួចនោះទេ ។ ដូច្នេះអ្វីដែលលោកហ៊ុន ម៉ាណែត និយាយ គ្រាន់តែជានយោបាយប្រជាភិថុតិ បោកប្រាស់ប្រជាពលរដ្ឋ​ កុំឲ្យខ្វល់ខ្វាយពីបញ្ហាព្រំដែន កុំឲ្យតវ៉ាពីបញ្ហាកោះគុត អត់ឲ្យតវ៉ាពីការទាមទារឲ្យរដ្ឋាភិបាលប្ដឹងករណីកោះគុត ទៅតុលាការអន្តរជាតិ ។ អាហ្នឹងអ្វីដែលគាត់ចង់និយាយហ្នឹង គឺដើម្បីបន្លប់ចិត្តប្រជាពលរដ្ឋ ឲ្យប្រជាពលរដ្ឋស្ងប់ចិត្ត កុំឲ្យតវ៉ាពីបញ្ហាកោះគុត ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី ហើយនិងកុំឲ្យខ្វល់ខ្វាយពីបញ្ហាព្រំដែន ថាព្រំដែន ដីយើងអត់មានបាត់នោះទេ មានតែកើនអ៊ីចឹង អាហ្នឹងគោលបំណងគាត់គឺអ៊ីចឹងឯង“ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “លោកសម រង្ស៊ី ទៅភ័យស្លន់ស្លោជំនួសយួន សៀម ម៉េច? អាហ្នឹងមានន័យថា គាត់ចង់និយាយថា យួន និងសៀម ហ្នឹងបាត់ដីអ្ហែ៎? អាហ្នឹងនិយាយហ្នឹង ភ្លើសុទ្ធហើយ មានន័យថា ល្ងង់សុទ្ធហើយ ។ យើងដឹងហើយ សៀម ហើយយួន យកដីខ្មែរយើងច្រើន ។ អ៊ីចឹងមានតែដីគេរីក មិនមែនដីយើងរីកនោះទេ ដីយើង មានតែរួម ។ ដូច្នេះអ្នកនិយាយហ្នឹង គឺថាល្ងង់ជាងគោ ទៅទៀត គោ ក៏អាចមានបញ្ញាជាងហ្នឹងដែរ ព្រោះឃើញថា យួន ហើយសៀម យកដីយើង គឺរឿងអីដីយើងទៅកើន ដីសៀម យួន ទៅជារួមនោះ? ដូច្នេះអ្នកនិយាយហ្នឹង គឺអត់យល់អីតែម្ដង ប្រហែលជាគាត់មិនដែលទៅមើលព្រំដែន មិនដែលស្គាល់ព្រំដែនខ្មែរយើងផង បានគាត់ចង់និយាយថា ព្រំដែនយើងហ្នឹង វារីកជាងមុននោះ ។ ដូច្នេះសៀម យួន គេមានទៅភ័យដីយើងរីកនោះទេ ព្រោះជាក់ស្ដែង ដីយើងរួម ដីគេរីក ។ ដូច្នេះអ្នកនិយាយហ្នឹង គឺអត់យល់អីតែម្ដង ។ ដូច្នេះគាត់ប្រៀបដូចជាគោ អ៊ីចឹងឯង អត់យល់អីសូម្បីតែបន្តិច ។ ដូច្នេះលោកសម រង្ស៊ី គ្មានអីទៅភ័យស្លន់ស្លោជំនួសសៀម យួននោះទេ វាមិនអាចទៅរួចនោះទេ ។ លោកសម រង្ស៊ី ភ័យស្លន់ស្លោ ត្រង់ការដែលព្រួយបារម្ភបាត់ដីខ្មែរយើង ទៅខាងសៀម និងយួន នោះ អាហ្នឹងដែលគាត់ភ័យស្លន់ស្លោ គឺខ្លាចបាត់ប្រទេសទាំងមូល ទៅយួន គ្រប់គ្រងទៅ ឬក៏បាត់ទឹកដីយើងភាគច្រើន ទៅខាងថៃ និងខាងវៀតណាម នោះអាហ្នឹងដែលគាត់ភ័យស្លន់ស្លោ គឺមិនមែនភ័យស្លន់ស្លោខ្លាចដីយើងច្រើនជាងយួន មានន័យថា ដឹយើងរីក ហើយសៀម យូន រួញនោះទេ ជាក់ស្ដែងគឺដីយើងរួម ដីសៀម យួន រីក។ ដូច្នេះអ្នកនិយាយហ្នឹង គឺអត់យល់អីតែម្ដង“ ។

ទោះបីយ៉ាងណា ជុំវិញបញ្ហាខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ទោះបីក្រឡាផ្ទៃប្រទេសកម្ពុជា ខុសគ្នាមួយចំនួនមែន តែផែនទីស្រុកខ្មែរ នៅដដែល ការខុសក្រឡាផ្ទៃគ្នា គ្រាន់តែមកពីម៉ាស៊ីនគិតក្រឡាផ្ទៃខុសគ្នារវាងចាស់និងថ្មីប៉ុណ្ណោះ ។

លោកសុខ ឥសាន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ថា “នេះខ្ញុំយល់ជាអត្តនោម័តរបស់ខ្ញុំទេ ក្រឡាផ្ទៃរបស់ប្រទេសកម្ពុជា គឺនៅតែដដែលទេ ជាក់ស្ដែងទឹកដីកម្ពុជា នៅតែដដែលទេ ស្របទៅតាមផែនទីដែលបន្សល់ទុកដោយអាណានិគមនិយមបារាំង ក៏ប៉ុន្តែការវាយតម្លៃគិតគណនាតាមម៉ាស៊ីននោះ ម៉ាស៊ីនជំនាន់បារាំង វាផ្សេង ហើយម៉ាស៊ីនគិតឥឡូវ វាផ្សេង ។ អ៊ីចឹងទឹកដីកម្ពុជា គឺនៅតែទឹកដីកម្ពុជា ដដែល ក៏ប៉ុន្តែក្រឡាផ្ទៃ វាខុសគ្នា ដោយសារម៉ាស៊ីនទំនើប ឬមិនទំនើប ។ ឥឡូវយើងសួរថា តាំងពីបារាំង វ៉ៃគិតគូរក្រឡាផ្ទៃកម្ពុជា ហ្នឹង បើតាមខ្ញុំចាំ ប្រហែលក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ហើយបើទសវត្សរ៍ឆ្នាំ១៩៥០ សួរថា ម៉ាស៊ីនហ្នឹងយ៉ាងម៉េច? យើងគិតតែពីយើងទៅពេទ្យហ្នឹង ពីឆ្នាំ១៩៥០ ហ្នឹង គ្រឿងប្រដាប់ដែលមើលព្យាបាលជំងឺអ្នកឈឺហ្នឹង វារបៀបម៉េច? ឥឡូវនេះដល់ ២០២៥ ហើយ សម្ភារបរិក្ខារពេទ្យហ្នឹង វាទំនើបយ៉ាងម៉េច? អាហ្នឹងឃើញវាខុសគ្នា ។ ការដែលស្ថានភាព លក្ខណសម្បត្តិម៉ាស៊ីនគិត នៅឆ្នាំ១៩៥០ ហើយនិងលក្ខណសម្បត្តិម៉ាស៊ីនដែលទំនើប គិតនៅឆ្នាំ២០២៥ ហ្នឹង វាប៉ុន្មានសិបឆ្នាំទៅហើយ យើងឃើញថា វាមិនដូចគ្នាទេ ។ អ៊ីចឹងតួលេខចេញមកហ្នឹង វាមិនមែនទឹកដីខ្មែរ ហ្នឹងរួម ហើយរីកទេ អាហ្នឹងវាអ៊ីចឹង ។ ក្រឡាផ្ទៃរបស់កម្ពុជា នៅតែដដែលទេ ជាក់ស្ដែង ហើយយើងផ្អែកទៅលើផែនទីដែលបន្សល់ទុកដោយអាណានិគមនិយមបារាំង ដែលរាជរដ្ឋាភិបាលយើង យកធ្វើជាឯកសារផ្លូវការ ក្នុងការវាស់វែងកំណត់ព្រំប្រទល់រវាងប្រទេសកម្ពុជា និងប្រទេសជិតខាង។ ក៏ប៉ុន្តែក្រឡាផ្ទៃនេះ យើងមិនបាច់និយាយទេ អាហ្នឹងគឺថា ម៉ាស៊ីនចេញលេខប៉ុន្មាន យើងថាតាមម៉ាស៊ីនហ្នឹងទៅ ហើយនិងលេខហ្នឹងទៅ ពីព្រោះយើងគ្រាន់តែប្រៀបធៀបថា ម៉ាស៊ីនជំនាន់ឆ្នាំ១៩៥០ ហើយម៉ាស៊ីនឆ្នាំ២០២៥ វាមិនដូចគ្នាទេ“ ៕ កុលបុត្រ

RELATED ARTICLES