សហរដ្ឋអាមេរិក ៖ មហាសេដ្ឋីអាមេរិក លោកប៊ីលល៍ ហ្គេតស៍ (Bill Gates) គ្រោងនឹងបរិច្ចាគទ្រព្យសម្បត្តិស្ទើរតែទាំងអស់ (៩៩%) របស់គាត់ ទៅអង្គការមនុស្សសធម៌ នៅឆ្នាំ២០៤៥ ដែលជាប្រតិបត្តិការឆ្នាំចុងក្រោយនៃមូលនិធិរបស់គាត់។

តាមប្រភព BBC បានរាយការណ៍នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ថា លោក Bill Gates ដែលជាមហាសេដ្ឋីកំពូលមួយរូបរបស់ពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន Microsoft បានបង្ហើបថា គាត់នឹងបរិច្ចាគ 99% នៃទ្រព្យសម្បត្តិដ៏ច្រើនរបស់គាត់ ក្នុងរយៈពេល ២០ឆ្នាំខាងមុខ ហើយអាចពន្លឿនការបរិច្ចាគ តាមរយៈមូលនិធិរបស់គាត់ ដែលគ្រោងនឹងឈប់ដំណើរការ នៅឆ្នាំ២០៤៥។
លោក Bill Gates បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ ថា “មនុស្សនឹងនិយាយរឿងជា ច្រើន ចំពោះខ្ញុំ នៅពេលខ្ញុំស្លាប់ ប៉ុន្តែខ្ញុំបានសម្រេចចិត្តថា ស្លាប់នៅលើគំនរមាស នឹងមិនមែនខ្ញុំម្នាក់ ក្នុងចំ ណោមពួកគេនោះទេ»។

លោក Bill Gates ដែលបច្ចុប្បន្ន មានវ័យ ៦៩ឆ្នាំ បាននិយាយថា មូលនិធិរបស់គាត់ បានបរិច្ចាគជាង ១០០ពាន់លានដុល្លារ ដល់គម្រោងសុខភាពនិងការអភិវឌ្ឍ ហើយគាត់រំពឹងថា នឹងបរិច្ចាគ ២០០ពាន់លានដុល្លារទៀត អាស្រ័យលើលក្ខខណ្ឌទីផ្សារ និងអតិផរណាក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ។
លោកប៊ីលល៍ ហ្គេតស៍ ក៏បានដកស្រង់សៀវភៅ ឆ្នាំ១៨៨៩ របស់លោក Andrew Carnegie ដែលមានចំណងជើងថា “ដំណឹងល្អនៃទ្រព្យសម្បត្តិ” ដែលបាននិយាយថា អ្នកមាន មានកាតព្វកិច្ចត្រូវប្រគល់ឱ្យសង្គមវិញ។ បុគ្គលដែលស្លាប់ពេលនៅជាអ្នកមាន គឺស្លាប់ដោយអៀនខ្មាស”។

លោក Bill Gates និងអតីតភរិយារបស់គាត់ មេលីនដា (Melinda) ដំបូងឡើយមានគម្រោងរក្សាមូលនិធិ ហ្គេតស៍ (Gates) ឱ្យដំណើរការអស់ជាច្រើនទសវត្សរ៍ បន្ទាប់ពីការស្លាប់របស់ពួកគាត់។ ប៉ុន្តែការប្រកាសចុងក្រោយនេះ បញ្ជាក់ថា មូលនិធិនេះ នឹងឈប់ដំណើរការនៅឆ្នាំ ២០៤៥។
BBC បានសួរលោក Bill Gates អំពីរឿងនេះ លោកបានលើកហេតុផលថា នៅ ២០ឆ្នាំខាងមុខនឹងមានអ្នក មានផ្សេងទៀត ដែលអាចគ្រប់គ្រងបញ្ហានាពេលអនាគត បានប្រសើរជាងមុន។ លោកថ្លែងថា “វាជាបញ្ហាបន្ទាន់។ យើងអាចបរិច្ចាគបន្ថែមទៀត ប្រសិនបើយើងមិនព្យាយាមបន្ត ហើយខ្ញុំដឹងថា ការបរិច្ចាគ នឹងត្រូវនឹងតម្លៃរបស់ខ្ញុំ»។

ខាងទីភ្នាក់ងារសារព័ត៌មាន Bloomberg បានប៉ាន់ប្រមាណថា ទោះបីជាលោក Bill Gates បរិច្ចាគទ្រព្យសម្បត្តិ ៩៩% ក៏ដោយ ក៏គាត់នៅតែជាមហាសេដ្ឋីដដែល។ យ៉ាងណាក៏ដោយ ក្នុងការប្រកាសរបស់លោក Bill Gates គាត់បានកំណត់ពេលវេលានៃទ្រព្យសម្បត្តិបច្ចុប្បន្នរបស់គាត់ ដែលមានចំនួនជាង ១០៨ពាន់លានដុល្លារ នឹងថយចុះដល់ជិតសូន្យ ត្រឹមឆ្នាំ២០៤៥៕
