ភ្នំពេញ ៖ លោកប៉ុន សុណារិន ហៅខេម បានប្រកាសនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ថា ពេលនេះលោកកំពុងតែមានជំងឺកូវីដ-១៩ ហើយលោកបានជូនដំណឹងពីស្ថានភាពជំងឺរបស់ខ្លួននេះ ទៅមហាជន ដើម្បីឲ្យមានការប្រុងប្រយ័ត្ន ព្រោះកូវីដ-១៩ មិនទាន់ទៅណាទេ ។លោកខេម ក៍បានទៅដេកសម្រាកនៅពេទ្យឯកជនKhema ដើម្បីព្យាបាលកូវីដ នេះផងដែរ ។

លោកខេម កំពុងព្យាបាលជំងឹកូវីដ-១៩ នៅមន្ទីពេទ្យឯកខេម៉ា
លោកខេម ថ្លែងសារថា «សួស្តីពុកម៉ែបងប្អូនជាទីស្រលាញ់គ្រប់គ្នា អរគុណសំរាប់ការព្រួយបារម្ភណ៍ចំពោះសុខភាពខ្ញុំបាទ ពេលនេះខ្ញុំគឺមិនធ្ងន់ដូចកាលខ្ញុំកើតលើកទី១នោះទេ គ្រាន់មានអាការៈខ្លះដូចជា :ក្តៅខ្លួន ហៀរសំបោរ ឈឺក មានក្អកបន្តិចបន្តួច និងឈឺតាមសាច់ដុំប៉ុណ្ណឹង ។ខ្ញុំបានទៅពិនិត្យសុខភាពកាលពីព្រឹកមិញនៅមន្ទើរពេទ្យ -Khema- ពេទ្យពិនិត្យឃើញថាខ្ញុំមានឆ្លងមេរោគកូវីដយ៉ាងពិតប្រាកដមែនប៉ុន្តែខ្ញុំក៏មិនបានសួរបញ្ជាក់ថាខ្ញុំកើតប្រភេទអីដែរ ខ្ញុំបង្ហោះមិនមានគំនិតបំភ័យបងប្អូនរឺកុហកណាមួយទេ បងប្អូនអាចធ្វើការធម្មតា ប៉ុន្តែត្រូវការពារខ្លួនកុំអោយឆ្លងដូចខ្ញុំ ហើយសូមបងប្អូនកុំយល់ច្រលំ កូវីដគឺកូវីដ ផ្តាស់សាយគឺផ្តាស់សាយ មនុស្សមិនតិចជាងរាប់លាននាក់ទេដែលរងគ្រោះដោយសារជំងឺមួយនេះ អរគុណ សូមព្រះប្រទានពរ ។។សូមបងប្អូនប្រុងប្រយ័ត្ន កូវីដ វាមកវិញហើយ ជាក់ស្ដែងឡូវខ្ញុំកំពុងកើតផ្ទាល់»។

អ្នកយកព័តមាន «នគរធំ» បានទូរស័ព្ទទៅលោកខេម ចូលជាច្រើនលើក តែគ្មានអ្នកទទួលឡើយ កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ។ ប៉ុន្ដែ ខេម បានប្រាប់ទៅមិត្តភក្ដិតាមខម្មិនក្នុងបណ្តាញសង្គម ថាសុខភាពរបស់លោកមានអាការមិនខុសពីជំងឺផ្ដាសាយនោះទេ តែវាមានកម្រិតធ្ងន់ជាងផ្ដាសាយ ។

លោកខេម ប្រាប់ទៅតារារួមអាជីពក្នុងខម្មិនថា «ក្ដៅខ្លួន ឈឺក្បាល ពេលខ្លះក៏រងា ពេលខ្លះក៏ក្ដៅខ្លួន ហើយក៏ឈឺចាប់ពេញខ្លួនដែរ» ។

ជាមួយគ្នានេះ ក៏មានអ្នកសិល្បៈ ជាច្រើន បានផ្ញើសារជូនពរលោកខេម ឲ្យឆាប់ជាសះស្បើយផងដែរ ខណៈលោកខេមរៈ សិរីមន្ដ ក្រៅពីបានជូនពរខេម ឲ្យឆាប់ជាសះស្បើយ លោកបាននិយាយបែបភ័យថា តែម្សិលម៉្ងៃ លោកបាននិយាយគ្នាទល់មុខជាមួយខេម តែម្ដង ។

លោកខេម ត្រូវផ្អាកច្រៀងសម្ដែង មួយរយៈ ដើម្បីព្យាបាលជំងឺកូវីដ-១៩ ឲ្យបានជាសះស្បើយសិន ទើបបន្ដឡើងឆាកតន្រ្ដីសាជាថ្មី ព្រោះមិនអាចកាន់ក្បាលមីក្រូ ស្រែកច្រៀងទាំងឈឺបែបនេះបានទេ ព្រោះអាចឆ្លងរាលដាលដល់ទស្សនិកជន និងសហគមន៍ទៀតផង ស្របពេលដែលក្រសួងសុខាភិបាល ក៏បានអំពាវនាវឲ្យមានការប្រយងប្រយ័ត្នការពាខ្លួនពីការឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ជេអិន១ (JN.1) ដែលរកឃើញដំបូងក្នុងខែសីហា ឆ្នាំ២០២៣ ពេលនេះបានកម្រើកឡើងវិញ ដោយបានឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើន នៅទូទាំងពិភពលោក។

តាមប្រភពបានឲ្យដឹងថា លោកខេម ត្រូវបានភរិយាលោក អ្នកនាងស្រីកា មើលថែយ៉ាងយកចិត្តទុកដាក់បំផុត ដោយនាងមិនខ្លាចឆ្លងកូវីដ-១៩ ពីស្វាមីឡើយ។

សូមបញ្ជាក់ថា លោកខេម មិនសូវលេចធ្លោក្នុងអាជីពទេ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺតាំងពីព្រាប សុវត្ថិ មកដល់ Galaxy ចុងឆ្នាំ២០២០ ខេមរៈ សិរីមន្ដ មករួមទ្រនំ ឆ្នាំ២០២៣ លោកបានធ្លាក់ទៅជាតួរងវិញម្ដង ។ យ៉ាងណា លោកខេម ត្រូវបានសម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ពេញចិត្តសំឡេងលោក ហើយថៅកែ Galaxy បានផលិតបទចម្រៀងប្រវត្តិសម្ដេចហ៊ុន សែន ឲ្យលោកខេម ច្រៀងទោលផង ចាប់ដៃជាមួយអ្នកសុន ស្រីពេជ្រ ផងទើបធ្វើឲ្យពេលនេះ លោកសុណារិន ត្រូវបានមន្រ្ដីធំៗជាច្រើន ចាប់អារម្មណ៍។ ប៉ុន្ដែលោកខេម ដែលជាគោលដៅនៃការឡើងឧកញ៉ា ដូចព្រាប សុវត្ថិ និងខេម សិរីមន្ដ ដែរនោះ លោកបែជាពន្យារយកងារឧកញ៉ា ទៅវិញ បើទោះជាគេបង្ហើបថាលោកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់លុយកន្លះលានដុល្លារ ជូនរដ្ឋ ដើម្បីបានងារឧកញ៉ា ក៏ដោយ ៕

លោកខេម និងភរិយា