តារាស៊ិចស៊ី នាងគង់ វង្សយ៉ាទី ពិធីការិនីCTN ដែលកំពុងជិះរថយន្ដ Lexus Lx470 តម្លៃជាង៣ម៉ឺនដុល្លារនោះ បានបង្ហើបឲ្យដឹងថា ពេលនេះការងារអត្ថាធិប្បាយដោយកាន់ក្បាលមីក្រូរបស់នាងកំពុងតែកាក់កបខ្លាំងនៅរដូវក្ដៅនេះ ដែលអាចរកប្រាក់ចំណូលបានអាចផ្គត់ផ្គង់គ្រួសារ និងរស់នៅដោយថ្លៃថ្នូរបាន ដោយមិនពឹងជំនួយពីអ្នកណាម្នាក់ឡើយ។
ក្នុងជំនួបផ្ទាល់ជាមួយតារាសម្ដែង និងពិធីការិនី គង់ វង្សយ៉ាទី កាលពីពេលថ្មីៗនេះ ស្រីស្អាតរូបនេះបានឲ្យដឹងថា នាងត្រូវបង្ខំចិត្តបោះបង់អាជីពថតសម្ដែងភាពយន្ដ និងថត MV មួយអន្លើសិន ដោយសារតែជាប់ធ្វើពិធីការិនីឲ្យគេនៅតាមបណ្ដាខេត្តឆ្ងាយៗខ្លាចគ្មានពេលថតឲ្យគេ។
យ៉ាទី រៀបរាប់ថា ”ខ្ញុំមានការងារច្រើនណាស់នៅឆ្នាំ២០១៧ នេះ គឺជាប់ធ្វើពិធីការិនីឲ្យក្រុមហ៊ុនតាមខេត្តជាបន្តបន្ទាប់ រកតែពេលថតកុនថតខារ៉ាអូខេ មិនបានឲ្យគេទេបង។ ថ្មីៗនេះ ខ្ញុំទើបថតរឿង ”លេខាថ្មី” ឲ្យខាងផលិតកម្មចក្រវាលពេជ្រភាពយន្ដ ទើបចប់ថ្មីៗហ្នឹង ហើយមាន៤-៥រឿងទៀត គេហៅឲ្យថតដែរ តែខ្ញុំសុំការអធ្យាស្រ័យពីគេ ថាមិនអាចថតបានទេ ដោយសារតែមួយរយៈនេះ ខ្ញុំរវល់ខ្លាំងណាស់។ សម្រាប់ខ្ញុំមិនចោលអាជីពសម្ដែងទេ គឺនៅតែបន្ដអីចឹង ព្រោះអីស្រលាញ់យូរហើយ តែខ្ញុំចង់ពង្រឹងផ្នែកពិធីការិនីច្រើនជាង ដោយសារតែឥឡូវគេកំពុងតែត្រូវការយើង”។ឆ្លើយតបសំណួរថា តើពេលត្រូវប៉ាន់ខាងពិធីការិនីអីចឹង យ៉ាទី អាចរកប្រាក់ចំណូលបានប៉ុន្មានក្នុង១ខែនោះ?
តារាដើមទ្រួងទ្រលុកទ្រលន់គួរឲ្យក្នាញ់រូបនេះ វាចាទាំងសប្បាយចិត្តថា ”ខ្ញុំមិនអាចថារកបានប៉ុន្មាន ក្នុង១ខែទេ តែគ្រាន់តែខ្ញុំប្រាប់តាមត្រង់ថា មានខែខ្លះ ខ្ញុំរវល់នៅខេត្តមិនក្រោម១៥ថ្ងៃឡើយ ហើយក្នុង១កម្មវិធី ខ្ញុំបានតម្លៃខ្លួន៨០០ដុល្លារដែរ អីចឹងគួរសមដែរ។ ដោយសារតែរវល់ពេកហ្នឹងហើយ បានជាថ្មីៗហ្នឹង មិនបានថតបទរបស់បងខេមរៈ សិរីមន្ដ ទេ ហើយខ្ញុំស្ដាយដែរ តែមិនដឹងធ្វើម៉េច បើរកលុយបានពេលដែលគេត្រូវការយើងហ្នឹងហើយ។ តាមពិត ការងារពិធីការិនីរបស់ខ្ញុំ មានគេត្រូវការយើងច្រើន២ឆ្នាំចុងក្រោយនេះ ហើយខ្ញុំគិតថា អាជីពសិល្បៈគឺល្អ មិនអាក្រក់ទេ ប្រសិនបើយើងលេងវាឲ្យដល់កម្រិតមួយ ដែលមហាជនទទួលស្គាល់យើង គឺយើងនឹងទទួលបានមកវិញ ដោយការរស់នៅដោយថ្លៃថ្នូរ មិនបាច់មានគេចិញ្ចឹមទេ”។
តាមរយៈការអះអាងរបស់នាងគង់ វង្សយ៉ាទី ខាងលើនេះ បញ្ជាក់ថាតារាស៊ិចស៊ីរូបនេះអាចរកប្រាក់ចំណូលបានជាង១ម៉ឺនដុល្លារ ក្នុង១ខែ ទើបធ្វើឲ្យស្រីស្រស់កាន់តែហ៊ឺហាទៅៗ តែយ៉ាទី នៅតែបន្ដលាក់គូស្នេហ៏ដដែល៕