ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង អស់ បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ដែលអាចមានផលប៉ះពាល់សុខភាព ដោយសារជំងឺកូវីដ-១៩ ជាពិសេសជន ដែលងាយរងគ្រោះ មានដូចជាជនវ័យចាស់ចាស់ជរា អ្នកដែលមានជំងឺរ៉ាំរ៊ៃ និងអ្នកដែលមានកងការពារខ្សោយនៅក្នុងខ្លួនជាដើម។

លោកស្រីវេជ្ជបណ្ឌិត បានជំរុញបងប្អូនដែលជាក្រុមងាយរងគ្រោះ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ភីហ្វាយហ្សឺ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ (នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ) ចាប់ពីពេលនេះតទៅ។
លោកស្រី ឱ វណ្ណឌីន បានលើកឡើង តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់លោកស្រី ថា “ដោយ សារស្ថានភាពកើតមានការឆ្លងឡើងវិញនូវវីរុសកូវីដ-១៩ បំប្លែងថ្មី ពិសេសពួក ជេអ៊ិន១ (JN.1) ដែលកំពុងតែចរាចរនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា និងនៅតាមតំបន់នៅលើពិភពលោក ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានរួចហើយ ស្តីពី “ការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩” ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ (ជូនភ្ជាប់មកជាមួយខាងក្រោមនេះស្រាប់)។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ដែលអាចមានផលប៉ះពាល់សុខភាពដោយសារជំងឺកូវីដ-១៩ ជាពិសេស ជនដែលងាយរងគ្រោះ មានដូចជាជនវ័យចាស់ ចាស់ជរា អ្នកដែលមានជំងឺរ៉ាំរ៊ៃ និងអ្នកដែលមានកងការពារខ្សោយនៅក្នុងខ្លួនជាដើម…”។
លោកស្រី ឱ វណ្ណឌីន បានបបន្តថា “ដើម្បីអាចការពារខ្លួនពីការវាយលុកក្នុងសរីរាង្គរាងកាយបុគ្គល ជាពិសេស ក្រុមងាយទទួលរងគ្រោះពីជំងឺកូវីដ-១៩ នេះ ដែលអាចឈានដល់ភាពធ្ងន់ធ្ងរ និងអាចបាត់បង់ជីវិតបានដែរនោះ ខ្ញុំសូមក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋកម្ពុជា ទាំងអស់ ជាពិសេសគឺក្រុមងាយរងគ្រោះ ដូចបានរៀបរាប់ខាងលើ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ភីហ្វាយហ្សឺ (Pfizer) ដែលមាន នៅតាមបណ្តារាជធានី-ខេត្តទាំង២៥ (នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ) ចាប់ពីពេលនេះតទៅ…”។
លោកស្រីវេជ្ជបណ្ឌិត បន្តទៀតថា «សូមកុំភ្លេចវិធានការ “៣ ការពារ និង៣កុំ” រួមជាមួយនិងការចាក់វ៉ាក់សាំងកូវីដ-១៩ ទើបអាចជួយកាត់បន្ថយជាអតិបរមា នូវភាពធ្ងន់ធ្ងរនៃជំងឺ ការចូលសម្រាកពេទ្យ និងការស្លាប់ ដូចដែលយើងទាំងអស់គ្នាឆ្លងកាត់បទពិសោធន៍ទទួលបានលទ្ធផលល្អទាំងនេះ នៅឆ្នាំ២០២១ ដល់ឆ្នាំ២០២២ ស្រាប់ហើយ។

កម្ពុជា បច្ចុប្បន្នមិនទាន់មានស្ថានភាពឆ្លងឡើងវិញនូវវីរុសកូវីដ-១៩ នៅឡើយទេ ប៉ុន្តែការ “ការពារប្រសើរជាងព្យាបាល” ជាជម្រើសដ៏ល្អប្រសើរបំផុត សម្រាប់យើងទាំងអស់គ្នា ហើយយើងក៏កំពុងផ្សព្វផ្សាយ និងជំរុញការអនុវត្តវិធានការការពារខ្លួនជាមុន នាពេលនេះផងដែរ។ រួមគ្នាដើម្បីកម្ពុជា ចៀសផុតពីការលេចចេញឡើងវិញ នូវការឆ្លងបន្តគ្នានូវវីរុសកូវីដ-១៩ ដោយយើងទាំងអស់គ្នា ត្រូវតែត្រៀមខ្លួននិងការពារខ្លួនទុកជាមុន ឱ្យបានល្អប្រសើរ»៕