Thursday, May 22, 2025
Homeព័ត៌មានជាតិមន្រ្តីបក្សកាន់អំណាច ប្រតិកម្ម សម រង្ស៊ី ញុះញង់ពលរដ្ឋត្រៀមខ្លួនផ្ដួលរំលំរាជរដ្ឋាភិបាល

មន្រ្តីបក្សកាន់អំណាច ប្រតិកម្ម សម រង្ស៊ី ញុះញង់ពលរដ្ឋត្រៀមខ្លួនផ្ដួលរំលំរាជរដ្ឋាភិបាល

ភ្នំពេញ ៖ មន្រ្តីបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានប្រតិកម្មទៅនឹងលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) និងបានតែងតាំងខ្លួនឯងជាប្រធានក្រុមប្រឹក្សាជាតិតស៊ូ បច្ចុប្បន្នកំពុងរស់និរទេសនៅប្រទេសបារាំង ដែលបានអំពាវនាវ ញុះញង់ឲ្យពលរដ្ឋត្រៀមខ្លួនផ្ដួលរំលំរាជរដ្ឋាភិបាល និងបានចោទសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថាបានប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មពិភពលោក ។

លោកជុំ កុសល សមាជិកគណៈកម្មាធិកណ្ដាលគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងទីប្រឹក្សាផ្ទាល់សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ថា ជាប្រតិកម្មនឹងមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ដែលចោទសម្ដេចហ៊ុន ម៉ាណែត ប្រែក្លាយប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មពិភពលោក និងបានញុះញង់ឲ្យពលរដ្ឋត្រៀមខ្លួនផ្ដួលរំលំរាជរដ្ឋាភិបាលនេះ លោកសុំមិនបញ្ជាក់អ្វីច្រើនទេ គ្រាន់តែសង្កត់ធ្ងន់ ចំណុចទី១ ទៅលើរបាយការណ៍ដែលចេញដោយវិទ្យាស្ថានអន្តរជាតិមួយនោះ មានភាពលម្អៀងទៅរកចលនាប្រឆាំង ដោយមិនបានឆ្លុះបញ្ចាំងឲ្យបានទូលំទូលាយ និងចំណុចទី២ លោកសំណូមពរទៅរដ្ឋសភា ពន្លឿនការធ្វើច្បាប់ដាក់ក្រុមនេះ (ក្រុមសម រង្ស៊ី) ជាក្រុមឧទ្ទាមភេរវកម្ម ដែលព្យាយាមញុះញង់បំផ្លាញសន្តិភាព ស្ថិរភាពនយោបាយនិងសង្គមនៅកម្ពុជា ។

លោកជុំ កុសល បានមានប្រសាសន៍ថា “ខ្ញុំយល់ថា វាគ្រាន់តែជាការអំពាវនាវតាមបែបឧទ្ទាមជន មានន័យថា វាជាការទាមទារតាមបែបព្យាយាមបំផ្លាញសន្តិភាពនៅកម្ពុជា ។ តើប្រជាពលរដ្ឋកម្ពុជា ប៉ុន្មាននាក់ ដែលទៅលង់លើយតាមគំនិតឧទ្ទាមរបស់ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ហ្នឹង? ប្រទេសកម្ពុជា ជាប្រទេសប្រជាធិបតេយ្យសេរី អ៊ីចឹងការផ្លាស់ប្ដូរទៅបាន វាអាស្រ័យទៅលើឆន្ទៈប្រជាពលរដ្ឋ ការបោះឆ្នោតទៀងទាត់ តាមច្បាប់កំណត់ ។ អ៊ីចឹងសម រង្ស៊ី នេះឯង ដែលមានការព្យាយាមរបៀបនេះ គឺមិនខុសពីព្យាយាមរុញប្រទេសជាតិ រុញប្រជាពលរដ្ឋ ឲ្យធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាម តាមគំនិតទុច្ចរិតរបស់ខ្លួនទេ ហើយខ្ញុំយល់ថា វាមិនទៅបានប្រយោជន៍អីក្រៅតែពីអាគំនិត អាមហិច្ឆតាទុច្ចរិតរបស់ខ្លួន ទៅតាមអារម្មណ៍របស់ខ្លួនតែប៉ុណ្ណឹង ប្រជាពលរដ្ឋលោកយល់ច្បាស់អស់ហើយ ពីព្រោះ ១៧លាននាក់ រស់ក្រោមម្លប់សន្តិភាព ហើយមានប៉ុន្មាននាក់ ដែលទៅតាមគំនិតទុច្ចរិតរបស់បុគ្គលរូបហ្នឹង? អ៊ីចឹងវាគ្រាន់តែជាសំឡេងមួយដែលឮទៅតាមខ្យល់ ហើយវាបាត់ទៅវិញតែប៉ុណ្ណឹងទេ អាហ្នឹងខ្ញុំយល់ឃើញអ៊ីចឹងឯង“ ។

លោក ជុំ កុសល បានប្រសាសន៍បន្តថា “សព្វថ្ងៃនេះ ប្រទេសកម្ពុជា រាជរដ្ឋាភិបាល លោកមានកិច្ចសហប្រតិការជាមួយនឹងអន្តរជាតិ គ្រប់បែបបទទាំងអស់ ប្រភេទប្រឆាំងការជួញដូរមនុស្ស ប្រភេទអនឡាញ ឧក្រិដ្ឋកម្មឆ្លងដែន យើងមានកិច្ចសហប្រតិបត្តិការ សូម្បីតែជាមួយសហរដ្ឋអាមេរិក ហើយបើសិនជាកម្ពុជា ជាប្រទេសដូចរបាយការណ៍ពីអង្គការមួយហ្នឹងមែននោះ ប្រហែលជាគ្មានទេសចរណ៍ចូលមកលេងស្រុកយើង វាគ្រាន់តែជារបាយការណ៍មួយដែលមាននិន្នាការប្រឆាំង ឬក៏ខ្ញុំយល់ថា របាយការណ៍នេះ វាគ្រាន់តែជាគំនិតមួយជ្រុងតូចចេញពីក្រុមជ្រុលនិយម ឬក៏បរទេសនោះ គាត់ទទួលបានតែពីអ្នកប្រឆាំងងប់ងុលនោះឯង ។ តាមពិត យើងមើលអំពីស្ថានភាពជាក់ស្ដែងនៅស្រុកខ្មែរយើង វាយ៉ាងម៉េចខ្លះ? យើងមិនបដិសេធទេ នូវអ្វីដែលវាកើតឡើងម្ដងម្កាល ក៏ប៉ុន្តែយើងមានច្បាប់អនុវត្ត យើងឃើញការបង្រ្កាប ការអីជាក់ស្ដែងហើយ ហើយបញ្ហាហ្គេមអនឡាញ ឬក៏អាបញ្ហាស្អីៗហ្នឹង វាមិនមែនតែចំពោះកម្ពុជា ឯណា វាបញ្ហាសកល វាបញ្ហារួម ដែលបច្ចុប្បន្ននេះ ពិភពលោករួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងអាបញ្ហាហ្នឹងទាំងអស់គ្នា“ ។

លោកជុំ កុសល បានមានប្រសាសន៍បន្តថា “ម្យ៉ាងទៀត កម្ពុជា ប្រែប្រួលមុខមាត់ គួរជាទីចាប់អារម្មណ៍ ទី១ យើងសង្កេតមើលឃើញអំពីកត្តាធំ គឺស្ថិរភាពសង្គម ស្ថិរភាពសង្គម ជាពិសេសគឺស្ថិរភាពសេដ្ឋកិច្ច ទោះបីជាមានបញ្ហាសង្រ្គាមនៅអឺរ៉ុប នៅមជ្ឈិមបូព៌ាអី ក៏ប៉ុន្តែក្រោមការដឹកនាំរបស់សម្ដេចធិបតី លោកធានាបានទាំងវិបត្តិសេដ្ឋកិច្ច គឺធានាបាននូវស្ថិរភាពសេដ្ឋកិច្ច យើងពិនិត្យមើលអំពីម៉ាក្រូ គឺវាគ្រាន់តែថាវាប៉ះពាល់តិចតួចៗ ក៏ប៉ុន្តែយើងមើលឃើញថា វាអត់ប៉ះពាល់ធ្ងនធ្ងរទេ ។ ចំណុចទី២ទៀត ខ្ញុំចាប់អារម្មណ៍ទៅលើវិនិយោគ ដែលរយៈពេលជាង ១ឆ្នាំនេះ គឺមានវិនិយោគពីក្រៅស្រុក មកចាប់អារម្មណ៍ច្រើន ក្នុងការសិក្សាដើម្បីដាក់ទុនវិនិយោគ ពីព្រោះគេមើលឃើញអំពីសក្ដានុពលវិនិយោគនៅកម្ពុជា ។ អ៊ីចឹងបើសិនជាកម្ពុជា វាអាក្រក់ដូចរបាយការណ៍អង្គការអន្តរជាតិ ឬក៏ក្រុមប្រឆាំងគេនិយាយ អ្នកវិនិយោគទុន គេមិនចាប់អារម្មណ៍ទេ ហើយប្រទេសមួយដែលមានការចាប់អារម្មណ៍ខ្ពស់ គឺកើតចេញពីវិនិយោគហ្នឹងឯង ។ យើងហាក់សម្លឹងមើលគេបោះទុនមករាប់រយលាន រាប់ពាន់លាន អ៊ីចឹងគេត្រូវមានទំនុកចិត្ត គេសិក្សាស្អីអស់ហើយ បានជាគេដាក់ទុនវិនិយោគ យើងមើលតែប៉ុណ្ណឹងទៅ“ ។

លោកជុំ កុសល បានមានប្រសាសន៍បន្តទៀតថា “ជារួម ក្នុងការទប់ស្កាត់ការញុះញង់របស់ក្រុមប្រឆាំង សម្រាប់ខ្ញុំ ជាទស្សនៈបុគ្គលខ្ញុំទេ ខ្ញុំគួរតែសំណូមពរឲ្យសភាជាតិហ្នឹង គឺថា គួរតែបញ្ចេញច្បាប់ឲ្យបានឆាប់ៗបំផុត ដើម្បីដាក់ពួកនេះឲ្យនៅក្រៅច្បាប់ ហើយដាក់ជាក្រុមឧទ្ទាមតែម្ដងទៅ ពីព្រោះរាល់ថ្ងៃ មួយថ្ងៃៗ វាមានតែការជាន់ឈ្លី បំផ្លិចបំផ្លាញកិត្តិយសប្រទេសជាតិ តាមរយៈការលើកឡើងនូវគំនិតបញ្ឆេះកំហឹង ញុះញង់អី ដូចដែលយើងឃើញស្រាប់អ៊ីចឹង ។ អ៊ីចឹងខ្ញុំរំពឹងថា កិច្ចការងារ អ្វីដែលខ្ញុំលើកឡើង វានឹងកើតមានឆាប់ៗហើយ ពីព្រោះកន្លងមក ថ្នាក់ដឹកនាំរបស់យើង ដូចជា សម្ដេចតេជោ ក៏លោកធ្លាប់បានលើកឡើងពីបញ្ហាហ្នឹងដែរ ហើយខ្ញុំជឿជាក់ថា ការសិក្សានេះ នឹងចេញជាលទ្ធផលឆាប់ៗ ពីព្រោះយើងមើលឃើញជាក់ស្ដែងថា ក្រុមនេះ អត់មានអីក្រៅតែពីញុះញង់ដើម្បីបំផ្លាញសន្តិភាពនៅកម្ពុជាទេ“ ។

សូមបញ្ជាក់ថា ប្រតិកម្មរបស់លោកជុំ កុសល មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ខាងលើនេះ បានធ្វើឡើងក្រោយពីលោកសម រង្ស៊ី បានចោទសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថាបានប្រែក្លាយប្រទេសកម្ពុជា ទៅជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មពិភពលោក ។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈក្រុមប្រឹក្សាជាតិតស៊ូ លោកសម រង្ស៊ី បានចេញសេចក្ដីថ្លែងការណ៍ អំពាវនាវឲ្យពលរដ្ឋខ្មែរ ត្រៀមខ្លួនផ្ដួលរំលំរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដោយលោកសម រង្ស៊ី បានលើកឡើងថា មិនអាចបន្តបណ្ដោយឲ្យក្រុមមនុស្សនៃគណបក្សប្រជាជនកម្ពុជា ពីគ្រួសារសម្ដេចហ៊ុន សែន បន្តកាន់អំណាចយូរទៀតឡើយ។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ថា «ហ៊ុន ម៉ាណែត ប្រែក្លាយប្រទេសកម្ពុជា ទៅជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មពិភពលោក។ ពួកឧក្រិដ្ឋជន ផ្ទេរប្រាក់ (លាងលុយ) រាប់ពាន់លានដុល្លារ រៀងរាល់ខែ“ ។

លោកសម រង្ស៊ី បានសរសេរបន្ថែមនៅក្នុងខម្មិនថា “រដ្ឋាភិបាលហ៊ុន ម៉ាណែត ប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មពិភពលោក។ ឧក្រិដ្ឋជនល្បីឈ្មោះ នៅលើពិភពលោក ក្រុមម៉ាហ្វីយ៉ា អង្គការឧក្រិដ្ឋកម្មអ៊ីនធឺរណេត ប្រមូលផ្តុំគ្នានៅក្នុងប្រទេសកម្ពុជា និងប្រព្រឹត្តឧក្រិដ្ឋកម្មដោយសេរី។ ពួកឧក្រិដ្ឋជនទាំងនេះ ផ្ទេរប្រាក់ (លាងលុយ) នៅកម្ពុជា រ៉ាប់ពាន់លានដុល្លារ ជារៀងរាល់ខែ ដោយមានពួកត្រកូលហ៊ុន នៅពីក្រោយ។ នៅក្នុងប្រទេសកម្ពុជា គេបង្កើតនិងប្រើប្រាស់កាស៊ីណូ ឬអាជីវកម្មអចលនទ្រព្យ ឬក្រុមហ៊ុនអ្វីមួយ ដើម្បីលាងលុយ។ ក្រុមពួកឧក្រិដ្ឋជនទាំងនោះ រកលុយបានមកដោយមុខរបរខុសច្បាប់ ដូចជាចាប់ជំរិត ឧក្រិដ្ឋកម្មអ៊ីនធឺរណេត បោកប្រាស់និងឆបោក ពួកគេទិញអគារសាងសង់ ឬវិនិយោគក្នុងគម្រោងធំៗ ឬបរិច្ចាគដោយផ្ទាល់ទៅគ្រួសារហ៊ុន សែន ដើម្បីបង្កើនភាពស្របច្បាប់នៃប្រាក់ រួចហើយពួកគេគិតគូរស៊ីសងគ្នាតាមក្រោយវិញ“ ។

លោក សម រង្ស៊ី បានសរសេរបន្ថែម នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៥ ថា “ វិទ្យុ ABC នៅប្រទេសអូស្ត្រាលី បានលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មដែលពាក់ព័ន្ធដោយរដ្ឋាភិបាលកម្ពុជា និងសមាជិកគ្រួសារហ៊ុន សែន ដែលជាក្រុមឧក្រិដ្ឋជនប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺរណិត ចាប់ជំរិត លាងលុយកខ្វក់ និងកាស៊ីណូក្នុងប្រទេសកម្ពុជា។ ឯកសារភ្ជាប់ជាមួយការសិក្សាស្រាវជ្រាវ មាន ៧៣ទំព័រ ត្រូវបានគេចេញផ្សាយជាសាធារណៈ បង្ហាញព័ត៌មានលម្អិតទាំងអស់ ដែលទាក់ទងនឹងសមាជិកគ្រួសារហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ដែលការពារបណ្តាញឧក្រិដ្ឋជនទាំងនោះ ជួយពួកឧក្រិដ្ឋជនចិន ប្រតិបត្តិការនៅតាមខេត្តជាច្រើន ក្នុងប្រទេសកម្ពុជា។ នេះគឺជាប្រព័ន្ធដឹកនាំរដ្ឋ ដ៏សែនស្មោកគ្រោកបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា…” ។

ជាមួយគ្នានោះដែរ តាមរយៈទំព័រហ្វេសប៊ុកដដែល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោកសម រង្ស៊ី បានបង្ហោះសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិតស៊ូ ភ្ជាប់ជាមួយសំណេរបញ្ជាក់ថា “សេចក្តីថ្លែងការណ៍ក្រុមប្រឹក្សាជាតិតស៊ូ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ត្រៀមខ្លួនក្នុងការផ្លាស់ប្តូរក្រុមគ្រួសារត្រកូលហ៊ុន“ ។

សេចក្ដីថ្លែងការណ៍ របស់ក្រុមប្រឹក្សាជាតិតស៊ូ (CNRC) ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា “ក្រុមប្រឹក្សាជាតិតស៊ូ CNRC សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ត្រៀមខ្លួន ដើម្បីដណ្ដើមយកប្រទេសកម្ពុជា ពីរដ្ឋាភិបាលគ្រូសារហ៊ុន និងគណបក្សប្រជាជនកម្ពុជា ។ យើងមិនអាចបន្តបណ្ដោយឲ្យក្រុមមនុស្សនៃគណបក្សប្រជាជនកម្ពុជា ពីគ្រួសារលោក ហ៊ុន សែន បន្តកាន់អំណាចយូរទៀតឡើយ ពីព្រោះពួកគេគឺជាមេខ្លោងឧក្រិដ្ឋជនម៉ាហ្វីយ៉ាឆ្លងដែន ។

របាយការណ៍ស្រាវជ្រាវ ជាង ៧០ទំព័រ របស់វិទ្យាស្ថាន Humanity Research Consultancy (HRC) ចេញផ្សាយថ្ងៃទី១៩ ខែឧសភា នេះ បង្ហាញថា ប្រទេសកម្ពុជា នៅក្រោមអំណាចរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា នៃគ្រួសារហ៊ុន គឺជាទីតាំងស្នូលនៃការប្រព្រឹត្តិឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មអនឡាញ ។ របាយការណ៍នេះ ចង្អុលបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដើរតួនាទីជាអ្នកការពារពួកអ្នកមានអំណាច ឲ្យគប់គិតជាមួយបណ្តាញឧក្រិដ្ឋកម្មបរទេស ដើម្បីប្រមូលប្រាក់យកទៅចិញ្ចឹមគណបក្សកាន់អំណាច ដោយពួកគេអាចរកចំណូលបានពីឧក្រិដ្ឋកម្មអនឡាញ ប្រមាណពី ១២,៥ពាន់លាន ទៅ ១៩ពាន់លានដុល្លារ នៅក្នុង ១ឆ្នាំ ។

វិទ្យាស្ថាន Humanity Research Consultancy (HRC) រកឃើញថា មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងឧកញ៉ាគ្រាក់ៗ ចំនួន ២៨នាក់ ក្នុងនោះក៏មានឈ្មោះឧកញ៉ាជំនិតរបស់គ្រួសារហ៊ុន លោក លី យ៉ុងផាត់ និងលោក ទ្រី ភាព ដែរ គឺជាមេបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជា ហើយមានអ្នកបម្រើការងារក្នុងឧក្រិដ្ឋកម្មអនឡាញនេះ រហូតដល់ជាង ១៥ម៉ឺននាក់ ។ មុខរបរសំខាន់ៗរបស់ពួកគេ ដែលកាងការពារដោយគណបក្សប្រជាជនកម្ពុជា នៃលោក ហ៊ុន សែន រួមមានការលាងលុយកខ្វក់ ការបោកប្រាស់តាមអនឡាញ ល្បែងអនឡាញ និងការជួញដួរមនុស្សឆ្លងដែន ជាដើម ។

ក្រុមប្រឹក្សាជាតិតស៊ូ CNRC ជឿជាក់របាយការណ៍ស៊ើបអង្កេតស៊ីជម្រៅនេះ របស់វិទ្យាស្ថាន Humanity Research Consultancy (HRC) ។ យោងតាមរបាយការណ៍ គឺគណបក្សប្រជាជនកម្ពុជា តែម្ដង ជាមេខ្លោងធំនៃជំនួញឧក្រិដ្ឋកម្មឆ្លងដែន ដូច្នេះជាភ័ស្ដុតាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា នៃគ្រួសារហ៊ុន គឺជាស្ថាប័នជំនួញឧក្រិដ្ឋកម្មឆ្លងដែន ជាគណបក្សលាងលុយកខ្វក់ គណបក្សបោកប្រាស់តាមអនឡាញ គណបក្សល្បែងអនឡាញ និងជាគណបក្សជួញដួរមនុស្សឆ្លងដែន ។

ពេលនេះ ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរយើង ស្ថិតក្នុងស្ថានភាពប្រកាសអាសន្នហើយ ពីព្រោះគណបក្សកាន់អំណាច និងរដ្ឋាភិបាលដឹកនាំប្រទេស ជាមេជំនួញឧក្រិដ្ឋកម្មអន្តរជាតិ និងជាមេម៉ាហ្វីយ៉ាស្នូលនៃការរីកសាយឧក្រិដ្ឋកម្មឆ្លងចូលតំបន់និងជាអន្តរជាតិទៅហើយ ។ គឺជាក់ស្ដែងណាស់ថា កាលណាគណបក្សប្រជាជនកម្ពុជា នៃគ្រួសារហ៊ុន នៅបន្តអំណាច នោះប្រទេសកម្ពុជា ក្លាយជាមជ្ឈមណ្ឌលជំនួញឧក្រិដ្ឋឆ្លងដែនដ៏ស្អុយអសោច នៅក្នុងពិភពលោក ហើយប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស គឺជាអតិថិជនរងគ្រោះនៃជំនួញឧក្រិដ្ឋរបស់គ្រួសារហ៊ុន ។

ក្នុងស្ថានភាពនេះ ប្រជាពលរដ្ឋខ្មែរ រងគ្រោះកាន់តែធ្ងន់ធ្ងរ ពីជំនួញបោកប្រាស់ និង ឧក្រិដ្ឋកម្មរបស់គ្រួសារហ៊ុន ផង ហើយដោយសារតែឧក្រិដ្ឋឆ្លងដែនរបស់គ្រួសារហ៊ុន នេះ ប្រជាពលរដ្ឋខ្មែរ ក៏នឹងរងគ្រោះបន្ថែមទៀត ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម ពីសហគមន៍អន្តរជាតិសេរីប្រជាធិបតេយ្យផង ។ សេដ្ឋកិច្ចកម្ពុជា នឹងរអិលដល់ដំណាក់កាលដួលរលំឆាប់ៗ ពីព្រោះពុំមានអ្នកវិនិយោគត្រឹមត្រូវ ពីប្រទេសប្រជាធិបតេយ្យសេរីណា ទៅធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសដែលមានមេដឹកនាំម៉ាហ្វីយ៉ាឧក្រិដ្ឋកម្មឆ្លងដែន ដូចត្រកូលហ៊ុន នៅកម្ពុជាឡើយ ។

សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ចូលរួមជាមួយក្រុមប្រឹក្សាជាតិតស៊ូ CNRC រៀបចំខ្លួន ដើម្បីធ្វើការផ្លាស់ប្ដូររដ្ឋាភិបាលឧក្រិដ្ឋកម្មឆ្លងដែន នៃគ្រួសារហ៊ុន ចេញពីអំណាចដាច់ខាត ។ ប្រទេសកម្ពុជា គឺជារបស់ប្រជាពលរដ្ឋខ្មែរទូទៅ ដូច្នេះត្រូវតែមានរដ្ឋាភិបាលស្អាតស្អំ បម្រើប្រជាពលរដ្ឋខ្មែរ និងការពារជាតិកម្ពុជា ដោយសេចក្ដីស្មោះត្រង់“ ៕ កុលបុត្រ

RELATED ARTICLES