Saturday, May 24, 2025
Homeតារាខ្មែរនៅ សុ​និតា វិលរកអាជីពចាស់

នៅ សុ​និតា វិលរកអាជីពចាស់

ភ្នំពេញ៖នៅ សុនិតា បានផ្អាកថតសម្ដែងភាពយន្ដជាច្រើនឆ្នាំមកហើយ ពោលគឺតាំងពីនាង​ភ្ជាប់​​ស្នេហាជាមួយលោកទឹត ថាវរិទ្ធ កាលពីឆ្នាំ២០១៨ ម្លេះ ប៉ុន្ដែពេលនេះតារាកូន១​ និងមាន​ងារជាជំទាវ ស្រាប់តែវិលមករកអាជីពចាស់គួរឲ្យភ្ញាក់ផ្អើល ខណៈដែលថៅកែផលិតកម្ម មិន​ហ៊ានទម្លាក់ឲ្យនាងលេងតួរាយរងទេ គឺនៅតែផ្ដល់តំ ណែង ជាតួឯក ។ប្រភពបានឲ្យ​ដឹងថា​សុនិតា ឆក់បានតំណែងជាតួឯកក្នុងរឿង«អំពើ អ្នកជិតខាង »របស់អិលឌី  ដោយចាប់​ដៃជា​មួយ​លោកលឹម ជាឡាយ ។ប៉ុន្ដែគេនៅមិនទាន់ដឹងថាសុនិតា ដែលគេហៅថា«ជំទាវៗ» នោះ​ស៊ី​ថ្លៃ​ប៉ុន្មានក្នុងភាពយន្ដដែលគ្រោងដាក់បញ្ចាំងនៅចុងខែឧសភា នេះឡើយ តែអ្នកខ្លះលាន់​មាត់​​ថាតារាកូន១រូបនេះឡើងឋានៈជាជំទាវទៅហើយនៅឡើយ ស្រវ៉ាលុយល្អិត​ពីសិល្បៈ​ទៀត ។

 គួររំលឹកថានៅ សុនិតា អាយុ៣៤ឆ្នាំ ក្ដាប់តំណែងសំខាន់ដល់ទៅ២នៅសមាគម​សិល្ប​ករខ្មែរ អាណត្តិទី៦ គឺទី១៖នាងជាប្រធានផ្នែកពិធីការរបស់សមាគមសិល្បករខ្មែរ និងទី២៖ជា​អនុប្រ​ធានសមាគមសិល្បករខ្មែរ និងជាតំណាងរបស់លោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន ប្រ​ធានសមាគមសិល្បករខ្មែរ ផងដែរ។តួនាទីទាំងពីររបស់សុនិតា នេះគឺហាក់ស៊ីសង្វាក់គ្នា​ទៅ​និងតំណែងរបស់ស្វាមីនាងជារដ្ឋលេខាធិការក្រសួងវប្បធ័ម និងវិចិត្រសិល្បៈ ពោលគឺទាំង​នាង​និងប្ដីជាអ្នកធ្វើការផ្នែកទាក់ទងសិល្បៈដូចគ្នា ដែលធ្វើឲ្យតារាមិនតិចទេ​នៅសមាគម​សិ​ល្បករខ្មែរ អាណត្តិទី៦ នេះគោរពនាង  ។ប៉ុន្ដែសុនិតា នៅមិនទាន់បញ្ចេញសា្នដៃណា​មួយ​គួរ​ឲ្យកត់សម្គាល់ខ្លាំងនៅឡើយ បើទោះជាពេលនេះចំណងស្នេហានាងជាមួយ​ស្វាមីបានរក្សារ​នូវផ្អែមល្ហែមសារជាថ្មី ក្រោយមានភាពរកាំរកូសខ្លាំងកាលពីឆ្នាំ២០២២ ក្ដី ។

 ក្រៅពីនៅ សុនិតា តារាដែលត្រូវគេហៅថា«ជំទាវ » ប៉ុន្ដែនៅបន្ដអាជីពសិល្បៈ​មាន​ដូច​ជាអ្នក​នាង​​ចន ច័ន្ទលក្ខិណា,ឱក សុគន្ធកញ្ញា  ,ស៊ឹម សូលិកា និងហ៊ិន ច័ន្ទនីរ័ត្ន ជាដើម ។​ចំពោះសុនិតា វិញពេលនេះក្រោយក្លាយទៅជាប្រពន្ធលោកទិត ថាវរិទ្ធ រយៈពេលជាង៧ឆ្នាំ មក​​នេះ នាងត្រូវបានគេចាត់ទុកថាជាតារាមានទ្រព្យ ស្ដុកម្នាក់ រស់នៅផ្ទះវីឡាធំស្កឹមស្កៃ ជិះរថ​យន្ដថ្លៃៗ និង​មាន​​ដីធ្លីតម្លៃរាប់សិបលានដុល្លារ នៅខេត្តព្រះសីហនុ ។ប៉ុន្ដែរឿងដែលសុនិតា មិនទាន់មាន​ដូចនារីសាមញ្ញដ៍ទៃទៀតនោះគឺនាងនៅតែគ្មាន​ស្រមោលរៀបការជាមួយស្វាមី​ពោះម៉ាយ បើទោះជាធ្លាប់មានដំណឹងថាពួកគេបានភ្ជាប់ពាក្យជាមួយគ្នាតាំងពីខែកញ្ញា ឆ្នាំ​២០១៨ ក៍​ដោយ​​​ ។ប្រភពខ្លះថាក្រុមគ្រួសារលោកថាវរិទ្ធ ក៍ពេញចិត្តសុនិតា ដែរ ក្រោយពីនាង​បង្កើត​បាន​កូនប្រុសបាន១ ប៉ុន្ដែរឿងតម្រុយរៀបការបែជានៅតែជាប់គាំងស្ញេញទៅវិញ ។

 ទោះជានៅ សុនិតា មិនច្បាស់ថ្ងៃគ្រងឈុតកូនក្រមុំមែន ប៉ុន្ដែនៅថ្ងៃខួបគម្រប់​អាយុ​៣៣ និង៣៤ឆ្នាំ សុនិតា  ឆ្នាំ២០២៤ និង២០២៥ នាងត្រូវបានមិត្តភក្ដិជូនពរឲ្យនាងបានកូន​ភ្លោះ ​នាង​កាន់​តែរីក​រាយ​នៅពេលដែលឭពាក្យទាំងនេះ ។តែ២ឆ្នាំចុងក្រោយនេះសុនិតា នៅតែមិនទាន់​ព​ពោះ​​កូនភ្លោះតាមបំណងឡើយ គឺដូចគ្នាទៅនិងអ្នក នាងគង់ សុជាតិ និងលី ម៉ារីណា ដែរ ដែល​​ចង់បានកូនម្ដងពីរ តែលទ្ធផលនៅតែសូន្យ ។

សូមបញ្ជាក់ថានៅ សុនិតា ធ្លាប់លេចធ្លោក្នុងអាជីពសម្ដែងមុនពេលដែលនាង​ភ្ជាប់​ស្នេហ៍​​ជាមួយលោកទឹត ថាវរិទ្ធ ហើយក្រោយឡើងជាជំទាវនាងបានផ្អាកទទួល​ថតរឿងជា​ច្រើន​ឆ្នាំមកហើយ ដោយពេលខ្លះទៅធ្វើជាដូនជី សមាធិ ជាច្រើនថ្ងៃទើបវិលវិញ។សូនិតា ធ្លាប់និយាយថានាងសោកស្ដាយចំពោះការខកខានថតភាពយន្ដភាគឲ្យហង្សមាសជាច្រើនរឿង ។ប៉ុន្ដែពេលនេះស្ងាត់ៗនាងបែជាវិលមករកស្ដារមុខមាត់ឡើងវិញ​តាមរយៈ​ការ​ព្រមលេងឲ្យ​ផលិតកម្មអិលឌី ទៅវិញ ។ការត្រឡប់មករកអាជីពចាស់របស់សុនិតា នាពេលនេះក៍ជា​សញ្ញា​មួយបញ្ជាក់ថាស្វាមីនាងលោកទឹត ថាវរិទ្ធ មិនបានហួងហែង ឬប្រចណ្ឌភរិយាក្នុង​ការ​ថត​ស្និត​ស្នាលជាមួយតារាប្រុសៗជាថ្មីនោះទេ បើទោះជាពេលនេះប្រពន្ធ​លោក​ក្លាយ​ទៅជាជំទាវក៍​ដោយ ។តែរឿងមហាជនគាំទ្រទៅលើសុនិតា កម្រិតណានោះនៅតែ​មានភាព​ស្រពិច​ស្រពិល​នៅឡើយ ព្រោះក្រោយមានប្ដីនិងកូន១ អតីតពិធិការិនីប៉ុស្ដិ៍លេខ៥  រូបនេះក៍មាន​សម្រស់​ប្រែប្រួលដែរ ៕

RELATED ARTICLES